ប្រទេសស្ដេចប្រេងអារ៉ាប៊ីសាអូឌីត ត្រូវបានអញ្ជើញឱ្យចូលរួមជាមួយប្លុកប្រទេស BRICS ដែលមានសមាជិកស្ថាបនិកសំខាន់ៗចំនួន៥ រួមមាន ប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និងអាហ្រ្វិកខាងត្បូង បូករួមសមាជិកជាច្រើនទៀត រួមមាន ប្រទេសអេហ្ស៊ីប អេត្យូពី អ៊ីរ៉ង់ ផងដែរនៅក្នុងឆ្នាំ២០២៣ ប៉ុន្តែរហូតមកទល់ពេលនេះប្រទេសនេះមិនទាន់បានសម្រេចចិត្តទទួលយកការអញ្ជើញនេះជាផ្លូវការនៅឡើយទេ។
ប្រទេសអារ៉ាប៊ីសាអូឌីត ហាក់មានការស្ទាក់ស្ទើរក្នុងការចូលរួមជាមួយប្លុកប្រទេស BRICS ខណៈដែលខ្លួនឆ្លៀតចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយសហរដ្ឋអាម៉េរិក ពីព្រោះប្រទេសនេះត្រូវការការជួយគាំទ្រពីសហរដ្ឋអាម៉េរិក និងលោកខាងលិច ដើម្បីសម្រេចគោលដៅទស្សនវិស័យសេដ្ឋកិច្ចឆ្នាំ២០៣០ របស់ខ្លួន ហើយការកាត់ផ្តាច់ទំនាក់ទំនងជាមួយសហរដ្ឋអាម៉េរិក អាចប៉ះពាល់ធ្ងន់ធ្ងរមកលើសេដ្ឋកិច្ចរបស់ខ្លួន។
ព្រះអង្គម្ចាស់រាជទាយាទ មហាម៉េត ប៊ីន សាល់ម៉ាន់ (Mohammed bin Salman) បានប្រាប់លោក ដូណាល់ ត្រាំ ថា ការវិនិយោគយោគក្នុងទំហំទឹកប្រាក់រហូតដល់ទៅ៦០០ពាន់លានដុល្លារអាម៉េរិកក្នុងរយៈពេល៤ឆ្នាំនេះ មានគោលដៅជំរុញវិបុលភាព ឬភាពរីកចម្រើននៃសេដ្ឋកិច្ចសម្រាប់ប្រទេសទាំងពីរ។
ទោះជាយ៉ាងណា មិនទាន់មានព័ត៌មានលម្អិតថា តើទំហំវិនិយោគវិនិយោគ៦០០ពាន់លានដុល្លារអាម៉េរិកនេះនឹងវិនិយោគក្នុងវិស័យអ្វីខ្លះនៅឡើយទេ។ ទាក់ទិននឹងបញ្ហានេះ ប្លុកប្រទេស BRICS កំពុងតាមដានយ៉ាងយកចិត្តទុកដាក់ ព្រោះខ្លួនចង់ឱ្យប្រទេសអារ៉ាប៊ីសាអូឌីតចូលរួមជាមួយខ្លួនដើម្បីប្រជែងនឹងលោកខាងលិច ជាពិសេសសហរដ្ឋអាម៉េរិកតែម្ដង។
ចំណែកឯប្រធានាធិបតីទី៤៧ របស់សហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ បានចាត់ទុកកិច្ចព្រមព្រៀងវិនិយោគក្នុងទំហំមហាសាលនេះថា ជាជ័យជម្នះដ៏ធំមួយផ្នែកពាណិជ្ជកម្មសម្រាប់សហរដ្ឋអាម៉េរិក៕
ដោយ: តែម សុខុម