ប្រទេសសិង្ហបុរីនឹងបង្កើនធនធាន និងអ្នកបច្ចេកទេសគ្រប់គ្រងបច្ចេកវិទ្យា AI ឱ្យបានបីដង ពោលគឺប្រមាណជា១ម៉ឺន៥ពាន់នាក់ នៅក្នុងពេលឆាប់ៗខាងមុខនេះ ដើម្បីបំពេញបន្ថែមលើអ្នកបច្ចេកទេស បរទេស។ ទាក់ទងនឹងផែនការនេះ លោក ឡូរ៉ែន វង្ស ឧបនាយករដ្ឋមន្រ្តីសិង្ហបុរី បានប្រកាសដាក់ចេញនូវយុទ្ធសាស្រ្តបច្ចុប្បន្នភាពលើការគ្រប់គ្រង AI កាលពេលថ្មីៗ។
នៅក្នុងផែនការយុទ្ធសាស្រ្តដែលបានប្រកាសកាលពីថ្ងៃទី៤ ខែធ្នូ លោក ឡូរ៉ែន វង្ស បាននិយាយថា ប្រទេសសិង្ហបុរី គ្រោងនឹងបង្កើនចំនួនអ្នកជំនាញខាងបញ្ញាសិប្បនិមិត្តឲ្យបានចំនួនបីដងនៃចំនួនអ្នកបច្ចេកទេសដែលសិង្ហបុរីកំពុងមាន។ លោកបានបន្តថា អ្នកជំនាញគ្រប់គ្រង AI ឫបញ្ញាសិប្បនិម្មិតនេះ នឹងរួមមានទាំងអ្នកវិទ្យាសាស្ត្រ និងវិស្វករម៉ាស៊ីន។
នៅពេលនេះគេដឹងថា សិង្ហបុរីជាប្រជាជាតិអាស៊ីអាគ្នេយ៍មួយ ដែលមានពលរដ្ឋត្រឹមចំនួន ៥លាន៤៥ម៉ឺននាក់ ប៉ុន្តែប្រទេសកោះដ៏តូចមួយនេះ គឺជាមជ្ឈមណ្ឌលសេដ្ឋកិច្ចមួយរបស់អាស៊ី និងជាមូលដ្ឋាននៃក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ពិភពលោកដូចជា Google ក្រុមហ៊ុន Alphabet និង Microsoft ជាដើម។
រដ្ឋាភិបាលសិង្ហបុរី បានអះអាងថា ខ្លួននឹងធ្វើការដើម្បីបង្កើនធនធានមនុស្សដែលមានប្រសិទ្ធភាពខ្ពស់ ដើម្បីធានា និងជំរុញតួនាទីរបស់ខ្លួននៅក្នុងតំបន់លើផ្នែកបច្ចេកវិទ្យា។ តាមរបាយការណ៍បានឲ្យដឹងថា ពាក់ព័ន្ធនឹង AI នេះ សិង្ហបុរីកំពុងក្លាយជាប្រទេសមួយ ដែលមានសក្តានុពេលនៅលើពិភពលោក។
ក្រុមហ៊ុន Nvidia ដែលជាក្រុមហ៊ុនគ្រប់គ្រងបញ្ញាសិប្បនិម្មិតមួយបានប្រកាសថា រហូតដល់ខែតុលា ឆ្នាំ២០២៣ នេះ ខ្លួនអាចទទួលប្រាក់ចំណូលប្រមាណជាជិត៣ពាន់លានដុល្លារ ពីទីផ្សារចេញពីសិង្ហបុរី តាមពីក្រោយសហរដ្ឋអាម៉េរិក ចិន និងតៃវ៉ាន់។
ដោយសារតែចំណុចនេះហើយទើបសិង្ហបុរី បានប្រកាសដាក់ចេញនូវយុទ្ធសាស្ត្រ AI របស់ខ្លួនដើម្បីបង្ហាញពីការបង្កើនការលើកទឹកចិត្តរបស់រដ្ឋាភិបាលសម្រាប់វិស័យនេះ រួមទាំងការគាំទ្រកម្មវិធីបង្កើនល្បឿនសម្រាប់ការចាប់ផ្តើមអាជីវកម្ម AI និងការលើកទឹកចិត្តក្រុមហ៊ុនឱ្យបង្កើត "មជ្ឈមណ្ឌលឧត្តមភាព" របស់ AI៕
ដោយៈ សរ សុជាតិ