ជាក់ស្តែងគ្រាន់តែការហោះហើររវាងកម្ពុជា ជាមួយចិន មានជើងហោះហើររហូតដល់ជាង៥ពាន់៤រយជើង មានការកើនឡើងរហូតដល់៦០% នៅក្នុងរយៈពេល១០ខែកន្លងមកនេះ ដោយជើងហោះហើរទាំងនេះបានពាំនាំអ្នកដំណើរជាង៧៣ម៉ឺននាក់ មានការកើនឡើងរហូតដល់៨៣%ឯណោះ។ ពាក់ព័ន្ធការដឹកជញ្ជូនតាមផ្លូវអាកាសនេះ កាលពីពេលថ្មីៗរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានចុះហត្ថលេខាលើពិធីសារទី៥ស្តីពី Own Stopover Right ដើម្បីលើកកម្ពស់សេរីភាវូបនីយកម្ម នៃសេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាសនៅក្នុងតំបន់អាស៊ាន។
ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានប្រាប់ខេមបូណូមីសថា នៅក្នុងឆ្នាំ២០២៤ នេះការហោះហើររវាងកម្ពុជា ជាមួយប្រទេសចិន មានការរីកចម្រើនគួរឱ្យកត់សម្គាល់ទាំងការដឹកជញ្ជូនអ្នកដំណើរ និងទំនិញ។ ជាក់ស្តែងនៅក្នុងរយៈពេល១០ខែកន្លងមកនេះ មានជើងហោះហើររហូតដល់៥ពាន់៤៨៦ជើង បានហោះហើរចេញចូលរវាងប្រទេសទាំងពីរមានការកើនឡើង៦០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣។ ជើងហោះហើរទាំងនេះ បានពាំនាំមកជាមួយនូវអ្នកដំណើររហូតដល់ជាង៧៣ម៉ឺននាក់ មានការកើនឡើង៨៣% និងទំនិញជាង៦ពាន់៣រយតោន មានការកើនឡើង៣៨% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ការកើនឡើងចំនួនជើងហោះហើរ និងអ្នកដំណើរតាមផ្លូវអាកាសរវាងកម្ពុជា និងចិននេះ ត្រូវបានឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា អះអាងថា គឺដោយសារការទំនាក់ទំនង និងការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរមានភាពល្អប្រសើរឡើងក្រោយវិបត្តិកូវីដ-១៩ គួបផ្សំការងើបឡើងវិញនៃវិស័យទេសចរណ៍ និងការសាបរលាបព័ត៌មានមិនសូវល្អពីកម្ពុជា។ ការខិតខំប្រឹងប្រែងពង្រឹងទំនាក់ទំនងនយោបាយការទូតថ្នាក់ដឹកនាំ និងក្រសួងស្ថាប័នពាក់ព័ន្ធក៏ជាផ្នែកមួយផងដែរ។
បើតាមការគូសបញ្ជាក់របស់មន្ត្រីជាន់ខ្ពស់រូបនេះ បច្ចុប្បន្នមានក្រុមហ៊ុនអាកាសចរណ៍ចំនួន៨ កំពុងហោះហើរដឹកអ្នកដំណើរ និងទំនិញចេញចូលរវាងកម្ពុជា និងចិន ក្នុងនោះពីរក្រុមហ៊ុនជាក្រុមហ៊ុនក្នុងស្រុក និងក្រៅពីនេះជាក្រុមហ៊ុនចិន ដោយក្រុមហ៊ុនទាំងនេះមានការហោះហើរជាប្រចាំជាង២៥០ជើងក្នុង១សប្តាហ៍។ ប្រទេសចិន មិនត្រឹមតែជាប្រភពភ្ញៀវទេសចរដ៏ធំសម្រាប់កម្ពុជានោះទេ តែក៏ជាដៃគូដោះដូរពាណិជ្ជកម្មដ៏ធំជាងគេរបស់កម្ពុជាផងដែរ។
ពាក់ព័ន្ធវិស័យអាកាសចរណ៍នេះដែរ នៅក្នុងអំឡុងពេលចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ានលើកទី៣០ និងកិច្ចប្រជុំរដ្ឋមន្ត្រីពាក់ព័ន្ធនៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី កាលពីពេលថ្មី ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានចុះហត្ថលេខាលើពិធីសារទី៥ ស្តីពីសិទ្ធិអូនស្តុបអូវី (Own Stopover Rights) រវាងចំណុចនានាក្នុងរង្វង់ដែនដីនៃរដ្ឋសមាជិកអាស៊ានណាមួយផ្សេងទៀត។ គោលបំណងនៃការចុះហត្ថលេខាលើពិធីសារនេះ គឺដើម្បីចូលរួមអនុវត្តគោលនយោបាយសេរីភាវូបនីយកម្មនៃសេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាសនៅក្នុងតំបន់អាស៊ាន និងចូលរួមចំណែកជួយគាំទ្រដល់វិស័យផ្សេងទៀតដូចជាពាណិជ្ជកម្ម សេដ្ឋកិច្ច និងទេសចរណ៍នៅក្នុងតំបន់អាស៊ាន។
បើយោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ នៅក្នុងរយៈពេល៩ខែដើមឆ្នាំ២០២៤ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិ ជាង៤លាន៨០ម៉ឺននាក់ មានការកើនឡើងប្រមាណ២២% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣។ ក្នុងនោះភ្ញៀវទេសចរចូលមកកម្ពុជាតាមផ្លូវអាកាសរបស់អាកាសយានដ្ឋានអន្តរជាតិ ទាំង៣របស់កម្ពុជា មានជាងមាន១លាន៧សែននាក់ តាមផ្លូវគោលជាង៣លាននាក់ និងផ្លូវទឹកជាង៥ម៉ឺន៧ពាន់នាក់៕