កូវីដ១៩-សេដ្ឋកិច្ច-អាស៊ី

សេដ្ឋកិច្ចតំបន់អាស៊ីអាគ្នេយ៍ កំពុងត្រូវបានបង្អាក់ដោយសារកូវីដ-១៩ផ្ទុះរាលដាលជាថ្មី


ផលប៉ះពាល់នៃរលកឆ្លងថ្មីនៃជំងឺកូវីដ-១៩ ដែលបានអូសបន្លាយពេលយូរមកហើយនោះ បានបន្ដបង្អាក់ដំណើរការងើបឡើងវិញនៃសេដ្ឋកិច្ចបណ្តាប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍ ជាពិសេសប្រទេសដែលមានសេដ្ឋកិច្ចធំៗមួយចំនួននៅក្នុងតំបន់រួមមាន ថៃ ឥណ្ឌូនេស៊ី ហ្វីលីពីន និង ម៉ាឡេស៊ីជាដើម សុទ្ធតែបានជួបប្រទះនឹងការស្រុតចុះសេដ្ឋកិច្ចគួរឲ្យកត់សម្គាល់នៅត្រីមាសទី១ឆ្នាំ២០២១នេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មានជប៉ុន Nikkei។
បុគ្គលិកសុខាភិបាលថៃ បាញ់ថ្នាំសម្លាប់មេរោគក្នុងសង្កាត់មួយកន្លែងនៃក្រុងបាងកក - Xinhua

តាម​ការ​ព្យាករ​ដោយ​ស្ថាប័ន​ផែនការ​សេដ្ឋកិច្ច​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​អាស៊ី​អាគ្នេយ៍​បាន​បង្ហាញ​ឲ្យ​ដឹង​ថា សេដ្ឋកិច្ច​ប្រទេស​នៅ​ក្នុង​តំបន់​អាស៊ី​គ្នេ​យ៍​ជា​ច្រើន​សុទ្ធតែ​មានការ​ធ្លាក់​ចុះ​ទាំងអស់ ជាក់ស្ដែង ប្រទេស​ហ្វី​លី​ពី​ន​ធ្លាក់​ចុះ -៤,២%  ឥណ្ឌូ​នេ​ស៊ី -០,៧%  ម៉ា​ឡេ​ស៊ី -០,៥% និង ប្រទេស​ថៃ​មាន -២,៦% ។ ប្រទេស​ទាំង​អស់នេះ សុទ្ធតែ​កំពុង​ជួប​ប្រទះ​ការ​ផ្ទុះ​ឡើង​នៃ​កូ​វី​ដ​១៩ យ៉ាងដំណំ ដែល​បាន​បង្ក​ការ​រំខាន​ដល់​សកម្មភាព​សេដ្ឋកិច្ច​ស្ទើរ​គ្រប់​វិស័យ​ទាំងអស់​។

ដោយឡែក មាន​តែ​ប្រទេស​សិង្ហ​បុរី និង វៀតណាម ប៉ុណ្ណោះ​ទេ ជា​ប្រទេស​ដែល​បាន​ស្គាល់​ពី​កំណើនសេដ្ឋកិច្ច​ក្នុង​ត្រីមាស​ទី​១​ឆ្នាំ ២០២១​នេះ​។ ក្នុង​នោះ​សិង្ហ​បុរី​មាន​កំណើន ០,២% រីឯ​វៀតណាម​មាន​កំណើន​ដល់​ទៅ ៤,៥% ឯណោះ​។ ប្រទេស​ទាំង​ពីរ​នេះ ទទួល​បាន​កំណើន​វិជ្ជមាន​ពី​ភាព​ធន់​ក្នុង​វិស័យ​ឧស្សាហកម្ម និង​ពាណិជ្ជកម្ម​របស់​ខ្លួន បូក​រួម​នឹង​ការ​គ្រប់គ្រង​កូ​វី​ដ​-១៩ បាន​ល្អ​ជាង​ប្រទេស​ផ្សេង​ៗ​ទៀត​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​។ ប៉ុន្ដែ​ដោយឡែក​របាយការណ៍​នេះ មិន​បាន​បង្ហាញ​ពី​កំណើនសេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​នោះ​ទេ​។

យើង​ក្រឡេក​ទៅ​មើល​ស្ថានភាព​ផល​ប៉ះពាល់​សេដ្ឋកិច្ច​នៅ​ប្រទេស​ថៃ​ឲ្យ​លម្អិត​ជាងគេ​បន្តិច បើ​តាម​ស្ថាប័ន​ផែនការ​សេដ្ឋកិច្ច​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​សេដ្ឋកិច្ចជាតិ​ថៃ បាន​ឲ្យ​ដឹង​ដែរ​ថា សេដ្ឋកិច្ច​ថៃ​ដែល​បាន​ធ្លាក់​ចុះ ២,៦% នៅ​៣​ខែ​ដំបូង​ឆ្នាំ​២០២១​នេះ គឺជា​ការ​ស្រុត​ចុះ ៤​ត្រីមាស​ជាប់​ៗ​គ្នា​ហើយ សម្រាប់​ប្រទេស​ក្បែរ​ខាង​កម្ពុ​ជាមួយ​នេះ​។

មុន​ពេល​មានការ​ស្រុត​ចុះ​នេះ សេដ្ឋកិច្ច​ថៃ​បាន​ស្គាល់​កំណើន​បន្តិច​ក្នុង​រង្វង់ ១,១% កាលពី​ត្រីមាស​ទី​៤ ឆ្នាំ​២០២០ គ្រា​ដែល​ពេល​នោះ ថៃ​មិន​ទាន់​មានការ​រាលដាល​ឆ្លង​កូ​វី​ដ​-១៩​ខ្លាំងក្លា​ដូច​បច្ចុប្បន្ន​នេះ​ទេ​។

សម្រាប់​ពេញ​មួយ​ឆ្នាំ​២០២១ ការិយាល័យ​ផែនការ​សេដ្ឋកិច្ច​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​សេដ្ឋកិច្ចជាតិ​ថៃ​បាន​ទម្លាក់​ការ​ព្យាករ​កំណើនសេដ្ឋកិច្ច​ថៃ​ពី​ចន្លោះ ២,៥% ទៅ ៣,៥% មក​នៅ​ត្រឹម​ចន្លោះ ១,៥% ដល់ ២,៥%​វិញ​។

គួរ​រំឭក​ថា ប្រទេស​ថៃ​ទទួល​រង​ផល​ប៉ះពាល់​ដោយសារ​រលក​ឆ្លង​កូ​វី​ដ​-១៩​រលក​ទី​២ និង​ទី​៣​បន្តបន្ទាប់​គ្នា នៅ​ក្នុង​ត្រីមាស​ទី​១ រលក​ឆ្លង​ទី​២ ផ្តើម​ផ្ទុះ​ឡើង​ពី​ពាក់កណ្តាល​ខែធ្នូ​ឆ្នាំ​២០២០ រហូត​ដល់​ដើមខែ​កុម្ភៈ​ឆ្នាំ​២០២១ ដែល​កាលនោះ វា​បាន​ប៉ះពាល់​ដល់​ដំណើរការ​ធ្វើ​អាជីវកម្ម​លក់​គ្រឿង​ស្រវឹង និង ភោជនីយដ្ឋាន​នៅ​តាម​តំបន់​ជា​ច្រើន ពិសេស​ក្នុង​ទីក្រុង​បាងកក​។

អាជីវកម្ម​ដូច​ជា ក្លឹ​ប​កម្សាន្ត ហាង​ខារ៉ាអូខេ និង ម៉ាស្សា​ជាដើម ត្រូវ​បាន​គេ​មើលឃើញ​ថា ជា​អាជីវកម្ម​ងាយ​រង​គ្រោះ ព្រោះ​តម្រូវ​ឱ្យ​បិទទ្វារ​អាជីវកម្ម​អំឡុង​ការ​រាលដាល​។

ចំណែកឯ រលក​ឆ្លង​ទី​៣​វិញ ដែល​កំពុង​តែ​បោកបក់​ក្នុង​ប្រទេស​ថៃ​ពេល​នេះ ចាប់ផ្តើម​ឡើង​តាំងពី​ខែមីនា ។ រលក​ឆ្លង​កូ​វី​ដ​១៩​លើក​ទី​៣ ក្នុង​ប្រទេស​ថៃ ហាក់​មាន​សភាព​ធ្ងន់ធ្ងរ​ជាង​រលក​ទី​២ ដោយសារ​តែ វា​បាន​ចម្លង​លឿន​រហ័ស​នៅ​ពាសពេញ​ក្រុង​បាងកក និង​ឈាន​ទៅ​រាលដាល​ដល់​បណ្តា​ខេត្ត​ផ្សេង​ៗ​ជា​ច្រើន​ទៀត​។ ខុស​ពីរ​លក​ឆ្លង​មុន​ៗ រលក​ឆ្លង​ទី​៣ ក្នុង​ប្រទេស​ថៃ​តម្រូវ​ឲ្យ​បិទទ្វារ​អាជីវកម្ម​តូច​ៗ​ជា​ច្រើន ជាក់ស្តែង​សូ​ម្បី​តែ​នៅ​តាម​បណ្តា​ខេត្ត មាន​ភោជនីយដ្ឋាន​តម្រូវ​ឲ្យ​លក់​អាហារ​សម្រាប់​តែ​វេច​ខ្ចប់​ប៉ុណ្ណោះ​។

ដោយឡែក​វិស័យ​ទេសចរណ៍ ដែល​ថៃ​ត្រៀម​ផែនការ​ស្តារ​ឡើង​វិញ​សម្រាប់​ឆ្នាំ​២០២១ ក៏​ត្រូវ​រលាយ ស្រប​ពេល​ដែល​ការ​ចំណាយ​ក្នុង​វិស័យ​ឯកជន និង ការ​ចំណាយ​របស់​ពលរដ្ឋ​បាន​ដាំ​ក្បាល​ចុះ​យ៉ាង​ខ្លាំង​។

សូម​បញ្ជាក់​ផង​ដែរ​ថា ប្រទេស​ថៃ​កាលពី​ថ្ងៃ​ច័ន្ទ​ម្សិលមិញ ត្រឹមតែ​រយៈពេល​២៤​ម៉ោង​ប៉ុណ្ណោះ​បាន​រក​ឃើញ​អ្នក​ឆ្លង​កូ​វី​ដ​១៩​ថ្មី ដល់​ទៅ​ជិត​១​ម៉ឺន​នាក់ ដែល​នេះ​ជា​ចំនួន​ឆ្លង​ច្រើន​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ប្រទេស​ថៃ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


គ្រឹះស្ថានអប់រំឯកជនកំពុងរងទុក្ខ​កាន់តែច្រើន ក្រោយស្ថានភាព​​កូវីដ-១៩រាតត្បាត​អូសបន្លាយយូរ

ព័ត៌មាន
នៅក្រោយពេលមានព្រឹត្តិការណ៍២០កុម្ភៈមក សាលារៀនឯកជនកាន់តែច្រើនជួបវិបត្តិកាន់តែខ្លាំងឡើង ដោយសារតែកូវីដ-១៩បានរីករាលដាលខ្លាំង និងអូសបន្លាយព…

តើគម្រោងសិក្សាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ឥណ្ឌា ត្រូវបានរាំងស្ទះដោយសារកូវីដ-១៩មែនទេ?

ព័ត៌មាន
មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មកម្ពុជាបានបញ្ជាក់ថា គម្រោងសិក្សាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និង ឥណ្ឌា ដែលនឹងត្រូវបន្ដដំណើរការទៅតា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ