យោងតាមការស្រាវជ្រាវរបស់សារព័ត៌មាន Nikkei Asia លើផែនការពង្រីកព្រលានយន្តហោះនៅជិតទីក្រុងបានបង្ហាញឱ្យឃើញថា ប្រទេសក្នុងតំបន់អាស៊ាន ចំនួន៧រួមមាន ប្រទេសថៃ វៀតណាម ហ្វីលីពីន ម៉ាឡេស៊ី ឥណ្ឌូនេស៊ី សិង្ហបុរី និងកម្ពុជា នឹងបង្កើនសមត្ថភាពដឹកជញ្ជូនអ្នកដំណើរសរុបប្រចាំឆ្នាំយ៉ាងហោចណាស់ដល់៦៥៣លាននាក់ ក្នុងឆ្នាំ២០៣០ កើនឡើងទ្វេដងពី៣៣៦លាននាក់ គិតត្រឹមខែមករាឆ្នាំ២០២៣។
នៅប្រទេសថៃ ចំណតយន្តហោះដ៏ទំនើបមួយបានបើកដំណើរការនៅអាកាសយានដ្ឋានអន្តរជាតិសុវណ្ណភូមិ ក្បែរទីក្រុងបាងកក កាលពីខែកញ្ញា។ ចំណតនេះអាចផ្ទុកយន្តហោះបានដល់ទៅ២៨គ្រឿង និងអាចផ្ទុកអ្នកដំណើរបានរហូតដល់១៥លាននាក់ក្នុងមួយឆ្នាំ។ នៅពេលដែលដំណើរការពេញលេញ សមត្ថភាពដឹកជញ្ជូនរបស់អាកាសយានដ្ឋាននឹងកើនឡើងដល់ទៅ៦០លាននាក់ ជារៀងរាល់ឆ្នាំ ដើម្បីកាត់បន្ថយការកកស្ទះ។ អាកាសយានដ្ឋានសុវណ្ណភូមិនេះ ក៏នឹងបញ្ចប់ការសាងសង់ផ្លូវសម្រាប់យន្តហោះទី៣នៅឆ្នាំ២០២៤ដែរ។
ផ្លូវទី៣នេះមានគោលបំណងបន្ថែមការសាងសង់ចំណតយន្តហោះបំពាក់បច្ចេកវិទ្យាទំនើបទីពីរ និងផ្លូវរត់មួយខ្សែទៀត ដែលជាខ្សែទីបួននៅឆ្នាំ២០៣០ និងបង្កើនសមត្ថភាពដឹកជញ្ជូនអ្នកដំណើរប្រចាំឆ្នាំដល់១៥០លាននាក់ ក្នុងអាកាសយានដ្ឋានក្បែរក្រុងបាងកកនេះ។
រដ្ឋាភិបាលថៃ ក៏គ្រោងនឹងពង្រីកអាកាសយានដ្ឋានពីរទៀត គឺអាកាសយានដ្ឋានអន្តរជាតិ ដុនមឿងក្បែរទីក្រុងបាងកក និងអាកាសយានដ្ឋានអ៊ូតាប៉ាវ ដែលស្ថិតនៅភាគអាគ្នេយ៍នៃរាជធានីប្រទេសនេះ។
សមត្ថភាពដឹកជញ្ជូនសរុបនៃអាកាសយានដ្ឋានទាំងបីនៅក្នុងតំបន់ទីក្រុងបាងកកនេះ នឹងកើនឡើងដល់២០០ លាននាក់នៅឆ្នាំ២០៣០។ មែនទែនទៅ នេះមិនមែនជារឿងចៃដន្យឡើយ ការប្រញាប់ប្រញាល់សាងសង់ព្រលានយន្តហោះទាំងនេះ ត្រូវបានជំរុញពីកត្តាតម្រូវការក្នុងស្រុក ស្របពេលដែលប្រទេសទាំងនេះកំពុងក្លាយខ្លួនជាប្រទេសចំណូលកណ្តាល។
ក្រៅពីប្រទេសថៃ វៀតណាមវិញក៏នឹងវិនិយោគជិត៤ពាន់លានដុល្លារ លើកកម្រិតសមត្ថភាពអាកាសយានដ្ឋានអន្តរជាតិ Noi Bai របស់ទីក្រុងហាណូយដល់៦០លាននាក់ នៅឆ្នាំ២០៣០ដែរ។
ខណៈកម្ពុជានឹងបើកដំណើរការព្រលានយន្តហោះអន្តរជាតិថ្មីមួយនៅជិតរាជធានីភ្នំពេញនៅឆ្នាំ២០២៥ ដែលមានទុនវិនិយោគសរុប១ពាន់៥រយលានដុល្លារក្នុងការសាងសង់។ ដំបូងព្រលានយន្តហោះនេះអាចផ្ទុកអ្នកដំណើរបាន១៣លាននាក់ ហើយនឹងកើនឡើងដល់៣០លាននាក់នៅឆ្នាំ២០៣០។
ដោយឡែក ម៉ាឡេស៊ី មានគម្រោងពង្រីកសមត្ថភាពដឹកជញ្ជូនអ្នកដំណើរ១៥០លាននាក់នៅព្រលានយន្តហោះរបស់ខ្លួន ដែលបង្កើនសមត្ថភាពទ្វេដងធៀបនឹងបច្ចុប្បន្ន។ សិង្ហបុរីក៏មានគោលដៅទទួលអ្នកដំណើរឱ្យ១៤០លាននាក់កើនឡើង៧៥% ធៀបនឹងតួលេខថ្ងៃនេះ។
កាលបរិច្ឆេទបញ្ចប់គម្រោងរបស់ប្រទេសទាំងពីរមិនទាន់សម្រេចនៅឡើយទេ។ រីឯហ្វីលីពីន កំពុងរៀបចំគម្រោងពង្រីកព្រលានយន្តហោះចំនួនបួនបន្ថែមទៀតជុំវិញទីក្រុងម៉ានីល។ អ្នកជំនាញខ្លះមើលឃើញថា អាកាសយានដ្ឋានធំៗនៃបណ្តាប្រទេសទាំងនេះ នឹងធ្វើឱ្យប្រសើរឡើងនូវលទ្ធភាពទទួលអ្នកធ្វើដំណើរទូទាំងពិភពលោក ដែលមិនត្រឹមតែទាក់ទាញវិស័យទេសចរណ៍ប៉ុណ្ណោះទេ ថែមទាំងវិនិយោគគិនក្រុមហ៊ុនបរទេសថ្មីៗផងដែរ៕