តម្លៃសំបុត្រយន្តហោះទៅមកកម្ពុជា-ចិន

តម្លៃសំបុត្រយន្តហោះទៅមកកម្ពុជា-ចិនបានធ្លាក់ថ្លៃពីជិត១ម៉ឺនដុល្លារមកនៅត្រឹមជាង១ពាន់ដុល្លារវិញហើយ


ថ្នាក់ដឹកនាំសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាអះអាងថា សំបុត្រយន្តហោះទៅមករវាងកម្ពុជា-ចិន ដែលបានហក់ឡើងថ្លៃជិត១ម៉ឺនដុល្លារក្នុងអំឡុងការរឹតបន្តឹងវិធានការកូវីដ-១៩នោះ បច្ចុប្បន្នបានធ្លាក់ចុះមកនៅត្រឹមជាង១ពាន់ដុល្លារប៉ុណ្ណោះ ក្រោយមានការបង្កើនជើងហោះហើររវាងប្រទេសទាំងពីរ ហើយកម្ពុជាមានការបើកទូលាយផ្នែកសេដ្ឋកិច្ច និសង្គមឡើងវិញ។ ទោះបីយ៉ាងនេះក្តី លំហូរភ្ញៀវទេសចរជនជាតិចិនចូលមកកម្ពុជានៅមានចំនួនតិចតួចនៅឡើយ ខណៈអ្នកធ្វើដំណើរចេញចូលរវាងប្រទេសទាំងពីរបច្ចុប្បន្នភាគច្រើនជាអ្នកវិនិយោគប៉ុណ្ណោះ។
យន្តហោះក្រុមហ៊ុន Cambodia Airway នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ

តម្លៃសំបុត្រយន្តហោះទៅមករវាងប្រទេសទាំងពីរកម្ពុជា-ចិនដែលធ្លាប់ហក់ឡើងថ្លៃកប់ពពកដល់ជិត១ម៉ឺនដុល្លារនោះ ឥឡូវនេះបានវិលមករកភាពល្អប្រឡើងវិញហើយ បន្ទាប់ពីកម្ពុជាបានបើកសកម្មភាពសង្គម និងសេដ្ឋកិច្ចលើគ្រប់វិស័យឡើងវិញ និងលើកលែងការធ្វើចត្តាឡីស័ក និងតេស្តរកមេរោគកូវីដ-១៩ លើអ្នកដំណើរចូលមកកម្ពុជា គួបផ្សំចិនមានការបន្ធូរបន្ថយការហោះហើរមកកម្ពុជា។ បើតាមការគូសបញ្ជាក់របស់លោកជំទាវ ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា តម្លៃសំបុត្រយន្តហោះទៅមកកម្ពុជាចិនបានធ្លាក់ចុះមកត្រឹមជាង ១ពាន់ដុល្លារប៉ុណ្ណោះក្នុងមួយជើងនៅមួយរយៈចុងក្រោយនេះ។ ចំនួនមានការធ្លាក់ចុះខ្លាំងមែនទែនបើធៀបនឹងតម្លៃ ដែលបានហក់ឡើងខ្លាំងកាលពីមុន តែតម្លៃនេះនៅខ្ពស់ជាងតម្លៃពេលមិនទាន់ជំងឺកូវីដ-១៩ ដែលមានត្រឹមតែក្រោម១ពាន់ដុល្លារក្នុងមួយជើង។

ការធ្លាក់ចុះតម្លៃសំបុត្រទៅមករវាងប្រទេសទាំងពីរនេះ ត្រូវបានអ្នកជំនាញរូបនេះកត់សម្គាល់ឃើញថា គឺបន្ទាប់ពីប្រទេសចិនបានបង្កើនជើងហោះហើរមកកម្ពុជាឡើងវិញ ក្រោយកាត់បន្ថយមកនៅត្រឹមមួយជើងក្នុងសប្តាហ៍អស់ជាច្រើនខែកន្លងមកនេះ។ ទោះបីមានការបង្កើនជើងហោះហើរ ហើយតម្លៃសំបុត្រធ្លាក់ចុះក្តី តែចរន្តភ្ញៀវទេសចរជនជាតិចិនចូលមកកម្ពុជានៅមានចំនួនតិចតួចនៅឡើយទេ នេះក៏ដោយសារ ចិនបន្តអនុវត្តវិធានការគ្មានកូវីដ-១៩ ដ៏តឹងរ៉ឹងរបស់ខ្លួន ខណៈក្នុងចំណោមអ្នកធ្វើដំណើរចេញចូលប្រទេសទាំងពីរបច្ចុប្បន្នភាគច្រើនជាអ្នកជំនួញ។ មិនមែនតែតម្លៃសំបុត្រយន្តហោះទៅមកកម្ពុជាចិននោះទេដែលធ្លាក់ចុះ សូម្បីតម្លៃសំបុត្រយន្តហោះក្នុងតំបន់អាស៊ាន អាស៊ី និងអឺរ៉ុបមួយចំនួន ក៏បានវិលមករកភាពល្អប្រសើរឡើងវិញផងដែរ។

ពាក់ព័ន្ធបញ្ហានេះដែរ ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលបានគូសបញ្ជាក់ថា តម្លៃសំបុត្រយន្តហោះទៅមកកម្ពុជាចិនបានធ្លាក់ចុះចន្លោះពី២៥%ទៅ៣០%នៅត្រីមាសទី២ បើធៀបនឹងត្រីមាសទី១នៅឆ្នាំ២០២២។ និយាយជារួមនៅត្រីមាសទី២ឆ្នាំនេះ តម្លៃសំបុត្រយន្តហោះទៅមករវាងកម្ពុជាជាមួយប្រទេសក្នុងតំបន់អាស៊ាន និងអាស៊ីបានធ្លាក់ចុះចន្លោះពី២០%ទៅ៣០% ខណៈទៅប្រទេសក្នុងតំបន់អឺរ៉ុបបានធ្លាក់ចុះពី១០%ទៅ២០%បើធៀបនឹងត្រីមាសទី១។ ប៉ុន្តែការធ្លាក់ចុះនេះវាអាស្រ័យលើការបន្ធូរបន្ថយរបស់ប្រទេសមួយចំនួន ពោលគឺបើប្រទេសមិនមានការបើកចំហតម្លៃសំបុត្រនៅតែថ្លៃដដែល។

ពាក់ព័ន្ធស្ថានភាពភ្ញៀវទេសចរបរទេសចូលមកកម្សាន្តនៅកម្ពុជាលោកជំទាវ ឆាយ ស៊ីវលីន កត់សម្គាល់ឃើញថា ចាប់តាំងពីដើមឆ្នាំ២០២២មក ចរន្តភ្ញៀវទេសចរបរទេសចូលមកកម្សាន្តនៅកម្ពុជាមានការកើនឡើងជាបន្តបន្ទាប់។ ប៉ុន្តែអ្នកជំនាញរូបនេះវាយតម្លៃថា នៅខែកញ្ញានេះចំនួនភ្ញៀវទេចរបរទេសចូលកម្ពុជាអាចនឹងមានការធ្លាក់ចុះ ដោយសារវាជារដូវភ្លៀង និងជារដូវខ្សត់ភ្ញៀវទេសចរ។ ទោះយ៉ាងណា លោកជំទាវ អះអាងថា ចាប់ពីខែតុលា តទៅចំនួនភ្ញៀវទេសចរបរទេសចូលមកកម្ពុជានឹងមានកំណើនឡើងវិញ ព្រោះចំនួនអ្នកកក់សំបុត្រចូលកម្ពុជានៅក្នុងខែនោះមានការកើនឡើងគួរឲ្យកត់សម្គាល់។

បើតាមការគូសបញ្ជាក់របស់ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅក្នុងរយៈពេល៨ខែឆ្នាំ២០២២ កម្ពុជាទទួលបានភ្ញៀវទេសចរបរទេសជិត១លាននាក់ មានការកើនឡើង៧២០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ប៉ុន្តែចំនួននេះនៅតែបន្តធ្លាក់៧៧% បើធៀននឹងចំនួនភ្ញៀវទេសចរបរទេស ដែលបានធ្វើដំណើរកម្សាន្តមកកម្ពុជាក្នុងរយៈពេលដូចគ្នាពីឆ្នាំ២០១៩។ ក្នុងចំណោមភ្ញៀវទេសចរទាំងនេះអ្នកធ្វើដំណើរចូលកមកម្ពុជាតាមផ្លូវអាកាសមានជិត៤០ម៉ឺននាក់ មានការកើនឡើងជិត៦០០%។ ថ្នាក់ដឹកនាំក្រសួងទេសចរណ៍រូបនេះរំពឹងថា កម្ពុជានឹងអាចទទួលបានភ្ញៀវទេសចរបរទេសចន្លោះពី១លាន៥សែននាក់ ទៅ២លាននាក់នៅឆ្នាំ២០២២ នេះ៕




អត្ថបទបន្ទាប់


ទំហំពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជានៅតែសម្រេចបានកំណើន២ខ្ទង់នៅ៨ខែដំបូងនៅឆ្នាំ២០២២

ព័ត៌មាន
នៅរយៈពេល៨ខែ ក្នុងឆ្នាំ២០២២នេះ ការដោះដូរពាណិជ្ជកម្មរវាងកម្ពុជា ជាមួយទីផ្សារអន្តរជាតិ សម្រេចបានទំហំទឹកប្រាក់សរុបជាង ៣៧ពាន់លានដុល្លារសហរដ្…

អាជ្ញាធរចិនកំពុងទប់ទល់នឹងការឡើងថ្លៃសាច់ជ្រូកក្នុងស្រុកដល់ជាង ៥០% ចាប់តាំងពីខែឧសភាមក

ព័ត៌មាន
សាច់ជ្រូកជាប្រភេទសាច់ដែលពេញនិយមបំផុតក្នុងមីនុយមុខម្ហូបរបស់ជនជាតិចិន។ ប៉ុន្តែអ្នកប្រើប្រាស់នៅចិនដែលបច្ចុប្បន្នកំពុងជួបប្រទះនឹងអតិផរណាជាទូ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ