ឧស្សាហកម្មគ្រឿងស្រវឹង

ពលរដ្ឋខ្មែរខាតបង់ថវិកាអស់រាប់ពាន់លានដុល្លារលើការទិញគ្រឿងស្រវឹង និងថែទាំសុខភាពក្នុង១ឆ្នាំៗ


ឧស្សាហកម្មផលិតគ្រឿងស្រវឹងនៅកម្ពុជា មានការរីកចម្រើនគួរឱ្យកត់សម្គាល់នៅមួយទសវត្សរ៍ចុងក្រោយនេះ ក្រោយមានតម្រូវការប្រើប្រាស់ខ្ពស់ពីអ្នកទទួលទានគ្រឿងស្រវឹង។ ការទទួលទានគ្រឿងស្រវឹងមិនត្រឹមតែធ្វើឱ្យប៉ះពាល់ដល់សុខភាព បង្កគ្រោះថ្នាក់ចរាចរណ៍ និងអំពើហិង្សាប៉ុណ្ណោះទេ ថែមទាំងបានធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចជាតិ ផងដែរ។
ឧស្សាហកម្មគ្រឿងស្រវឹង
ដោយ

បើតាមការអះអាងរបស់មន្ត្រីជាន់ខ្ពស់នៃក្រសួងសុខាភិបាល ពលរដ្ឋខ្មែរក្នុងមួយឆ្នាំៗបានចំណាយថវិកាយ៉ាងសម្បើមលើការទិញគ្រឿងស្រវឹង និងថែទាំសុខភាពបង្កឡើងដោយឥទ្ធិពលនៃគ្រឿងស្រវឹង។ តើនៅក្នុង១ឆ្នាំៗប្រជាពលរដ្ឋខ្មែរចំណាយថវិកាអស់ប៉ុន្មានពាន់លានដុល្លារលើការទិញគ្រឿងស្រវឹង ព្យាបាលជំងឺ និងថែទាំសុខភាព?

លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល បានឱ្យដឹងថា នៅក្នុង១ឆ្នាំៗពលរដ្ឋកម្ពុជាម្នាក់អាចចំណាយថវិកាខ្ទង់៤៨៦ដុល្លារ លើការទិញគ្រឿងស្រវឹង។ បើតាមការប៉ាន់ស្មានរបស់មន្រ្តីជាន់ខ្ពស់រូបនេះ ក្នុង១ឆ្នាំៗមានពលរដ្ឋខ្មែរអាយុចាប់ពី១៥ឆ្នាំឡើងទៅប្រមាណ៤លាននាក់ បានចំណាយថវិកាប្រមាណ១​៩​៤៤លានដុល្លារ លើការទិញគ្រឿងស្រវឹង។ ជាមួយគ្នានេះក្នុងចំណោមពលរដ្ឋ១ពាន់នាក់ដែលឈឺដោយសារការទទួលទានគ្រឿងស្រវឹង ត្រូវបានមន្ត្រីជាន់ខ្ពស់រូបនេះ វាយតម្លៃថា ត្រូវចំណាយថវិកាយ៉ាងហោចណាស់៤០០លានដុល្លារក្នុង១ឆ្នាំលើការព្យាបាល និងថែទាំសុខភាព។

​ប្រសិនបើគ្រឿងស្រវឹងបង្កផលប៉ះពាល់ធ្ងន់ធ្ងរយ៉ាងដូច្នេះ តើរដ្ឋាភិបាលគួរហាមឃាត់ការផលិត និងនាំចូលដែរឬទេ? ឆ្លើយតបនឹងបញ្ហានេះ ឯកឧត្តម លឹម ផាន់ភារៈ អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានលើកឡើងថា កម្ពុជាមិនមែនជាប្រទេសផលិតគ្រឿងស្រវឹងធំនៅលើពិភពលោកនោះទេ ហើយក៏មិនអាចទប់ស្កាត់មិនឱ្យមានការផលិត និងហាមឃាត់ការនាំចូលបាននោះដែរ ប៉ុន្តែអ្វីដែលកម្ពុជា អាចធ្វើបាន គឺត្រូវចូលរួមទាំងអស់គ្នាតាមរយៈការផ្សព្វផ្សាយអប់រំ និងកាត់បន្ថយការប្រើប្រាស់គ្រឿងស្រវឹងឱ្យបានជាអតិបរមា។ ទន្ទឹមនឹងនេះ មន្រ្តីជាន់ខ្ពស់រូបនេះ អះអាងថា ក្រសួងពាណិជ្ជកម្ម កំពុងគិតគូរគ្រោងបង្កើតអនុក្រឹត្យណែនាំលើការលក់ និងទិញគ្រឿងស្រវឹងដល់ក្មេងមិនទាន់គ្រប់អាយុ និងឈានដល់ការរឹតត្បិតលើអ្នកសេពគ្រឿងស្រវឹងនៅទីតាំងភោជនីយដ្ឋាននានា ផងដែរ។

​បើតាមលោកជំទាវ ឱ វណ្ណឌីន ការអង្កេតកត្តាហានិភ័យនៃជំងឺមិនឆ្លងនៅកម្ពុជា នាឆ្នាំ២០២៣ របស់សហរដ្ឋអាម៉េរិក បានរកឃើញថា មានពលរដ្ឋកម្ពុជាចំនួន៥០% ដែលមានអាយុពី១៨ឆ្នាំ ដល់៦៩ឆ្នាំ បានទទួលទានគ្រឿងស្រវឹង ក្នុងនោះបុរសមានជាង៧១% និងស្រ្តីជាង២៧%។ ក្នុងចំណោមអ្នកទទួលទានគ្រឿងស្រវឹងទាំងនេះមានយុវវ័យអាយុពី១៥ឆ្នាំ ដល់១៨ឆ្នាំជាង៣០% ខណៈបច្ចុប្បន្នការកើតជំងឺមិនឆ្លងត្រូវបានសង្កេតឃើញកើតមានលើយុវវ័យផងដែរ។

យោងតាមការស្រាវរបស់អង្កការសុខភាពពិភពលោក កាលពីឆ្នាំ២០១៩ នៅក្នុង១ឆ្នាំ ពលរដ្ឋកម្ពុជាម្នាក់ មានអាយុចាប់ពី១៥ឆ្នាំឡើងទៅបានទទួលទានគ្រឿងស្រវឹងជាមធ្យម១៦,២លីត្រ ដែលជាកម្រិតជាតិអាល់កុលសុទ្ធ៕

អត្ថបទ៖ បូ ដូឡា​




អត្ថបទបន្ទាប់


តើកិច្ចប្រជុំអាស៊ានបូកជាមួយប្រទេសដៃគូ សម្រេចបានសមិទ្ធផលអ្វីខ្លះ?

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជារំពឹងថា អាស៊ាននឹងអាចទទួលបានផលប្រយោជន៍ពីការចូលទៅកាន់ទីផ្សាដ៏ធំរបស់ចិនបានកាន់តែល្អប្រសើ…

មន្ត្រីជំនាញព្រមានថា វិស័យអចលនទ្រព្យរបស់ថៃ មិនទាន់គេចផុតពីវិបត្តិនៅឡើយទេ

ក្រុមអ្នកជំនាញក្នុងវិស័យអចលនទ្រព្យ បានព្រមានថា វិស័យអចលនទ្រព្យថៃ កំពុងស្ថិតក្នុងវិបត្តិនៅឡើយនៅត្រីមាសចុងក្រោយឆ្នាំនេះ ក្រោយអត្រាបដិសេធផ្ដល់កម្…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ