ទន្ទឹមនឹងនេះដែរ សមាជិកគណបក្សយុត្តិធម៌ប្រជាជន របស់លោក អាន់វ៉ា ផ្ទាល់ ក៏បានប្រកាសដែរថា ពួកគេដាក់ឈ្មោះលោក អាន់វ៉ា ជាប្រមុខដឹកនាំរបស់ប្រទេសម៉ាឡេស៊ី។
ការប្រកាសបែបនេះធ្វើឡើងបន្ទាប់ពីការលាលែងពីមុខតំណែងរបស់នាយករដ្ឋមន្ត្រី លោក មហាធៀ មហាម៉ាត់ កាលពីដើមសប្ដាហ៍នេះ ដែលបច្ចុប្បន្ន លោកកំពុងគ្រប់គ្រងប្រទេសម៉ាឡេស៊ីក្នុងនាមជានាយរដ្ឋមន្ត្រីបណ្ដោះអាសន្ន។
ការប្រទាញប្រទង់គ្នារវាងលោក មហាធៀ សព្វថ្ងៃ អាយុ ៩៤ឆ្នាំ និងលោក អាន់វ៉ា សព្វថ្ងៃ អាយុ ៧២ឆ្នាំ ដែលបានរួមគ្នាបង្កើតកតិកាសញ្ញាដ៏គួរឲ្យភ្ញាក់ផ្អើលមួយដើម្បីឈ្នះការបោះឆ្នោតកាលពីឆ្នាំ២០១៨ បានគ្របដណ្ដប់លើនយោបាយរបស់ម៉ាឡេស៊ីអស់រយៈពេលជាង ២ទសវត្សរ៍ និងជាឫសគល់នៃវិបត្តិចុងក្រោយបំផុតនេះ។
លោក មហាធៀ ក្នុងឋានៈជានាយករដ្ឋមន្ត្រីបណ្ដោះអាសន្ន បានស្នើបង្កើតរដ្ឋាភិបាលរួបរួមមួយ ដោយមិនចាំបាច់ត្រូវមានភក្តីភាពចំពោះបក្សនយោបាយ នៅពេលដែលប្រទេសម៉ាឡេស៊ីកំពុងជួបប្រទះបញ្ហាសេដ្ឋកិច្ចថមថយ និងកំពុងរងផលប៉ះពាល់ពីវីរុស កូរ៉ូណា។
នៅព្រឹកថ្ងៃពុធនេះ លោក មហាធៀ បានថ្លែងសុន្ទរកថាទៅកាន់ប្រជាជាតិ និងបានសុំទោស ចំពោះ«ភាពវឹកវរផ្នែកនយោបាយ» ដែលរូបលោកបានបង្កឡើង។
នៅក្នុងសេចក្ដីថ្លែងការណ៍មួយ លោក អាន់វ៉ា បាននិយាយថា រូបលោកប្រឆាំងជំទាស់ទៅនឹងកិច្ចប្រឹងប្រែងណាមួយក្នុងការបង្កើតរដ្ឋាភិបាលទ្វារក្រោយ។
លោក អាន់វ៉ា បាននិយាយថា សម្ព័ន្ធ Pakatan បានអញ្ជើញលោក មហាធៀ ឲ្យធ្វើជាប្រធាននៃកិច្ចប្រជុំមួយ ដើម្បីស្ដារឡើងវិញនូវសម្ព័ន្ធនៃក្ដីសង្ឃឹម ប៉ុន្តែ លោក មហាធៀ មិនយល់ព្រមចូលរួមកិច្ចប្រជុំនោះទេ ដូច្នេះទើបគណៈកម្មាធិការប្រធាន បានសម្រេចចិត្តតែងតាំងលោក អាន់វ៉ា អ៊ីប្រាហ៊ីម ជាបេក្ខជននាយករដ្ឋមន្ត្រីរបស់សម្ព័ន្ធនៃក្ដីសង្ឃឹម។
លោក អាន់វ៉ា បានប្រាប់សន្និសីទសារព័ត៌មានថា «យើងរង់ចាំការសម្រេចចិត្តពីសំណាក់ព្រះមហាក្សត្រ»។
ក្នុងកិច្ចព្យាយាមដើម្បីបញ្ចប់វិបត្តិនយោបាយ ព្រះមហាក្សម៉ាឡេស៊ី ព្រះបាទ ស៊ុលតាន់ អះម៉ាត់ ស្ហា បានជួបប្រជុំជាមួយសមាជិកជាប់ឆ្នោតនៃរដ្ឋសភាទាំង ២២២រូប ក្នុងរយៈពេល ២ថ្ងៃកន្លងមកនេះ។ អ្នកដែលបានចូលរួមក្នុងប្រជុំទាំងនេះ បាននិយាយថា ខ្លួនត្រូវបានស្នើឲ្យដាក់ឈ្មោះបេក្ខជននាយករដ្ឋមន្ត្រីដែលខ្លួនពេញចិត្តឬថា តើចង់បានឲ្យមានការបោះឆ្នោតឡើងវិញ ឬយ៉ាងណា។
គណបក្សរបស់លោក អាន់វ៉ា មាន ៣៩អាសនៈ ហើយដៃគូនៅក្នុងសម្ព័ន្ធអាចផ្ដល់ ៦២អាសនៈផ្សេងទៀត។ ខណៈដែលអ្នកនយោបាយមួយចំនួន បានសម្ដែងការគាំទ្រឲ្យលោក មហាធៀ បន្តកាន់តំណែង គេមិនច្បាស់ទេថា តើពួកគេគ្រប់គ្នានឹងផ្ដល់ការគាំទ្រដល់លោក មហាធៀ ឬអត់នោះទេ៕