
តួលេខថ្មីៗបានបង្ហាញពីការកើនឡើងនៃចំណែកការងារដែល AI ដណ្តើមការងាររបស់មនុស្ស ក្នុងរយៈពេល២ឆ្នាំកន្លងមកនេះ នៅទូទាំងទ្វីបអឺរ៉ុប អាម៉េរិកខាងជើង និងអូស្ត្រាលី ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ វានៅមិនទាន់អាចជំនួសបញ្ញារបស់មនុស្សបាននៅឡើយទេ។
លោក ផាវ៉ែល អាដចាន (Pawel Adrjan) នាយកផ្នែកស្រាវជ្រាវសេដ្ឋកិច្ចនៅក្រុមហ៊ុន Indeed បានអះអាងថា ស្ទើរតែគ្រប់ការងារទាំងអស់កំពុងរងផលប៉ះពាល់ដោយសារការជ្រៀតជ្រែកពីបច្ចេកវិទ្យា AI។ បើតាមការអះអាងរបស់អ្នកជំនាញរូបនេះ ត្រឹមរយៈពេល១ឆ្នាំចុងក្រោយអត្រាដែល AI លុកលុយក្នុងទីផ្សារការងារមានកំណើនទ្វេដង តែតម្រូវការបញ្ញារបស់មនុស្សនៅតែស្ថិតក្នុងកម្រិតខ្ពស់។ លោក ផាវ៉ែល បានអះអាងថា ទោះបី AI ជាជំនួយការមួយដ៏ល្អក្នុងការជួយបង្កើនប្រសិទ្ធភាពផលិតកម្ម ប៉ុន្តែបច្ចុប្បន្នវានៅតែមានចំណុចខ្សោយ បើប្រៀបធៀបនឹងជំនាញរបស់មនុស្ស។
មកទល់ពេលនេះសញ្ញានៃការអុកឡុកពីបច្ចេកវិទ្យា AI ក្នុងទីផ្សារការងារមានច្រើននៅប្រទេសអៀរឡង់ អាល្លឺម៉ង់ បារាំង អង់គ្លេស និងសហរដ្ឋអាម៉េរិកជាដើម។ ស្ថិតិបានបង្ហាញថា នៅប្រទេសអៀរឡង់ ការងារដែលរងផលប៉ះពាល់ពីបច្ចេកវិទ្យា AI រួមមានជំនាញគណនេយ្យមានជិត១៥% ផ្នែកអភិវឌ្ឈន៍ Software មានជិត៥% ប្រព័ន្ធផ្សព្វផ្សាយ និងទំនាក់ទំនងជិត៤% ស្ថាបត្យកម្ម២,៤% ស្រាវជ្រាវផ្នែកវិទ្យាសាស្រ្ត២,១% វិស្វកម្មឧស្សាហកម្ម១,៨% និងច្បាប់១,៧%៕
ដោយៈសរ សុជាតិ