ការ​អាន​សៀវភៅ

ដោយ​ចង់​​ជំរុញ​ការអាន​នៅ​កម្ពុជា នារី​ម្នាក់​អាន​សៀវភៅ​ឲ្យ​ស្តាប់​តាមរយៈ​ការ​ផ្សាយផ្ទាល់​លើ​ហ្វេសប៊ុក


អ្នកនាង ឈួន ច័ន្ទធីតា អង្គុយ​ក្នុង​បន្ទប់​របស់​ខ្លួន ដៃកាន់​សៀវភៅ ពោរពេញ​ដោយ​ស្នាម​ញញឹម ហើយ​អាន​សៀវភៅ​ដោយ​ផ្សាយ​ផ្ទាល់​តាម​បណ្តាញ​សង្គម​ហ្វេសប៊ុក (Facebook Live) ។ ដោយ​រៀបរាប់​អំពី​អត្ថន័យ​ក្នុងសៀវភៅ​នោះ​ទៅ​ដល់​ទស្សនិកជន​រាប់​ពាន់​នាក់​ អ្នកនាង​ដែល​មាន​វ័យ ២៩ឆ្នាំ​រូប​នេះ មានគោល​បំណង​ជំរុញ​ការអាន​ក្នុង​ចំណោម​ប្រជាពលរដ្ឋ​កម្ពុជា ។
អ្នកនាង ឈួន ច័ន្ទធីតា ហៅ Jessi Yun ជា​ស្ថាបនិក ក្លេអូ ខេមបូឌា (CLÉO Cambodia)។
ដោយ

ដែល​ភាគច្រើន​ត្រូវ​បាន​គេ​ហៅ​ថា Jessi Yun និង​មាន​ស្រុក​កំណើត​មក​ពី​ខេត្ត​ព្រះសីហនុ និង​ជា​ស្ថាបនិក ក្លេអូ ខេមបូឌា (CLÉO Cambodia) អ្នកនាង​មាន​ការគាំទ្រ​យ៉ាង​ខ្លាំង​ពីសំណាក់​យុវជន ជាពិសេស ចាប់​តាំងពីពាក់​កណ្តាល​ឆ្នាំ​២០២០ មក ។

នៅលើ​ហ្វេសប៊ុក អ្នកនាង ឈួន ច័ន្ទធីតា មាន​ followers (ឬហៅថា អ្នកគាំទ្រ) ចំនួន ១៥៤K, ៣៦៧៦ នៅលើ Telegram និង ៥៦២ subscribers នៅលើ YouTube ហើយ​អ្នកនាង​ចែក​រំលែក​និង​បំផុស​គំនិត​យុវជន​ឱ្យ​ចេះ​ស្រលាញ់​ការអាន​សៀវភៅ ។

អ្នកនាង ឈួន ច័ន្ទធីតា បាន​ប្រាប់ Newsroom Cambodia ក្នុង​កិច្ច​សម្ភាសន៍​​តាម​តេលេក្រាម​ដូច្នេះ​ថា «ខ្ញុំ​មាន​ជំនឿ​មួយ និង​ជា​បទពិសោធន៍​ផ្ទាល់​ខ្លួន​របស់​ខ្ញុំ ដោយ​យល់​ថា ការអាន​សៀវភៅ​គឺ​ជួយ​ផ្លាស់ប្តូរ​ខ្ញុំ​បាន​ច្រើន ប្រសិន​បើ​និយាយ​រឿង​ពី​មុន​មក ខ្ញុំមិនមែន​ជា​មនុស្ស​បែប​នេះទេ គឺ​​ខ្ញុំជា​មនុស្ស​ខ្លាច​គេ ហើយ​ជាពិសេស ​គឺ​មិនហ៊ាន​ចូល​ក្នុង​សង្គម​នោះទេ ហើយ​ក៏​បាន​វាយតម្លៃ​ខ្លួន​ឯង​ច្រើន និង​បាន​វាយតម្លៃ​មនុស្ស​ជុំវិញ​ខ្លួន​ច្រើន​ផងដែរ ប៉ុន្តែ នៅពេល​ដែល​ខ្ញុំ​បាន​អាន​សៀវភៅ​មួយ​ចំនួន ជាពិសេស សៀវភៅ​ផ្នត់​គំនិត (Mindset) ដែល​បាន​ធ្វើ​ឱ្យ​ខ្ញុំ​មាន​ការផ្លាស់ប្តូរ​ការគិត​ជា​ច្រើន និង​មាន​អារម្មណ៍​ថា ខ្លួន​ឯង​ប្រែ​មក​ជា​មនុស្ស​ថ្មី​មួយ លែងក្លាយ​ជា​មនុស្ស​ម្នាក់​ដែល​ខ្លាច​ខុស​ពេក លែង​ខ្លាច​គេ និងបាន​ព្យាយាម​យក​ឈ្នះ​ខ្លួន​ឯង​ ជាដើម ។»

អ្នកនាង​បាន​បន្ត​ថា ៖ «មនុស្សគ្រប់រូបគួរតែបានអានសៀវភៅណាមួយដែល​បាន​ជួយ​ផ្លាស់ប្តូរ​ជីវិត​របស់​ពួកគាត់ មិន​ថា​ជា​សៀវភៅ​ផ្នត់​គំនិត ឬ​សៀវភៅ​ណាមួយ​នោះទេ ពីព្រោះ​យើង​មិន​អាច​ដឹង​ថា សៀវភៅ​មួយ​ណា​អាច​ជួយ​យើង​បាន​នោះទេ លុះត្រាតែ​យើង​បាន​អាន​សៀវភៅ​នោះ រួច​យក​ទៅ​អនុវត្ត​ក្នុង​ជីវិត​ជាក់​ស្តែង​ទើប​បាន​ដឹង​អំពី​លទ្ធផល​របស់​វា ។»

អ្នកនាង Jessi Yun បាន​និយាយ​ថា ការអាន​សៀវភៅ​ពិត​ជា​មាន​សារសំខាន់ រួមមាន ជួយ​ទៅ​ដល់​ជីវិត​ផ្ទាល់ខ្លួន​តែ​ម្តង ជាក់ស្តែង​ដូច​អ្នកនាង​បាន​ធ្លាប់​ឆ្លងកាត់​ពី​មុន​មក ថា ប្រសិនបើមិនបានអានសៀវភៅនោះទេ ប្រហែល​ជា​ជីវិត​គាត់​មិន​បាន​ល្អ​ដូច​ពេល​បច្ចុប្បន្ន​នេះ​ទេ ហើយប្រហែល​ជា​ទំនង​ជា​ដុនដាប​ជាងនេះ​​ទៀត​ផង ។

ប្រសិន​បើ​សង្គម​មួយ​ឱ្យ​តម្លៃដល់​ការអាន​សៀវភៅ ឬក៏​ចំណេះដឹង នោះ​សង្គម​មួយ​នោះ​នឹង​មាន​ការរីក​ចម្រើន​ច្រើន ជាក់ស្តែង ដូចជា ប្រទេស​​សិង្ហបុរី ជប៉ុន និង​អាមេរិក ដែល​បាន​ឱ្យ​តម្លៃ​លើ​ការអាន​សៀវភៅ ហើយ​សុទ្ធតែ​ជា​ប្រទេស​ដែល​រីកចម្រើន ។ 

អ្នកនាង Jessi Yun បាន​និយាយ​យ៉ាង​ដូច្នេះថា «ប្រសិន​បើ​ប្រទេស​ដទៃ​ឱ្យ​តម្លៃ​លើ​ចំណេះដឹង យើង​ក៏គួរ​ឱ្យ​តម្លៃ​លើ​ចំណេះដឹង​ដូចគ្នា​ដែរ ដែល​ធ្វើ​ឱ្យ​ប្រទេស​យើង​កាន់តែ​រីក​ចម្រើន​ទៅមុខ​បាន​កាន់តែ​ឆាប់រហ័ស ។»

សៀវភៅ​ដែល​បាន​ធ្វើការ​ផ្លាស់ប្តូរ​អ្នកនាង និង​ដែល​អ្នកនាង​ចូលចិត្តខ្លាំង គឺ​មាន​៤ក្បាល រួមមាន Mindset របស់លោក Carol S. Dweck; The Greatest Salesman in the World របស់លោក Og Mandino; The Four Agreements របស់លោក Don Miguel Ruiz និង The Mastery of Love របស់លោក Don Miguel Ruiz។

វីដេអូ​របស់​អ្នកនាង Jessi Yun ដែល​មាន​អ្នកមើល​ច្រើន​នៅ​លើ​ហ្វេសប៊ុក រួមមាន​ចំណង​ថា ភាសា​ស្នេហា​ទាំង៥; រូបមន្ត​បង្កើន​ទ្រព្យ​ដ៏មាន​ប្រសិទ្ធិភាព ៧យ៉ាង និង​កំពូល​សៀវភៅ​បណ្តុះ​ទម្លាប់​ល្អ ៣ក្បាល​ដែល​អ្នក​គួរអាន ជាដើម ។

ការបំផុស​គំនិត​យុវជន​ក្នុង​ការស្រឡាញ់​ការអាន​សៀវភៅ អ្នកនាង Jessi Yun បាន​ជួប​បញ្ហា​មួយ​ចំនួន​ផងដែរ ដោយ​អំឡុង​ឆ្នាំ២០១៥ បន្ទាប់ពី​បាន​ចាប់​ផ្តើម​លើក​ទឹកចិត្ត​និង​ផ្សព្វផ្សាយ​អំពី​សៀវភៅ ហើយ​ក៏​បាន​ផ្អាក​ទៅវិញ​នៅឆ្នាំ២០១៧ ដោយសារ​មាន​ការមមាញឺក​ជាមួយ​ការងារ​របស់ខ្លួន ហើយក៏​បាន​ចាប់​ផ្តើម​វិញ​នៅ​ពាក់​កណ្តាលឆ្នាំ​២០២០ ។

អ្នកនាង​បាន​លើក​ឡើង​ថា ៖ «ការងារ​អ្វី​តែងតែ​មាន​ការលំបាក ប៉ុន្តែ ការផ្លាស់ប្តូរ​ផ្នត់​គំនិត​របស់​មនុស្ស គឺ​កាន់តែ​លំបាក ។ ជាទូទៅ យុវជន​មិន​មាន​ទម្លាប់​អាន​សៀវភៅ​ពីក្មេង ដូច​ប្រជាជន​នៅ​ប្រទេស​ដទៃ​នោះ​ទេ ដែល​មើល​តាមរយៈ​សង្គម​របស់​យើង គឺ​យុវជន​ភាគច្រើន​ចូលចិត្ត​លេង​ហ្គេម លេង​ហ្វេសប៊ុក ដោយ​មិន​សូវ​មាន​អ្នកណា​ចូលចិត្ត​កាន់​សៀវភៅ​អាននោះ​ទេ ។»

អ្នកនាង​បាន​និយាយ​ថា វីដេអូ​ដែល​និយាយ​អំពី​ចំណេះដឹង គឺ​មិន​សូវ​ជាមាន​អ្នកគាំទ្រ​នោះទេ ដែលធ្វើ​ឲ្យ​អ្នក​នាង​​មាន​អារម្មណ៍​ពិបាកចិត្ត ឬ​បាក់​ទឹកចិត្ត​បន្តិច​បន្តួចដែរ តែយ៉ាងហោចណាស់ ក៏អ្នកនាង​បាន​លើក​ឡើង​ថា បើ​ធ្វើ​សកម្មភាព គឺ​ធ្វើឱ្យ​អស់​ពី​សមត្ថភាព ។

អ្នកនាង​​បាន​ចាប់​ផ្តើម​មក​វិញ​នៅ​ពាក់​កណ្តាល​ឆ្នាំ២០២០ ដោយសារ​តែ​បាន​ឃើញការ​បញ្ចេញ​មតិ​មួយ (Comment) នៅលើ យូធូប ( Youtube) ថា «ខ្ញុំបាន​ផ្លាស់ប្តូរ​ជីវិត​អ្នក​មើល​ម្នាក់ ហើយ​នៅ​ពេល​នោះ​ហើយ ខ្ញុំ​ចាប់​ផ្តើម​មាន​ទឹក​ចិត្ត និង​ចង់​ចាប់​ផ្តើម​សាក​ល្បង​ម្តង​ទៀត ព្យាយាម​យក​ឈ្នះ​ខ្លួន​ឯង ហើយ​ក៏​បាន​ឃើញ​ថា មាន​ប្រសិទ្ធិភាព​ច្រើន​ជាង​មុន ដែល​វា​ជា​កម្លាំង​ចិត្ត​មួយ​ក្នុង​ការ​បន្ត​ធ្វើ ។»

អ្នកនាង Jessi Yun បាន​និយាយ​ថា ការដែល​ធ្វើ​ជា​វីដេអូ មានការហត់​ច្រើន និង​ចំណាយ​ពេល​ច្រើន ទាំង​ដែល​ការចែករំលែក​​នេះ​មិនមែន​សម្រាប់​​រក​កម្រៃ​នោះទេ ដូច្នេះ នៅពេល​ឃើញ​ការផ្លាស់ប្តូរ​របស់​យុវវ័យ បាន​ធ្វើ​ឱ្យគាត់​មាន​ទឹក​ចិត្ត​ឡើងវិញ មាន​កម្លាំង​ចិត្ត​ក្នុង​ការខំប្រឹង​បន្ត​ទៀត ដោយ​មើល​ឃើញ​ថា ធ្វើ​បែប​ហ្នឹង​ទៅ អាច​ទទួល​បាន​លទ្ធផលល្អ ជាពិសេស អាច​ជួយ​ដល់​អ្នក​ដទៃ​បាន​មួយ​ផ្នែក ។

អ្នក​នាង​បាន​បន្ត​ថា បញ្ហា​ធំ​មួយ​ទៀត​ដែល​ប៉ះពាល់​ផ្លូវ​អារម្មណ៍​ខ្លាំង គឺ «បុគ្គល​មួយ​ចំនួន​ចាំ​​តែ​អង្គុយ​​រិះគន់ លើ​វីដេអូ ឬ​ការ​បង្ហោះ​អ្វី​មួយ​នៅ​ក្នុង​បណ្តាញ​សង្គម​ហ្វេសប៊ុក ដោយ​ពួកគេ​លើក​ឡើង​ថា យើងហាក់​ដូច​ជា​មិន​ចេះ​អ្វីទេ ដែល​វា​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ទឹកចិត្ត​របស់​យើង​ខ្លាំង​មែនទែន ។»

អ្នក​នាង Jessi Yun ឬ​ ឈួន ច័ន្ទធីតា បាន​និយាយថា ៖ «ខ្ញុំតាំង​ចិត្ត​ហើយ​ថា នឹង​មិន​ទៅ​វិញ​នោះ​ទេ មក​លើក​នេះ​គឺ​មក​ប្រឈមមុខ​តែ​ម្តង ហើយ​ក៏​ចង់​យក​ឈ្នះ​ទៅ​លើ​បញ្ហា​មួយ​នេះ និង​ចង់​ចែក​រំលែក​ដល់​យុវជន ហើយ​មិន​ថា​អ្នកណា​និយាយ​អ្វី និយាយ​ទៅ ពីព្រោះ​បើ​ក្នុងចំណោម​មនុស្ស ១០នាក់ មាន​បដិសេធ ៥នាក់ យ៉ាងហោច​ណាស់​សល់ ៥នាក់​ទៀត​ទទួល​បាន​អ្វីមួយ​ទាក់ទង​នឹង​ការចែក​រំលែក​នេះ​ដែរ អ៊ីចឹង​យើង​ផ្តោត ៥នាក់ ដែល​ទទួល​យក​យើង ប្រសើរ​ជាង​ផ្តោត​ទៅ ​៥នាក់​ទៀត​ដែល​គេ​មិន​ទទួល​យក» ៕

អត្ថបទ​ដោយ លោក លាស់ លីបលីប សិក្ខាកាម​ Newsroom Cambodia




អត្ថបទបន្ទាប់


នាយករដ្ឋមន្ត្រីថៃពន្យារពេលចាក់វ៉ាក់សាំង AstraZeneca ក្រោយអ្នកចាក់នៅអឺរ៉ុបមានកំណកឈាមក្នុងសរសៃ

ព័ត៌មាន
នាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចាន់អូចា នៅព្រឹកថ្ងៃសុក្រទី១២មីនានេះ បានប្រកាសផ្អាកគម្រោងចាក់វ៉ាក់សាំង AstraZeneca របស់លោក ក្រោយប្រទេសជាច្រើនន…

ប្រទេស​ជា​ច្រើន​ផ្អាក​ការចាក់វ៉ាក់សាំង AstraZeneca ៖ តើ​ហេតុអ្វី? តើ​អ្នក​ជំនាញ​និយាយ​អ្វីខ្លះ​អំពី​វ៉ាក់សាំងនេះ?

ព័ត៌មាន
នៅថ្ងៃសុក្រនេះ ថៃ​បាន​ក្លាយជាប្រទេស​អាស៊ី​ដំបូងគេ​បង្អស់​ដែល​ផ្អាក​ការ​ប្រើ​ប្រាស់​វ៉ាក់សាំង​ AstraZeneca ដោយបារម្ភពីសុវត្ថិភាព គឺ​នៅ​…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ