ថវិកាយោធាប្រទេសធំៗទាំង១០

ប្រទេសមហាអំណាចធំៗទាំង ១០ ដែលមានការចំណាយលើវិស័យយោធាខ្ពស់បំផុតក្នុងពិភពលោក


ការចំណាយលើវិស័យយោធា នៅទូទាំងពិភពលោកត្រូវបានគេសង្កេតឃើញថា មានការកើនឡើងជាបន្តបន្ទាប់ និងជារៀងរាល់ឆ្នាំ ចាប់តាំងពីឆ្នាំ ១៩៨៨ មក។ ដោយឡែក តួលេខចុងក្រោយបំផុតពីប្រភពព័ត៌មានអន្តរជាតិធំៗបានអះអាងថា នៅឆ្នាំ២០២០ ការចំណាយលើវិស័យយោធានៅទូទាំងពិភពលោក មានចំនួនជិត ២ទ្រីលានដុល្លារ ដែលស្មើនឹងប្រមាណ ២,៤% នៃ GDP ពិភពលោក។ ក្នុងចំណោមទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់នេះ មានជាង ៨០% តំណាងឲ្យការចំណាយរបស់ប្រទេសធំៗ តែចំនួន១៥ប៉ុណ្ណោះ ដែលប្រទេសទាំងនោះមានឈ្មោះជាប្រទេសចាយវាយលើវិស័យយោធាច្រើនជាងគេបំផុត។
ប្រទេសមហាអំណាចធំៗទាំង ១០ ដែលមានការចំណាយលើវិស័យយោធាខ្ពស់បំផុតក្នុងពិភពលោក
ដោយ

ខេ​ម​បូ​ណូ​មី​ស សូម​ស្រង់​យក​ប្រ​ទសធំ​ៗ​ទាំង​១០ ដែល​មានការ​ចំណាយ​លើ​វិស័យ​យោធា​ច្រើន​ជាងគេ​បំផុត​នៅ​ក្នុង​ឆ្នាំ​២០២០​។ ប្រទេស​ទាំងនោះ រួម​មាន​៖ 

១) សហរដ្ឋអាមេរិក ចំណាយ​អស់ ៧៧៨​ពាន់​លាន​ដុល្លារ

សហរដ្ឋអាមេរិក​ជាប់​ចំណាត់ថ្នាក់​លេខ​១ ក្នុង​បញ្ជី​ប្រទេស​ដែល​មានការ​ចំណាយ​ថវិកា​លើ​វិស័យ​យោធា​ខ្ពស់​បំផុត​នៅ​លើ​ពិភពលោក​។ ជាមួយនឹង​ការ​ចំណាយ ៧៧៨ ពាន់​លាន​ដុល្លារ​លើ​ប្រតិបត្តិការ​យោធា សហរដ្ឋអាមេរិក​បាន​នាំមុខ​គ្រប់​ប្រទេស​ទាំងអស់​នៅ​លើ​ពិភពលោក​ទាំង​ការ​ចំណាយ កម្លាំងយោធា និង​ទាំង​ទំនើប​កម្ម​សព្វាវុធ​។ អា​មេ​រិ​ក​ចំណាយ​លើ​យោធា​៣​ដង​ច្រើន​ជាង​ប្រទេស​ចិន និង​ជាង​១០​ដង​ច្រើន​ជាង​ឥណ្ឌា​។

ចំណាយ​យោធា​របស់​សហរដ្ឋអាមេរិក​តំណាង​ឲ្យ​៣៩% នៃ​ការ​ចំណាយ​យោធា​សកល​នៅ​ឆ្នាំ ២០២០​។ យ៉ាងណាមិញ ថវិកា​នេះ មានការ​ថយ​ចុះ ១០% ពី​ឆ្នាំ ២០១១ មក​ដល់​ឆ្នាំ ២០២០​។ ទោះ​យ៉ាងណា​អា​មេ​រិ​កបាន​បង្កើន​ថវិកា​យោធា​របស់​ខ្លួន ពី​ឆ្នាំ​២០១៩ ដល់​២០២០ ចំនួន ៤,៤%​ឡើង​វិញ​។ ការ​កើនឡើង​នេះ​អាច​បណ្តាល​មក​ពី ការ​បង្កើន​ការ​ស្រាវជ្រាវ និង​ការ​អភិវឌ្ឍន៍ ការ​ធ្វើ​ទំនើប​កម្ម​ឃ្លាំង​អាវុធ​នុយក្លេអ៊ែរ​របស់​អា​មេ​រិ​ក និង​ការ​ផលិត​អាវុធ​ទ្រង់ទ្រាយ​ធំ​ជាដើម​។

២) ប្រទេស​ចិន ចំណាយ​អស់ ២៥២​ពាន់​លាន​ដុល្លារ

ប្រទេស​ចិន គឺជា​ប្រទេស​ធំ​ជាងគេ​ទី​២ ដែល​មានការ​ចំណាយ​យោធា​ខ្ពស់​បំផុត​នៅ​លើ​ពិភពលោក ពោល​ចិន ចាយវាយ​អស់​ទឹកប្រាក់ ២៥២ ពាន់​លាន​ដុល្លារ ប្រហែល ២,៥​ដង​ច្រើន​ជាង​ប្រទេស​ឥណ្ឌា​។ ថវិកា​យោធា​ចិន​តំណាង​ឲ្យ ១៣% នៃ​ការ​ចំណាយ​យោធា​សរុប​របស់​ពិភពលោក​។ ដោយឡែក​មហាអំណាច​មួយ​នេះ បាន​បង្កើន​ថវិកា​យោធា​របស់​ខ្លួន​ប្រមាណ ៧៦% គិត​ពី​ឆ្នាំ ២០១១ ដល់​ឆ្នាំ ២០២០​។ 

៣) ប្រទេស​ឥណ្ឌា ចំណាយ​អស់ ៧៣​ពាន់​លាន​ដុល្លារ

ប្រទេស​ឥណ្ឌា ដែល​ជា​មហាអំណាច​លេចធ្លោ​មួយ​នៅ​អាស៊ី​ខាងត្បូង មានការ​ចំណាយ​ផ្នែក​យោធា​ចំនួន ៧៣​ពាន់​លាន​ដុល្លារ ដែល​ធ្វើ​ឱ្យ​ប្រទេស​នេះ​ជាប់​ចំណាត់ថ្នាក់​ទី​៣ នៅ​ក្នុង​បញ្ជី​ប្រទេស​ដែល​មាន​ថវិកា​យោធា​ខ្ពស់​បំផុត​នៅ​លើ​ពិភពលោក​។ ឥណ្ឌា​ចំណាយ​លើ​យោធា​ស្មើនឹង ២,៩% នៃ​ផលិតផល​ក្នុងស្រុក​សរុប​របស់​ខ្លួន​។ ដោយឡែក​ចាប់ពី​ឆ្នាំ ២០១១ ដល់​ឆ្នាំ ២០២០ ការ​ចំណាយ​យោធា​របស់​ឥណ្ឌា​បាន​កើនឡើង​ដល់​ទៅ ៣៤%​ឯណោះ​។ ជាមួយ​គ្នា​នេះ ឥណ្ឌា​រួមចំណែក ៣,៧% ចំពោះ​ការ​ចំណាយ​យោធា​សរុប​របស់​ពិភពលោក​។

៤) ប្រទេស​រុ​ស្សី ចំណាយ​ជិត ៦២​ពាន់​លាន​ដុល្លារ

ប្រទេស​រុ​ស្ស៊ី​បាន​ចំណាយ​ប្រមាណ ៣,៤% នៃ​ផលិតផល​ក្នុងស្រុក​សរុប​របស់​ខ្លួន​លើ​សកម្មភាព​យោធា​នៅ​ឆ្នាំ​២០២០ ដែល​ស្មើនឹង​ទឹកប្រាក់​ប្រមាណ​ជិត ៦២​ពាន់​លាន​ដុល្លារ​។ ជាមួយនឹង​ទឹកប្រាក់​ដ៏​ច្រើន​សន្ធឹកសន្ធាប់​នេះ រុ​ស្សី​ជាប់​ចំណាត់ថ្នាក់​ទី​៤ នៅ​ក្នុង​បញ្ជី​ប្រទេស ដែល​មាន​ថវិកា​យោធា​ខ្ពស់​បំផុត​នៅ​លើ​ពិភពលោក​។ ប្រទេស​នេះ បាន​បង្កើន​ថវិកា​យោធា​របស់​ខ្លួន​ចំនួន ២,៥% ពី​ឆ្នាំ ២០១៩ ដល់ ២០២០​។ ដោយឡែក​បើ​គិត​ចាប់ពី​ឆ្នាំ ២០១១ ដល់​ឆ្នាំ​២០២០ ថវិកា​យោធា​រុ​ស្សី​បាន​បន្ត​កើនឡើង ២៦%​។

៥) ចក្រភព​អង់គ្លេស ចំណាយ​អស់​ជិត ៦០​ពាន់​លាន​ដុល្លារ

ចក្រភព​អង់គ្លេស​បាន​ចំណាយ​ជិត​៦០​ពាន់​លាន​ដុល្លារ លើ​វិស័យ​យោធា​កាលពី​ឆ្នាំ ២០២០ ដែល​ជា​ចំនួន​ធំ​បំផុត​មួយ​ដែរ នៅ​ក្នុង​តំបន់​អឺរ៉ុប​ខាងលិច តែ​តួលេខ​នេះ មិន​បាន​កត់ត្រា​ក្នុង​ចំណោម​ប្រទេស​សហភាព​អឺរ៉ុប​នោះ​ទេ ដោយសារ​អង់គ្លេស​បាន​ចាក​ចេញពី EU ទៅ​ហើយ​។ ការ​ចំណាយ​លើ​យោធា​របស់​ចក្រភព​អង់គ្លេស​ស្មើនឹង ២,២% នៃ​ផលិតផល​ក្នុងស្រុក​សរុប​របស់​ខ្លួន​ក្នុង​ឆ្នាំ​២០២០​។ យ៉ាងណាមិញ ប្រទេស​នេះ​ត្រូវ​បាន​គេ​កត់ត្រា​ថា បាន​កាត់​បន្ថយ​ការ​ចំណាយ​ផ្នែក​យោធា​ចំនួន ៤,២% ពី​ឆ្នាំ ២០១១ ដល់ ២០២០​។ 

៦) ប្រទេស អា​រ៉ា​ប៊ី សា​អូឌីត ចំណាយ​អស់ ៥៧ ពាន់​លាន​ដុល្លារ

ក្នុង​ឆ្នាំ ២០២០ អា​រ៉ា​ប៊ី​សា​អូឌីត​ជាប់​ចំណាត់ថ្នាក់​ទី​៦ នៅ​ក្នុង​បញ្ជី​ប្រទេស ដែល​មាន​ថវិកា​យោធា​ខ្ពស់​បំផុត​នៅ​លើ​ពិភពលោក ដោយ​បាន​ចំណាយ​អស់​ជាង ៥៧​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ស្មើនឹង ៨,៤% នៃ​ផលិតផល​ក្នុងស្រុក​សរុប​របស់​ខ្លួន​។ ប៉ុន្តែ​ខុស​ប្លែក​ពី​ប្រទេស​ដទៃ ចាប់ពី​ឆ្នាំ ២០១៩ ដល់​ឆ្នាំ ២០២០ ប្រទេស​អា​រ៉ា​ប៊ី សា​អូឌីត បាន​កាត់​បន្ថយ​លើ​ចំណាយ​យោធា​ចំនួន ១០% ដែល​បណ្តាល​ឱ្យ​ប្រទេស​នេះ​រំកិល​ខ្លួន​ចុះ​ពី​តំណែង​ប្រទេស ចំណាយ​លើ​យោធា​ធំ​ជាងគេ​លំដាប់​ទី​៥ នៅ​ក្នុង​បញ្ជី​កាលពី​ឆ្នាំ​២០១៩​។

៧) ប្រទេស​អា​ល្លឺ​ម៉​ង់ ចំណាយ​អស់​ជិត ៥៣​ពាន់​លាន​ដុល្លារ

ប្រទេស​អា​ល្លឺ​ម៉​ង់ គឺជា​ប្រទេស​ដែល​មានការ​ចំណាយ​ច្រើន​ជាងគេ នៅ​ក្នុង​ចំណោម​ប្រទេស​សហភាព​អឺរ៉ុប ទាក់ទង​នឹង​ការ​ចំណាយ​លើ​វិស័យ​យោធា​នៅ​ក្នុង​ឆ្នាំ​២០២០​។ អា​ល្លឺ​ម៉​ង់ ចំណាយ ១,៤% នៃ​ផលិតផល​ក្នុងស្រុក​សរុប​របស់​ខ្លួន​លើ​វិស័យ​យោធា​នៅ​ឆ្នាំ ២០២០ ដែល​ស្មើនឹង​ទឹកប្រាក់​ប្រមាណ ជិត​៥៣​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​។ ប្រទេស​នេះ បាន​បង្កើន​ការ​ចំណាយ​ផ្នែក​យោធា​របស់​ខ្លួន​ចំនួន ៥,២% ពី​ឆ្នាំ​២០១៩ ដល់​ឆ្នាំ​២០២០ ហើយ​បើ​គេ​រាប់​ចាប់ពី​ឆ្នាំ ២០១១​មក ការ​ចំណាយ​ផ្នែក​យោធា​អា​ល្លឺ​ម៉​ង់​បាន​កើនឡើង​ជាង​២៨%​។

៨) ប្រទេស​បារាំង ចំណាយ​អស់​ជិត​៥២,៧ ពាន់​លាន​ដុល្លារ

ប្រទេស​បារាំង គឺជា​ប្រទេស​ទី​៨ នៅ​ក្នុង​បញ្ជី​ប្រទេស​ដែល​មាន​ថវិកា​យោធា​ខ្ពស់​បំផុត​នៅ​លើ​ពិភពលោក​។ ជាមួយនឹង​ការ​ចំណាយ​ផ្នែក​យោធា​ជិត ៥៣​ពាន់​លាន​ដុល្លារ ស្មើនឹង ២,១% នៃ​ផលិតផល​ក្នុងស្រុក​សរុប ឬ GDP របស់​ខ្លួន​នៅ​ឆ្នាំ ២០២០​។ ប្រទេស​បារាំង​បាន​បង្កើន​ថវិកា​យោធា​របស់​ខ្លួន​ចំនួន ២,៩%​នៅ​ឆ្នាំ​២០២០ បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ​ថវិកា​ឆ្នាំ ២០១៩​។ ដោយឡែក តួលេខ​ពី​ឆ្នាំ ២០១១ ដល់​ឆ្នាំ ២០២០ ប្រទេស​នេះ​បាន​បង្កើន​ថវិកា​របស់​ខ្លួន​ដល់​ទៅ ២៨%​។

៩) ប្រទេស​ជប៉ុន ចំណាយ​អស់​៤៩​ពាន់​លាន​ដុល្លារ

ប្រទេស​ជប៉ុន​បាន​ចំណាយ​ប្រាក់​ប្រមាណ ៤៩​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ដែល​ស្មើនឹង ១% នៃ​ផលិតផល​ក្នុងស្រុក​សរុប ឬ​GDP របស់​ខ្លួន​ទៅ​លើ​ថវិកា​យោធា​។ ការ​ចំណាយ​ផ្នែក​យោធា​របស់​ជប៉ុន​បាន​កើនឡើង ១,២% ក្នុង​កំឡុង​ឆ្នាំ ២០១៩​ដល់​២០២០ ប៉ុន្តែ​បើ​គេ​គិត​ពី​ឆ្នាំ ២០១១ ដល់​២០២០​វិញ ឃើញ​ថា ប្រទេស​នេះ​បាន​បង្កើន​ថវិកា​របស់​ខ្លួន​តែ ២,៨% ប៉ុណ្ណោះ​។

១០) សាធារណៈរដ្ឋ​កូរ៉េ (​កូរ៉េ​ខាងត្បូង​) ចំណាយ​អស់ ៤៥​ពាន់​លាន​ដុល្លារ

សាធារណៈរដ្ឋ​កូរ៉េ ឬ​គេ​អាច​ស្គាល់​បាន​ថា កូរ៉េ​ខាងត្បូង ដែល​ជា​ប្រទេស​នៅ​ក្នុង​តំបន់​អាស៊ី ជាប់​ចំណាត់ថ្នាក់​ទី ១០ នៅ​ក្នុង​បញ្ជី​ប្រទេស​ដែល​មាន​ថវិកា​យោធា​ខ្ពស់​បំផុត​នៅ​លើ​ពិភពលោក​។ ប្រទេស​នេះ​បាន​បង្កើន​ការ​ចំណាយ​ផ្នែក​យោធា​របស់​ខ្លួន​ចំនួន ៤១% ពី​ឆ្នាំ ២០១១ ដល់​ឆ្នាំ ២០២០​។ និយាយ​ដោយឡែក កូរ៉េ​ខាងត្បូង​បាន​បង្កើន​ថវិកា​យោធា ៤,៩% នៅ​ឆ្នាំ ២០២០ បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ ២០១៩ ។

ដោយសារ​តែ​ប្រទេស​ដូច​ជា កូរ៉េ​ខាងត្បូង​នេះ​បាន​បង្កើន​ការ​ចំណាយ​លើ​វិស័យ​ការពារ​ជាតិ​របស់​ពួក​គេ​ក្រុមហ៊ុន​ឯកជន​ជា​ច្រើន​ដែល​ជា​ក្រុមហ៊ុន ឯកទេស​ផលិត និង​អភិវឌ្ឍ​គ្រឿង​សម្ភារៈ​យោធា បាន​កត់ត្រា​ពី​ប្រាក់​ចំណេញ​របស់​ខ្លួន​កប់​ពពក​ផង​ដែរ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ការនាំចេញទំនិញកម្ពុជាទៅអាមេរិកនៅតែកើនខ្ពស់ដល់ ៤០% នៅ៨ខែឆ្នាំនេះ ទោះកូវីដ-១៩កំពុងរាតត្បាតខ្លាំង

ព័ត៌មាន
ការនាំចេញទំនិញរបស់កម្ពុជានៅតែកើនខ្លាំងក្នុងរយៈពេល៨ខែដើមឆ្នាំ២០២១នេះ បើទោះបីជាកូវីដ១៩បាននិងកំពុងបន្ដអុកឡុកខ្លាំងក្ដី។ ជាក់ស្តែងនៅរយៈព…

តើវិស័យដឹកជញ្ជូន និងឡូជីស្ទិកអាស៊ានជួបបញ្ហារកាំរកូសអ្វីខ្លះ?

ព័ត៌មាន
ប្រសិនបើ ឧបសគ្គនៃការប្រកួតប្រជែងក្នុងវិស័យដឹកជញ្ជូន និងឡូជីស្ទិកអាស៊ាន ត្រូវបានដកចេញនោះ សេដ្ឋកិច្ចរបស់តំបន់អាស៊ាន អាចនឹងប្រសើរជាងនេះ ដោ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ