បើតាមការអះអាងរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ទោះបីថា កន្លងមកកម្ពុជាមានការបាត់បង់នូវការអនុគ្រោះពន្ធ ប្រមាណ ២០% នៃប្រព័ន្ធអនុគ្រោះពន្ធ EBA ក៏ដោយ ប៉ុន្ដែ បញ្ហានេះ វាមិនបានធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរមកលើសេដ្ឋកិច្ចកម្ពុជានោះទេ ពោលគឺការនាំចេញរបស់កម្ពុជាទៅកាន់សហភាពអឺរ៉ុប នៅតែមានកំណើនរឹងមាំ។
ថ្លែងក្នុងឱកាសចុះជួបសំណេះសំណាលជាមួយកម្មករ-កម្មការិនី ក្នុងខេត្តកំពង់ឆ្នាំង នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានគូសបញ្ជាក់ មិនយូរនោះទេប្រព័ន្ធអនុគ្រោះពន្ធ EBA របស់កម្ពុជានឹងត្រូវបាត់បង់ទាំងស្រុង ប៉ុន្តែ សម្រាប់កម្ពុជា បញ្ហានេះមិនមានផលពាល់ធ្ងន់ធ្ងរនោះទេ ព្រោះកម្ពុជាមិនពឹងផ្អែកទាំងស្រុងលើប្រទេសដទៃ ដើម្បីបន្តដង្ហើមសម្រាប់រស់នោះទេ។ បន្ថែមលើនេះ សម្ដេចក៏បានបញ្ជាក់ច្បាស់ៗទៀតថា រហូតមកដល់ពេលនេះ កម្ពុជា មិនទាន់បានរងគ្រោះដោយសារ ការដកផ្នែកខ្លះនៃប្រព័ន្ធអនុគ្រោះពន្ធ EBA ឬ GSP របស់សហរដ្ឋអាមេរិកនោះឡើយ ហើយសម្ដេចលើកឡើងថា ការមិនពឹងផ្អែកលើប្រព័ន្ធអនុគ្រោះពន្ធ គឺជាការពង្រឹងភាពធន់នៃសេដ្ឋកិច្ចរបស់កម្ពុជា។
លោកបណ្ឌិត គី សិរីវឌ្ឍ អ្នកស្រាវជ្រាវសេដ្ឋកិច្ច និងជាប្រធានវិទ្យាស្ថានសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជា បានគូសបញ្ជាក់ថា ប្រព័ន្ធអនុគ្រោះពន្ធ EBA គួរត្រូវបានដកចេញពីកម្ពុជាតាំងពីឆ្នាំ២០១៩ មកម្ល៉េះ ពោលគឺបន្ទាប់ពីកម្ពុជាបានក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតទាប ដ្បិតប្រព័ន្ធនេះផ្តល់ឲ្យតែប្រទេសក្រីក្រប៉ុណ្ណោះ។ យ៉ាងណាមិញ ទាំងមន្ត្រីរាជរដ្ឋាភិបាល និងអ្នកជំនាញសុទ្ធតែបានអះអាងថា ការព្យួរ EBA ពីកម្ពុជា ២០% កន្លងមកមិនបានធ្វើឲ្យប៉ះពាល់ដល់ការធ្វើពាណិជ្ជកម្ម និងការនាំចេញផលិតផលរបស់កម្ពុជានោះទេ ហើយពួកគេមានសុទិដ្ឋិនិយមថា ការនាំចេញទំនិញរបស់កម្ពុជាទៅកាន់ទីផ្សារអឺរ៉ុបនឹងនៅតែមានភាពធន់ បើទោះបីបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធ EBA ទាំងស្រុង នៅប៉ុន្មានឆ្នាំខាងមុខនេះក៏ដោយ។
គួរបញ្ជាក់ថា ប្រព័ន្ធអនុគ្រោះពន្ធ EBA និង GSP គឺជាប្រព័ន្ធអនុគ្រោះពន្ធមួយ ដែលប្រទេសមានសេដ្ឋកិច្ចជឿនលឿនផ្តល់ឲ្យប្រទេសកំពុងអភិវឌ្ឍន៍ និងប្រទេសក្រីក្រសំដៅជួយលើការធ្វើពាណិជ្ជកម្ម និងជំរុញកំណើនសេដ្ឋកិច្ចរបស់ប្រទេសទាំងនោះ ដោយភ្ជាប់ជាមួយនឹងលក្ខខណ្ឌសិទ្ធិមនុស្ស និងសិទ្ធិការងារមួយចំនួនផងដែរ។ ជាគោលការណ៍ប្រព័ន្ធអនុគ្រោះពន្ធទាំងនេះ នឹងត្រូវបាត់បង់ដោយស្វ័យប្រវត្តិ នៅពេលប្រទេសកំពុងអភិវឌ្ឍន៍ និងប្រទេសក្រីក្របានចាកចេញពីប្រទេសមានចំណូលកម្រិតទាប ឬក្រុមប្រទេសមានការអភិវឌ្ឍន៍តិចតួច៕