អចលនទ្រព្យនៅក្រុងចំនួន៤ទទួលបានការលើកលែងពន្ធ

មានហេតុផលអ្វីខ្លះ ជំរុញឲ្យរាជរដ្ឋាភិបាល លើកលែងពន្ធលើអចលនទ្រព្យនៅក្រុងទើបបង្កើតថ្មីចំនួន៤ ?


ថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចលើកលែងពន្ធលើអចលនទ្រព្យក្នុងក្រុង ដែលទើបបង្កើតថ្មីចំនួន៤ រួមមានក្រុងឧដុង្គម៉ែជ័យ ក្រុងសំពៅពូន ក្រុងអរិយក្សត្រ និងក្រុងបូកគោរហូតដល់ដំណាច់ឆ្នាំ២០២៣។ តើមានកត្តាអ្វីខ្លះជំរុញឲ្យរាជរដ្ឋាភិបាលសម្រេចលើកលែងពន្ធលើអចលនទ្រព្យនៅក្នុងក្រុងទាំង៤នេះរហូតដល់ដំណាច់ឆ្នាំ២០២៣?
អចលនទ្រព្យនៅក្រុងចំនួន៤ទទួលបានការលើកលែងពន្ធ
ដោយ

ឯកឧត្តម មាស សុខសេនសាន អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានលើកឡើងថា ការគ្រប់គ្រង​ការប្រមូលពន្ធ-អាករគ្រប់ប្រភេទ មិនថា តែពន្ធលើអចលនទ្រព្យនោះទេ រាជរដ្ឋាភិបាលតែងតែគិតគូគ្រប់ជ្រុងជ្រោយលើលទ្ធភាពនៃការបង់ពន្ធ និងផលប៉ះពាល់របស់ប្រជាពលរដ្ឋ។ ជាក់ស្តែង ការសម្រេចលើកលែងពន្ធលើអចលនទ្រព្យចំពោះក្រុងទាំង៤ រួមមានក្រុងឧដុង្គម៉ែជ័យ នៃខេត្តកំពង់ស្ពឺ ក្រុងអរិយក្សត្រ និងក្រុងសំពៅពូន នៃខេត្តកណ្តាល និងក្រុងបូកគោ នៃខេត្តកំពត រាជរដ្ឋាភិបាលផ្អែកលើហេតុផលសំខាន់ៗ៣យ៉ាង។

ហេតុផលទាំងនោះរួមមានទី១. ដោយសាររាជរដ្ឋាភិបាលគិតថា ការរៀបចំរចនាសម្ព័ន្ធ និងប្រព័ន្ធគ្រប់គ្រងរដ្ឋបាលនៃក្រុងទាំង៤ នេះទើបតែកាត់ពីស្រុកមួយចំនួននៃខេត្តកណ្តាល ខេត្តកំពង់ស្ពឺ និងខេត្តកំពត នៅពុំទាន់បានរៀបចំដំណើរការរលូននៅឡើយ។ ទី២. ការប្រមូលពន្ធលើអចលនទ្រព្យ ចំពោះអចលនទ្រព្យស្ថិតនៅក្នុងទីក្រុងដែលទើបបង្កើតថ្មី គឺទាមទារឱ្យមានការអប់រំផ្សព្វផ្សាយ និងបញ្ជ្រាបវប្បធម៌បង់ពន្ធបន្ថែម ជូនដល់ម្ចាស់អចលនទ្រព្យជាបណ្តើរៗ សម្រាប់ការត្រៀមចាប់ផ្តើមអនុវត្តក្នុងឆ្នាំ២០២៤។ ជាពិសេស គឺដើម្បីផ្តល់ពេលវេលាជូនម្ចាស់អចលនទ្រព្យក្នុងការសិក្សា ឈ្វេងយល់ និងត្រៀមលក្ខណៈទទួលយកកាតព្វកិច្ចបង់ពន្ធនេះ។

និងទី៣. ការលើកលែងការបង់ពន្ធនេះ គឺដើម្បីផ្តល់ពេលវេលាដល់អនុគណៈកម្មការវាយតម្លៃអចលនទ្រព្យនៅតាមខេត្តនីមួយៗ រៀបចំបញ្ជីអចលនទ្រព្យ និងតម្លៃអចលនទ្រព្យតាមប្រភេទ និងតាមតំបន់នៅតាមមូលដ្ឋានក្នុងដែនសមត្ថកិច្ចខេត្ត និងបញ្ជូនមកគណៈកម្មការវាយតម្លៃអចលនទ្រព្យ ព្រមទាំងផ្សព្វផ្សាយ ណែនាំ បណ្តុះបណ្តាលដល់ក្រុមការងារអចលនទ្រព្យសង្កាត់ និងអ្នកជាប់ពន្ធអំពីតម្លៃមូលដ្ឋានគិតពន្ធលើអចលនទ្រព្យនិងបទប្បញ្ញត្តិនានាស្តីពីការគ្រប់គ្រងការប្រមូលពន្ធលើអចលនទ្រព្យ។

គួរបញ្ជាក់ថា ក្រសួងសេដ្ឋកិច្ច​ និងហិរញ្ញវត្ថុបានចេញ​សេចក្តីប្រកាសព័ត៌មានមួយ ដោយសម្រេចលើកលែងពន្ធលើអចលនទ្រព្យក្នុងក្រុងទើបបង្កើតថ្មីចំនួន៤រួមមានក្រុងឧដុង្គម៉ែជ័យនៅខេត្តកំពង់ស្ពឺ ក្រុងអរិយក្សត្រ និងក្រុងសំពៅពូននៅខេត្តកណ្តាល និងក្រុងបូកគោនៅខេត្តកំពតរហូតដល់ដំណាច់ឆ្នាំ២០២៣។ សម្រាប់រាជរដ្ឋាភិបាលប្រជាពលរដ្ឋរស់នៅក្នុងក្រុងទាំងនេះមានកាតព្វកិច្ចចុះបញ្ជីអចលនទ្រព្យរបស់ខ្លួននៅសាខាពន្ធដារខេត្ត ឬនៅនាយកដ្ឋានពន្ធចលនទ្រព្យ និងអចលនទ្រព្យនៃអគ្គនាយកដ្ឋានពន្ធដារ។ ប៉ុន្តែម្ចាស់អចលនទ្រព្យទាំងនោះពុំមានកាតព្វកិច្ចដាក់លិខិតប្រកាស និងបង់ពន្ធលើអចលនទ្រព្យនោះទេ។

ប៉ុន្តែក្នុងករណីម្ចាស់អចលនទ្រព្យក្នុងក្រុងទាំង៤ខាងលើបានបង់ពន្ធរួចហើយ ប្រាក់ពន្ធទាំងនោះត្រូវបានរាជរដ្ឋាភិបាលអនុញ្ញាតឲ្យធ្វើជាឥណទានយោងសម្រាប់យកទៅកាត់កងពន្ធលើអចលនទ្រព្យនៅឆ្នាំបន្តបន្ទាប់។ តែយ៉ាងណា ទាមទារឲ្យម្ចាស់អចលនទ្រព្យទាំងនោះដាក់ពាក្យស្នើសុំឥណទានពន្ធលើអចលនទ្រព្យដែលបានបង់ពន្ធរួចនៅសាខាពន្ធដារខេត្ត ឬនៅអគ្គនាយកដ្ឋានពន្ធដារ៕




អត្ថបទបន្ទាប់


សម្ដេច ហ៊ុន សែន៖ ទោះកម្ពុជាអាចនឹងបាត់បង់ EBA ទាំងស្រុងក៏មិនធ្វើឲ្យកម្មករ-កម្មារិនី រោងចក្រកាត់ដេររងគ្រោះដែរ

ព័ត៌មាន
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអះអាងជាថ្មីទៀត ដោយបន្តអំពាវនាវដល់បងប្អូនកម្មករ-កម្មការិនី កុំឲ្យមានការព្រួយបារម្ភចំពោះ បញ្…

ការរៀបចំបំណុលឡើងវិញសម្រាប់ប្រទេសក្រីក្រប្រព្រឹត្តទៅយឺត ប៉ុន្តែ IMF រំពឹងថា រកឃើញវឌ្ឍនភាពឆាប់ៗ

ព័ត៌មាន
នាប៉ុន្មានសប្ដាហ៍ខាងមុខ តួអង្គទាំងឡាយដែលពាក់ព័ន្ធនឹងបញ្ហាបំណុលជាតិរបស់ប្រទេសនានានៅក្នុងពិភពលោក និងមកប្រជុំគ្នាជាបន្តបន្ទាប់ ដើម្បីរកវិធី…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ