
ទោះបីយ៉ាងនេះក្តី អ្នកជំនាញ និងអ្នកតាមដានស្ថានការណ៍សង្គមបានបង្ហាញការព្រួយបារម្ភថា ថៃ អាចនឹងប្រើយន្តហោះចម្បាំងដ៏ទំនើបចុងក្រោយរបស់ស៊ុយអែត វាយប្រហារឈ្លានពានមកលើកម្ពុជា ជាថ្មី បន្ទាប់ពីប្រទេសនេះ បានប្រើយន្តហោះចម្បាំងនេះវាយប្រហារមកលើកម្ពុជា កាលពីពេលកន្លងទៅថ្មីៗនេះ។ ទន្ទឹមនឹងនេះអ្នកជំនាញស្នើឱ្យរាជរដ្ឋាភិបាល គួរធ្វើកំណត់ទូតមួយទៅស៊ុយអែត ដើម្បីឱ្យចេញការបកស្រាយជុំវិញការលក់យន្តហោះចម្បាំងឱ្យថៃ ដែលកំពុងមានជម្លោះព្រំដែនជាមួយកម្ពុជា និងស្នើដល់ប្រទេសជាសហប្រធាននៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ឱ្យចូលរួមត្រួតពិនិត្យសកម្មភាពថៃ ឈ្លានពានលើកម្ពុជា។
លោក សេក សុជាតិ អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ និងការស្រាវជ្រាវ សង្កេតឃើញថា កាលណាប្រទេសថៃ មានអាវុធទំនើប ក៏ដូចជាមានយន្តហោះចម្បាំងសេរីទំនើប ដែលទិញពីស៊ុយអែត នោះថៃ អាចនឹងបន្តមហិច្ឆតាឈ្លានពានលើកម្ពុជា។ បើតាមអ្នកជំនាញរូបនេះ ប្រទេសដែលមានភាពជឿនលឿនតែងតែប្រើអំណាចរបស់ខ្លួនលេបត្របាក់ប្រទេសទន់ខ្សោយជាងខ្លួន ខណៈសហគមន៍អន្តរជាតិភាគច្រើនតែងគាំទ្រប្រទេសណាដែលមានប្រយោជន៍សម្រាប់ខ្លួន ដែលកត្តានេះលោកស្នើឱ្យរដ្ឋាភិបាលគួរតែធ្វើកំណត់ទូតដាក់ទៅប្រទេសស៊ុយអែត ដើម្បីសុំការបកស្រាយជុំវិញគោលបំណងលក់យន្តហោះចម្បាំងឱ្យថៃ ដែលមានភ្ជាប់ជាមួយឯកសារ ដែលថៃ បានប្រើយន្តហោះនេះទម្លាក់គ្រាប់លើទ្រព្យសម្បត្តិ និងបេតិកភណ្ឌរបស់កម្ពុជា ថាតើត្រឹមត្រូវជាមួយកិច្ចសន្យាលក់នេះដែរឬទេ ហើយកម្ពុជា គួរតែផ្ញើសារមួយទៅកាន់អង្គការសហប្រជាជាតិ ដើម្បីតវ៉ាជុំវិញរឿងស៊ុយអែត លក់យន្តហោះឱ្យថៃ ដើម្បីឈ្លានពានលើកម្ពុជា ហើយកម្ពុជា គួរតែស្នើសុំប្រទេសជាសហប្រធាននៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣តុលា ឆ្នាំ១៩៩១ ដើម្បីចូលរួមត្រួតពិនិត្យសកម្មភាពថៃឈ្លានពានលើកម្ពុជា ផងដែរ។
ជាមួយគ្នានេះ លោកបណ្ឌិត ឈត ប៊ុនថង អ្នកស្រាវជ្រាវ និងជាអ្នកជំនាញទស្សនវិជ្ជា នៃរាជបណ្ឌិតសភាកម្ពុជា កត់សម្គាល់ឃើញថា ការទិញយន្តហោះចម្បាំងរបស់ថៃ ពីប្រទេសស៊ុយអែតចំនួន៤គ្រឿនេះ ថៃទំនងជាកំពុងពង្រីងសមត្ថភាពកងទ័ពជើងអាកាសរបស់ខ្លួន និងហាក់បង្កើនសមត្ថភាពដើម្បីទុកឈ្លានពានមកលើកម្ពុជា។ អ្នកជំនាញរូបនេះបានបន្តថា ទោះបីកិច្ចព្រមព្រៀងលក់យន្តហោះនេះមិនមែនឱ្យថៃ ប្រើសម្រាប់ឈ្លានពានលើប្រទេសណាក៏ដោយ តែយ៉ាងណាប្រសិនជាថៃ ចង់ប្រើប្រាស់ដើម្បីឈ្លានពានលើកម្ពុជា ក៏ប្រទេសជាអ្នកលក់មិនអាចធ្វើអ្វីអ្នកទិញបានដែរ ពិសេសច្បាប់អន្តរជាតិ ក៏មិនសូវមានប្រសិទ្ធភាពនោះដែរ។ អ្នកជំនាញរូបនេះសង្កេតឃើញថា ខណៈពេលនេះ កម្ពុជា គួរតែឆាប់ពង្រីងសមត្ថភាពកងទ័ពដែនអាកាស និងត្រូវទិញយន្តហោះចម្បាំងទុកការពារដែនអាកាសរបស់ខ្លួន។
បើយោងតាមការគូសបញ្ជាក់របស់អធិការកិច្ចផលិតផលយុទ្ធសាស្ត្រ (ISP) នៃប្រទេសស៊ុយអែត កិច្ចព្រមព្រៀងលក់សព្វាវុធណាមួយ ជាពិសេសពាក់ព័ន្ធនឹងយន្តហោះចម្បាំងត្រូវបានធ្វើឡើងដោយឆ្លងកាត់ការវាយតម្លៃយ៉ាងហ្មត់ចត់អំពីបញ្ហាសិទ្ធិមនុស្ស និងភូមិសាស្ត្រនយោបាយ។ លក្ខខណ្ឌដ៏តឹងរ៉ឹងដែលទាក់ទងនឹងការលក់យន្តហោះចម្បាំង Gripen ដាក់កម្រិតលើការប្រើប្រាស់របស់វាសម្រាប់គោលបំណងការពារជាតិ តែប៉ុណ្ណោះ គឺមិនមែនប្រើសម្រាប់ឈ្លានពានប្រទេសដទៃនោះឡើយ ដោយអនុលោមតាមច្បាប់អន្តរជាតិ និងស្តង់ដាមនុស្សធម៌។
យន្តហោះចម្បាំងដែលស៊ុយអែត ទើបចុះកិច្ចព្រមព្រៀងលក់ឱ្យថៃ រួមមាន យន្តហោះ Gripen E ចំនួន៣គ្រឿង និង Gripen F ចំនួន១គ្រឿង ដែលសុទ្ធសឹងជាយន្តហោះប្រយុទ្ធសម័យថ្មីរបស់ប្រទេសស៊ុយអែត និងមានសមត្ថភាពរកឃើញគោលដៅច្រើនក្នុងពេលតែមួយ ដែលមានបំពាក់ប្រព័ន្ធ Electronic Warfare (EW) suite ការពារបានខ្លាំង ក៏ដូចជាអាចប្រើអាវុធជាច្រើនប្រភេទដូចជាមីស៊ីលអាកាស និងមីស៊ីទម្លាក់លើដី និងមានផ្ទុកអាវុធសម្រាប់វាយបកទៅលើនាវាលើផ្ទៃសមុទ្រ ជាមួយកម្លាំងពិសេសដែលអាចអនុវត្តភារកិច្ចទប់ស្កាត់ និងវាយប្រហារលើដែនអាកាសផង ផ្លូវគោកផង និងជាយន្តហោះប្រមាញ់លើផ្ទៃសមុទ្រផងដែរ៕
អត្ថបទ៖ ជា ម៉ារ៉ា