លោក ដូណាល់ ត្រាំ បានបន្ទាបលទ្ធភាពនៃការផ្ទុះសង្គ្រាមរវាងសហរដ្ឋអាម៉េរិក ជាមួយប្រទេសវេណេស៊ុយអេឡា តែបានព្រលយពាក្យសម្តីដ៏គួរឱ្យភ្ញាក់ផ្អើលថា ថ្ងៃរបស់លោក នីកូឡាស ម៉ាឌូរូ (Nicolás Maduro) ក្នុងតំណែងជាប្រធានាធិបតីរបស់ប្រទេសនេះជិតអស់ហើយ ។ នៅពេលអ្នកសារព័ត៌មានសួរថា តើអាម៉េរិកនឹងធ្វើសង្គ្រាមប្រឆាំងនឹងប្រទេសវេណេស៊ុយអេឡា ដែរឬទេ? លោក ត្រាំ ឆ្លើយយ៉ាងខ្លីថា លោកមិនគិតដូច្នេះទេ តែវាស្ថិតក្នុងការសង្ស័យ ។ ការអត្ថាធិប្បាយបែបនេះរបស់លោក ត្រាំ កើតឡើងក្រោយអាម៉េរិក បន្តបើកការវាយប្រហារលើនាវា ដែលត្រូវបានចោទប្រកាន់ថា រត់ពន្ធគ្រឿងញៀននៅក្នុងតំបន់ការ៉ាប៊ីន។ រដ្ឋបាលលោក ត្រាំ បាននិយាយថា ការវាយប្រហារនេះ គឺចាំបាច់ដើម្បីទប់ស្កាត់លំហូរគ្រឿងញៀនចូលទៅសហរដ្ឋអាម៉េរិក។
ក្រោយការវាយប្រហារលោក ម៉ាឌូរូ បានចោទប្រកាន់ទីក្រុងវ៉ាស៊ីនតោន ថា កំពុងបង្កើតសង្គ្រាមថ្មី ខណៈប្រធានាធិបតីកូឡុំប៊ី លោក ហ្គាស្តាវ៉ូ ប៉េត្រូ (Gustavo Petro) បាននិយាយថា ការវាយប្រហារនេះ គឺជាការប៉ុនប៉ងគ្រប់គ្រងអាម៉េរិកឡាទីនរបស់អាម៉េរិក។ ឆ្លើយតបនឹងការរិះគន់នេះលោក ត្រាំ បាននិយាយថា នាវានោះវាត្រូវតែកម្ទេច ពីព្រោះវាផ្ទុកគ្រឿងញៀន ដែលអាចសម្លាប់មនុស្សដល់ទៅ២ម៉ឺន៥ពាន់នាក់ និង អាចបំផ្លាញភាពសុខសាន្តរបស់គ្រួសារពលរដ្ឋអាម៉េរិកជាច្រើន៕
ដោយៈ សរ សុជាតិ