យានយន្តអគ្គិសនីជិត៨០០គ្រឿងត្រូវបានចុះបញ្ជីនៅក្រសួងសាធារណការ

កម្ពុជាខិតខំជំរុញការប្រើប្រាស់យានយន្ដអគ្គិសនីកាន់តែខ្លាំង ខណៈបច្ចុប្បន្នមានជិត៨០០គ្រឿងត្រូវបានចុះបញ្ជី


ក្រសួងសាធារណការ និងដឹកជញ្ជូនដែលជាសេនាធិការរបស់រាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងខិតខំមែនទែនក្នុងការជំរុញកំណើនការប្រើប្រាស់យានយន្តអគ្គិសនីនៅកម្ពុជា តាមរយៈការដាក់ចេញគោលនយោបាយលើកទឹកចិត្ត និងស្វែងរកដៃគូសហការក្នុងការបង្កើតស្ថានីយសាកអាគុយអគ្គិសនី ដែលបច្ចុប្បន្នមានចំនួន១៣កន្លែង។ បើតាមការគូសបញ្ជាក់របស់ថ្នាក់ដឹកនាំក្រសួងសាធារណការ ការចុះបញ្ជីយានយន្តអគ្គិសនីកម្ពុជាមានការកើនឡើងយ៉ាងគំហុកពីមួយឆ្នាំទៅមួយឆ្នាំ។
រថយន្តអគ្គិសនី រូបភាព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន

ជាក់ស្តែង គិតត្រឹមដំណាច់ខែមករា ឆ្នាំ២០២៣ មានយានយន្តអគ្គិសនីជិត៨០០គ្រឿងហើយ ត្រូវបានចុះបញ្ជីនៅក្រសួងសាធារណការនិងដឹកជញ្ជូន។ ថ្នាក់ដឹកនាំរូបនេះជឿជាក់ថា កំណើនអ្នកប្រើប្រាស់យានយន្តអគ្គិសនីនឹងបន្តកើនឡើងកាន់តែខ្លាំង ក្រោយកម្ពុជាមានស្ថានីយសាកអាគុយកាន់តែច្រើនទៅទូទាំងប្រទេស។

ក្នុងបទសម្ភាសន៍ជាមួយអ្នកសារព័ត៌មានក្នុងកម្មវិធីអបអរសាទរខួប៣ឆ្នាំនៃការលក់លេខពិសេសផ្ទាល់ខ្លួនកាលពីព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានអះអាងថា ការចុះបញ្ជីយានយន្តអគ្គិសនីកម្ពុជាមានកើនឡើងយ៉ាងគំហុកពីមួយឆ្នាំទៅមួយ។ ជាក់ស្តែង គិតត្រឹមដំណាច់ខែមករា ឆ្នាំ២០២៣ មានយានយន្តអគ្គិសនីចំនួន ៧៩៤គ្រឿងត្រូវបានចុះបញ្ជីនៅក្រសួងសាធារណការ និងដឹកជញ្ជូន ដែលជាតួលេខមួយខ្ពស់បើធៀបនឹងឆ្នាំ២០២២ ដែលមានចុះបញ្ជីតែជាង ៦០០គ្រឿង និងឆ្នាំ២០២១ មានតែ៦៣គ្រឿងប៉ុណ្ណោះ។ ដោយឡែក នៅក្នុងខែមករា ឆ្នាំ២០២៣ មានយានយន្តអគ្គិសនីចំនួន៦២គ្រឿងត្រូវបានចុះបញ្ជីនៅក្រសួង មានការកើនឡើងប្រមាណ១២៤% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២២។

ដើម្បីជំរុញកំណើនអ្នកប្រើប្រាស់យានយន្តអគ្គសនីនៅកម្ពុជាឲ្យកាន់តែច្រើនបន្ថែមទៀត ក្រសួងសាធារណការ និងដឹកជញ្ជូនបាននិងកំពុងស្វះស្វែងរកដៃគូសហការ ដើម្បីសាងសង់ស្ថានីយសាកអាគុយរថយន្តអគ្គិសនីនៅតាមបណ្តាខេត្តនានា ដែលមកទល់បច្ចុប្បន្នមានចំនួន១៣កន្លែងហើយ។ សម្រាប់ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដើម្បីទាក់ទាញប្រជាពលរដ្ឋឲ្យងាកមកប្រើប្រាស់រថយន្តអគ្គិសនី លុះត្រាតែកម្ពុជាមានកន្លែងសាកអាគុយរថយន្តប្រភេទនេះច្រើនកន្លែង និងគ្រប់រាជធានីខេត្ត។ បើទោះបីរាជរដ្ឋាភិបាលមានការបញ្ចុះតម្លៃលើពន្ធនាំចូលរថយន្តប្រភេទនេះ៥០% ក៏ដោយ តែការប្រើប្រាស់រថយន្តអគ្គិសនីនៅកម្ពុជានៅមានកម្រិតតិចតួចនៅឡើយបើធៀបនឹងរថយន្តដើរដោយប្រេងឥន្ធនៈ និងហាយប៊្រីដ។ នៅមានកម្រិតតិចតួច ក៏ដោយសាររថយន្តប្រភេទនេះមានតម្លៃថ្លៃ គួបផ្សំកម្ពុជាពុំទាន់មានកន្លែងសាកថាមពលទូលំទូលាយ។

បើតាមការគូសបញ្ជាក់របស់ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ការប្រើប្រាស់រថយន្តអគ្គិសនីអាចជួយកាត់បន្ថយការចំណាយរហូតដល់៣ដងបើធៀបនឹងរថយន្តប្រើប្រាស់ប្រេងឥន្ធនៈ។ បន្ថែមលើនេះ ការប្រើប្រាស់រថយន្តអគ្គិសនី ក៏ជាផ្នែកមួយជួយការពារបរិស្ថាន កាត់បន្ថយការបំភាយឧស្ម័នពុល និងការពារការបម្រែបម្រួលអាកាសធាតុផងដែរ។ បើយើងក្រឡេកទៅមើលនិន្នាការសកលវិញ ប្រទេសជាច្រើនលើពិភពលោកបាន និងកំពុងផ្តោតការយកចិត្តទុកដាក់ខ្លាំងមែនទែនក្នុងការជំរុញឲ្យប្រជាពលរដ្ឋងាកមកប្រើប្រាស់រថយន្តគ្មានការបញ្ចេញផ្សែងមួយនេះ។ ជាមួយគ្នានេះសហភាពអឺរ៉ុបបានកំណត់ឈប់ឲ្យមានលក់រថយន្តដើរដោយប្រេងឥន្ធនៈត្រឹមឆ្នាំ២០៣៥ ខាងមុខនេះ។

ពាក់ព័ន្ធការប្រើប្រាស់យានយន្តអគ្គិសនីនៅកម្ពុជានេះដែរ ក្រុមហ៊ុនរថយន្តអគ្គិសនី BYD របស់ចិនគ្រោងដំឡើងកន្លែងសាកអាគុយរថយន្តអគ្គិសនីចំនួន២០០កន្លែងនៅទូទាំងប្រទេស ដើម្បីរួមចំណែកជួយជំរុញការប្រើប្រាស់រថយន្តគ្មានការបញ្ចេញផ្សែងមួយនេះនៅកម្ពុជា។ នេះបើយោងតាមការគូសបញ្ជាក់របស់ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដែលបានបន្ថែមថា ក្រៅពីក្រុមហ៊ុន BYD មានក្រុមហ៊ុនឯកជនមួយចំនួន និងអង្គការ UNDP ក៏បានចូលរួមសហការក្នុងការដំឡើងស្ថានីយសាកអាគុយរថយន្តអគ្គិសនីនៅកម្ពុជាផងដែរ៕




អត្ថបទបន្ទាប់


វៀតណាមគ្រោងនាំចេញកាហ្វេឲ្យបាន ៦ពាន់លានដុល្លារនៅឆ្នាំ២០៣០ ខណៈអ្នកជំនាញថា បានបញ្ហាប្រឈមច្រើន

ព័ត៌មាន
អ្នកពាក់ព័ន្ធនៅក្នុងឧស្សាហកម្ម ក៏ដូចជាការដាំដុះកាហ្វេនៅវៀតណាម បច្ចុប្បន្នកំពុងតែ ដាក់ចេញនូវផែនការយុទ្ធសាស្រ្តនានានៅក្នុងការជំរុញការនាំចេញ…

ព្រលានយន្តហោះសៀមរាបចាស់នឹងត្រូវបិទទ្វារ ក្រោយព្រលានយន្តហោះសៀមរាបអង្គរថ្មីដាក់ឲ្យដំណើរការ

ព័ត៌មាន
មន្ត្រីជាន់ខ្ពស់រដ្ឋាលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលបានអះអាងថា អាកាសយានដ្ឋានអន្តរជាតិសៀមរាបបច្ចុប្បន្ននេះ នឹងត្រូវបិទទ្វារលែងដំណើរការតទៅទៀ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ