
ថ្លែងក្នុងវេទិកាកិច្ចសន្ទនាសន្តិសុខ សានគ្រីឡា ប្រចាំឆ្នាំនៅប្រទេសសិង្ហបុរី កាលពីចុងសប្ដាហ៍មុន រដ្ឋមន្ត្រីការពារជាតិ អាម៉េរិក លោក ភីត ហេកសិត បាននិយាយថា អាម៉េរិក បានតាំងចិត្តខ្ពស់ក្នុងការពង្រឹងសមត្ថភាពការពារជាតិ នៅពេលមានសង្រ្គាមក្នុងតំបន់ផ្ទុះឡើងនៅជុំវិញពិភពលោករួមទាំងសង្រ្គាមរបស់រុស្ស៊ី នៅអ៊ុយក្រែន និងជម្លោះយោធានៅតំបន់ហ្គាហ្សាផងដែរ។ ក្នុងអំឡុងពេលកំពុងបង្ហាញពីការប្តេជ្ញាចិត្តរបស់អាម៉េរិក ចំពោះតំបន់ឥណ្ឌូប៉ាស៊ីហ្វិកនោះ លោក ហេកសិត បាននិយាយបែបសំដៅចំពោះអវត្តមានរបស់រដ្ឋមន្ត្រីការពារជាតិចិន នៅក្នុងវេទិកានេះថា សហរដ្ឋអាម៉េរិក បានមកចូលរួមក្នុងវេទិកានេះ ខណៈអ្នកផ្សេងទៀតមិនមកចូលរួមនោះទេ។
លោក ហេកសិត បាននិយាយថា គ្រប់គ្នាត្រូវដឹងឱ្យបានច្បាស់ថា ទីក្រុងប៉េកាំង កំពុងត្រៀមខ្លួនយ៉ាងច្បាស់ក្នុងការប្រើប្រាស់កម្លាំងយោធា ដើម្បីផ្លាស់ប្តូរតុល្យភាពអំណាចនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ហើយថា ការវាយប្រហារលើកោះតៃវ៉ាន់នឹងបំផ្លិចបំផ្លាញសម្រាប់តំបន់ឥណ្ឌូប៉ាស៊ីហ្វិក។ លោក ហេកសិត បានជំរុញឱ្យក្រុមមេដឹកនាំនយោបាយ និងការពារជាតិ ដែលបានចូលរួមក្នុងវេទិកានេះចូលរួមធ្វើសកម្មភាពជាបន្ទាន់ក្នុងការរុញច្រានប្រឆាំងនឹងសម្ពាធយោធាដែលកំពុងកើនឡើងរបស់ប្រទេសចិននៅក្នុងសមុទ្រចិន ខាងត្បូង និងជុំវិញកោះតៃវ៉ាន់ ខណៈអាម៉េរិក មិនអាចមើលរំលង និងព្រងើយកន្ដើយបានឡើយ។
ដូច្នេះហើយលោក ហេកសិត បាននិយាយដោយស្នើសុំយ៉ាងទទូចឱ្យសម្ពន្ធមិត្ត និងដៃគូរបស់អាម៉េរិក ត្រូវពង្រឹងផ្នែកការពារជាតិ ហើយពួកគេត្រូវតែចំណាយលើវិស័យការពារជាតិ ដោយឆ្លុះបញ្ចាំងពីគ្រោះថ្នាក់ និងការគំរាមកំហែងដែលពួកគេកំពុងប្រឈមមុខសព្វថ្ងៃនេះ ពីព្រោះការរារាំងបែបនេះត្រូវការចំណាយច្រើន។
ឆ្លើយតបនឹងការអំពាវនាវនេះ នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក អេនថូនី អាល់បានីស (Anthony Albanese) បាននិយាយនៅថ្ងៃចន្ទ ដើមសប្តាហ៍នេះថា រដ្ឋាភិបាលរបស់លោកនឹងសម្រេចចិត្តអំពីតម្រូវការសមត្ថភាពការពារជាតិរបស់ខ្លួនដោយបង្កើនចំណាយថវិកាលើវិស័យការពារជាតិឱ្យដល់៣,៥%នៃផលិតផលក្នុងស្រុកសរុបរបស់ខ្លួន ពោលគឺឡើងដល់ជាង៦ពាន់លានដុល្លារសម្រាប់រយៈពេល៤ឆ្នាំខាងមុខ។
ជាមួយគ្នានេះ លោក ហ្សាង សាវហ្កាង (Zhang Xiaogang) អ្នកនាំពាក្យក្រសួងការពារជាតិ របស់ចិន បានរិះគន់នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដោយបង្ហាញការមិនពេញចិត្តជាខ្លាំង និងប្រឆាំងដាច់ខាតចំពោះការលើកឡើងអវិជ្ជមានរបស់រដ្ឋមន្ត្រីការពារជាតិ អាម៉េរិក រូបនេះ។ លោកបានចាត់ទុកការលើកឡើងរបស់លោក ហេកសិត នេះ គឺពោរពេញដោយមនោគមន៍វិជ្ជាអនុត្តរភាព យុទ្ធសាស្ត្រសម្លុត និងគំនិតសង្រ្គាមត្រជាក់ដែលជាការបំពានយ៉ាងធ្ងន់លើសិទ្ធិអធិបតេយ្យរបស់ចិន បង្ខូចគោលជំហរគោលនយោបាយរបស់ចិន មិនយកចិត្តទុកដាក់ចំពោះការខិតខំរួមគ្នារបស់ប្រទេសក្នុងតំបន់ ដើម្បីរក្សាវិបុលភាព និងស្ថិរភាព និងងាកចេញឆ្ងាយពីសេចក្តីប្រាថ្នាជាសកលសម្រាប់សន្តិភាព និងការអភិវឌ្ឍ៕
ដោយ៖ សុខ មង្គល