សហគ្រិនស្ត្រីនៅកម្ពុជា

ហេតុអ្វីសហគ្រិនស្ត្រីនៅតែជួបបញ្ហាប្រឈមក្នុងការទទួលបានដើមទុន ដើម្បីពង្រីកអាជីវកម្ម?


ថ្នាក់ដឹកនាំសហគ្រិនស្ត្រីកម្ពុជាបានអះអាងថា ស្ត្រីនៅតែជួបបញ្ហាប្រឈមក្នុងការទទួលបានឥណទានពីគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ ដើម្បីស្តារ បើក និងពង្រីកអាជីវកម្មរបស់ខ្លួន បើទោះបីមានការជួយសម្របសម្រួលពីរាជរដ្ឋាភិបាល និងវិស័យឯកជន។ កត្តាប្រឈមដែលធ្វើឲ្យស្ត្រីពិបាកក្នុងការទទួលកម្ចីពីគ្រឹះស្ថានហិរញ្ញវត្ថុ គឺដោយសារសហគ្រិនស្ត្រីមួយចំនួននៅខ្វះការយល់ដឹងពីរបៀបរៀបចំ និងគ្រប់គ្រងរបាយការណ៍ហិរញ្ញវត្ថុ និងការរៀបចំផែនការអាជីវកម្ម គួបផ្សំការផ្តល់សេវាហិរញ្ញវត្ថុពីគ្រឹះស្ថានហិរញ្ញវត្ថុនៅមានភាពស្មុគស្មាញ។
សហគ្រិនស្ត្រីនៅកម្ពុជា (រូបភាព៖ ហ្វេសប៊ុកផេកសមាគមន៍សហគ្រិនស្រ្តីកម្ពុជា)
ដោយ

ទន្ទឹម​នឹង​រំពឹង​ថា ស្ត្រី​អាច​ទទួល​បាន​សេវា​ហិរញ្ញវត្ថុ​ផ្លូវការ​ងាយស្រួល​ជាង​មុន ថ្នាក់ដឹកនាំ​សមាគម​សហគ្រិន​ស្ត្រី ក៏​បាន​ស្នើ​ឲ្យ​គ្រឹះ​ហិរញ្ញវត្ថុ​ទាំងអស់​មានការ​បន្ធូរបន្ថយ​លក្ខខណ្ឌ​ក្នុង​ការ​ផ្តល់​កម្ចី ពិសេស​ពាក់ព័ន្ធ​ទ្រព្យ​ធានា​ផង​ដែរ​។

លោក​ជំទាវ កែវ មុំ ប្រធាន​សមាគម​សហគ្រិន​ស្ត្រី​កម្ពុជា បាន​លើក​ឡើង​ពី​បញ្ហា​ប្រឈម​ដែល​ស្ត្រី​ជួប​ប្រទះ​ក្នុង​ការ​ប្រកប​អាជីវកម្ម​នា​ពេល​កន្លង​មក​។ តាម​ការ​សិក្សា​ស្រាវជ្រាវ​របស់​សមាគម​សហគ្រិន​ស្ត្រី​កម្ពុជា​បញ្ហា​ប្រឈម​ធំ​បំផុត​សម្រាប់​សហគ្រិន​ជា​ស្ត្រី គឺ​ការ​មិន​ទទួល​បាន​សេវា​ហិរញ្ញវត្ថុ​ពី​គ្រឹះស្ថាន​ធនាគារ និង​មីក្រូហិរញ្ញវត្ថុ សម្រាប់​ប្រើប្រាស់​ក្នុង​ការ​ស្តារ បើក និង​ពង្រីក​អាជីវកម្ម​។ ទោះបី​កន្លង​មក​ទាំង​រាជរដ្ឋាភិបាល និង​វិស័យ​ឯកជន​បាន​ដាក់​ចេញ​នូវ​គោលនយោបាយ​ជួយ​សម្របសម្រួល ដើម្បី​បង្កើន​លទ្ធភាព​ទទួល​បាន​ហិរញ្ញប្បទាន​ដល់​វិស័យ SMEs និង​សហគ្រិន​ជា​ស្ត្រី ក៏​ដោយ តែ​ស្ត្រី​នៅ​តែ​ជួប​បញ្ហា​ក្នុង​ការ​ទទួល​បាន​ដើមទុន​ពី​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ដដែល​។

ប្រធាន​សមាគម​រូប​នេះ អះអាង​ថា កត្តា​ដែល​ធ្វើ​ឲ្យ​ស្ត្រី​ជួប​ការ​លំបាក​ក្នុង​ការ​ទទួល​បាន​ហិរញ្ញប្បទាន​ពី​គ្រឹះស្ថាន​ហិរញ្ញវត្ថុ គឺ​ដោយសារ​សហគ្រិន​ជា​ស្ត្រី​មួយ​ចំនួន​ខ្វះ​ការ​យល់​ដឹង​ក្នុង​ការ​រៀបចំ និង​គ្រប់គ្រង​ហិរញ្ញវត្ថុ និង​ការ​រៀបចំ​ផែនការអាជីវកម្ម គួប​ផ្សំ​នឹង​ស្មុគស្មាញ​ក្នុង​ការ​ផ្តល់​កម្ចី​របស់​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​។ តែ​យ៉ាងណា លោក​ជំទាវ កែវ មុំ រំពឹង​ថា សហគ្រិន​ជា​ស្ត្រី​នឹង​អាច​មាន​លទ្ធភាព​ខ្ពស់​ក្នុង​ការ​ទទួល​បាន​ឥណទាន​សម្រាប់​យក​មក​ស្តារ បើក និង​ពង្រីក​អាជីវកម្ម​នា​ពេល​អនាគត​។

ទន្ទឹម​នឹង​នេះ លោក​ជំទាវ កែវ មុំ ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន​ផលិត​នំ​ស្រួយ លី​លី ស្នើ​ឲ្យ​គ្រឹះស្ថាន​ធនាគារ និង​មីក្រូហិរញ្ញវត្ថុ​បន្ធូរបន្ថយ​លក្ខខណ្ឌ​ក្នុង​ការ​ផ្តល់​កម្ចី​ដល់​វិស័យ​សហគ្រាស​ធុន​តូច និង​មធ្យម ជា​ពិសេស​អាជីវកម្ម​ដែល​គ្រប់គ្រង​ដោយ​ស្ត្រី​។ បន្ថែម​លើ​នេះ លោក​ជំទាវ ក៏​បាន​ស្នើ​ឲ្យ​គ្រឹះស្ថាន​ហរិ​ញ្ញ​វត្ថុ​ទទួលយក​ទ្រព្យ​ធានា​ជា​របស់របរ ដែល​ក្រៅពី​ផ្ទះ និង​ដីធ្លី​ក្នុង​ការ​ផ្តល់​កម្ចី​របស់​ខ្លួន​ផង​ដែរ​។ ការ​ស្នើ​នេះ គឺ​ដើម្បី​ធ្វើ​យ៉ាងណា​ឲ្យ​អ្នក​ប្រកប​របរ​ក្នុង​វិស័យ SMEs ពិសេស​សហគ្រិន​ជា​ស្ត្រី​មាន​លទ្ធភាព​ខ្ពស់​ក្នុង​ការ​ទទួល​បាន​ដើមទុន ដើម្បី​ដំណើរការ​អាជីវកម្ម​របស់​ពួក​គេ​។

ពាក់ព័ន្ធ​បញ្ហា​នេះ​ដែរ លោក​ជំទាវ ជា សិរី ឧបការី​ទេសាភិបាល និង​ជា​អគ្គ​នាយិកា​បច្ចេកទេស​ធនាគារជាតិ​នៃ​កម្ពុជា​កាលពី​ពេល​ថ្មី​ៗ​បាន​ជំរុញ​ឲ្យ​គ្រឹះស្ថាន​ធនាគារ និង​មីក្រូ​ហិរញ្ញ​បង្កើន​ការ​យកចិត្តទុកដាក់​ក្នុង​ការ​ផ្តល់​សេវា​ហិរញ្ញវត្ថុ​ដល់​វិស័យ​សហគ្រាស​ធុន​មីក្រូ តូច និង​មធ្យម និង​សហគ្រិន​ជា​ស្ត្រី​។ ជាមួយ​គ្នា​នេះ លោក​ជំទាវ ស្នើ​ឲ្យ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ទាំងអស់​ពិចារណា​លើ​លទ្ធភាព ជា​ជាង​ទ្រព្យ​ធានា ពេល​ផ្តល់​កម្ចី​ដល់​វិស័យ SMEs និង​សហគ្រិន​ស្ត្រី​។ ការ​ជំរុញ និង​ស្នើ​ទាំងនេះ ធ្វើ​ឡើង​ក្នុង​គោលបំណង​ដើម្បី​បង្កើន​លទ្ធភាព​ទ​ទូល​បាន​ឥណទាន​សម្រាប់​វិស័យ​ទាំងនេះ​។

© 2022 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ធនាគារពិភពលោករក្សាការព្យាករកំណើនសេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២២នៅ៤,៥% ដដែលទោះបីស្ថានការណ៍ពិភពលោកកំពុងតានតឹង

ព័ត៌មាន
ធនាគារពិភពលោក នៅដើមខែមេសានេះ បានចេញរបាយការណ៍ថ្មីចុងក្រោយមួយរបស់ខ្លួន ដោយនៅតែបន្តរក្សាការព្យាករកំណើនសេដ្ឋកិច្ចរបស់កម្ពុជានៅអត្រា ៤,៥% ដ…

ទីក្រុងសៀងហៃបន្តវិធានការបិទខ្ទប់ បន្ទាប់ពីបានរកឃើញករណីឆ្លងកូវីត ១៩ កើនឡើងកាន់តែច្រើន

ព័ត៌មាន
ទីក្រុងសៀងហៃដែលជាមជ្ឈមណ្ឌលហិរញ្ញវត្ថុដ៏សំខាន់របស់ចិន បានពង្រីកការរឹតបន្តឹងលើការដឹកជញ្ជូននៅពីថ្ងៃអង្គារសប្ដាហ៍នេះ បន្ទាប់ពីការធ្វើតេស្តយ៉ាង…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ