គយពន្យារពេលបង់ពន្ធ-អាករលើរថយន្តចង្កូតស្តាំគ្មានពន្ធចុះបញ្ជីរួច

គយពន្យារពេលបង់ពន្ធ-អាករលើរថយន្តចង្កូតស្តាំគ្មានពន្ធចុះបញ្ជីរួច រហូតដល់ចុងឆ្នាំនេះ


អគ្គនាយកដ្ឋានគយ និងរដ្ឋាករ បានសម្រេចពន្យារពេលបង់ពន្ធ និងអាករលើរថយន្តចង្កូតស្តាំគ្មានពន្ធ មានស្រាប់ក្នុងប្រទេស ដែលបានចុះបញ្ជីរួចរហូតដល់ចុងឆ្នាំ២០២២។ ការសម្រេចនេះដើម្បីឲ្យម្ចាស់រថយន្តចង្កូតស្តាំគ្មានពន្ធ តែបានចុះបញ្ជីរួច មកបំពេញកាតព្វកិច្ចពន្ធ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២។
គយពន្យារពេលបង់ពន្ធ-អាករលើរថយន្តចង្កូតស្តាំគ្មានពន្ធចុះបញ្ជីរួច រហូតដល់ចុងឆ្នាំនេះ រូបភាព៖ ក្រសួងសាធារណៈការ និងដឹកជញ្ជូន

បើតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដោយសង្កេតឃើញពីកត្តាប្រឈមខ្លះៗ របស់ប្រជាពលរដ្ឋដែលជាម្ចាស់រថយន្តចង្កូតស្កាំគ្មានពន្ធមានស្រាប់ក្នុងប្រទេស ក្នុងការចូលមកបង់ពន្ធ ទើបអគ្គនាយកដ្ឋានគយ សម្រេចពន្យាពេលបន្ថែមទៀត រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២។

យោងតាមសេចក្តីជូនដំណឹងដដែល បានបញ្ជាក់ថា ដោយពិនិត្យឃើញពីស្ថានភាពលំបាកក្នុងរដូវវស្សា ដែលប៉ះពាល់ដល់អាជីវកម្មរបស់ម្ចាស់រថយន្តចង្កូតស្តាំគ្មានពន្ធ មានស្រាប់ក្នុងប្រទេស ដែលបានមកចុះបញ្ជីរួច ប្រមុខរាជរដ្ឋាភិបាល បានផ្ដល់ការអនុញ្ញាតពន្យារពេលជូន ដល់ម្ចាស់រថយន្តចង្កូតស្តាំគ្មានពន្ធ មានស្រាប់ក្នុងប្រទេស ដែលបានចុះបញ្ជីរួច មកបំពេញកាតព្វកិច្ចពន្ធ និងអាកររហូតដល់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២។

ជាមួយគ្នានេះ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានរំលឹកដល់ម្ចាស់រថយន្តចង្កូតស្ដាំ ដែលបានចុះបញ្ជីរួច ប៉ុន្តែ នៅមិនទាន់បានមកបំពេញកាតព្វកិច្ចពន្ធ និងអាករឱ្យប្រញាប់រួសរាន់ ចូលមកបង់ពន្ធ និងអាករនៅតាមបណ្តាអង្គភាពគយ និងរដ្ឋាកររាជធានី-ខេត្ត ដែលសាមីខ្លួនបានចុះបញ្ជីរថយន្តរបស់ខ្លួន ឱ្យបានតាមការកំណត់ជាកំហិត ដើម្បីចៀសផុតពីការបង្ក្រាប ដោយមន្ត្រីគយ និងរដ្ឋាករមានសមត្ថកិច្ចតាមដងផ្លូវ ការដ្ឋាន អាជីវកម្មដ្ឋាននិងតាមទីកន្លែងសាធារណៈជាយថាហេតុ។

យ៉ាងណាក៏ដោយ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក៏បានគូសបញ្ជាក់ទៀតថា ក្រោយថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ រថយន្តចង្កូតស្ដាំមានក្នុងស្រុកស្រាប់ ដែលពុំបានបំពេញកាតព្វកិច្ចពន្ធ និងអាករ នឹងក្លាយជាមុខសញ្ញានៃការបង្ក្រាបរឹបអូស ដោះជាគ្រឿងបន្លាស់ ឬកំទេចចោលតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន ដោយពុំមានការអនុគ្រោះទៀតឡើយ។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី៤ ខែតុលា ឆ្នាំ២០២២ មានរថយន្តចង្កូតស្ដាំមានស្រាប់ក្នុងប្រទេសជិត ៦ពាន់គ្រឿងបានមកបំពេញកាតព្វកិច្ចពន្ធ និងអាករ ដែលទទួលបានចំណូលជិត ២០លានដុល្លារអាមេរិក ក្នុងចំនួនរថយន្តចង្កូតស្ដាំមានស្រាប់ក្នុងប្រទេស ប្រមាណ ១ម៉ឺនគ្រឿងដែលបានចុះបញ្ជី។ ដោយឡែក រថយន្តចង្កូតស្តាំគ្មានពន្ធ មានស្រាប់ក្នុងប្រទេស ដែលបានមកចុះបញ្ជីរួច តែមិនទាន់ចូលបង់ពន្ធមានចំនួនជាង៣ពាន់គ្រឿង។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា៕




អត្ថបទបន្ទាប់


គម្រោងដឹកជញ្ជូនផ្លូវទឹកតាមទន្លេបាសាក់ នឹងបញ្ចប់ការសិក្សានៅដើមឆ្នាំក្រោយ

ព័ត៌មាន
ថ្នាក់ដឹកនាំក្រសួងសាធារណការ និងដឹកជញ្ជូនជំរុញឲ្យក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន(CRBC) និងភាគីពាក់ព័ន្ធពន្លឿនការសិក្សាលើគម្រោងអភិវឌ្ឍន…

ពិសេសខ្លាំង! ទិញផ្ទះ ឈ្នះដំណើរកម្សាន្ត VIP ទៅក្រៅប្រទេសពីបុរី ប៉េង ហួត

ព័ត៌មាន
កម្មវិធីទិញផ្ទះ ឈ្នះដំណើរកម្សាន្ត VIP ទៅក្រៅប្រទេសរបស់បុរី ប៉េង ហួត គឺជាការផ្ដល់ជូនកាដូដ៏ពិសេសមិនធ្លាប់មានសម្រាប់អតិថិជនទាំងអស់ដែលទិញគ្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ