សេដ្ឋកិច្ចអាស៊ាន

ស្ថាប័នអន្តរជាតិ AMRO ព្យាករថា សេដ្ឋកិច្ចក្នុងតំបន់អាស៊ាន+៣ នឹងសម្រេចបានកំណើន ៤,៥% ខណៈកម្ពុជា សម្រេចបាន ៦,២% នៅឆ្នាំ២០២៤


ជាមួយនឹងតម្រូវការក្នុងស្រុករឹងមាំ ស្របពេលអតិផរណាស្ថិតក្នុងកម្រិតមធ្យមគួបផ្សំបរិយាកាសពាណិជ្ជកម្មបន្តប្រសើរឡើងជាលំដាប់ នឹងជួយឱ្យតំបន់អាស៊ាន+៣ គឺអាស៊ាន + ចិន ជប៉ុន និងកូរ៉េខាងត្បូង រក្សាបានកំណើនសេដ្ឋកិច្ចរឹងមាំក្នុងឆ្នាំ២០២៤ នេះ ដោយក្នុងនោះដែរ កំណើនសេដ្ឋកិច្ចសេដ្ឋកិច្ចកម្ពុជាត្រូវបានកត់សម្គាល់ឃើញថា ទទួលបានលទ្ធផលល្អប្រសើរក្នុងអត្រា ៦,២%។ នេះបើយោងតាមការព្យាកររបស់AMRO ដែលមានមូលដ្ឋាននៅសិង្ហបុរី។
សេដ្ឋកិច្ចអាស៊ាន
ដោយ

តាមរយៈរបាយការណ៍បច្ចុប្បន្នភាពប្រចាំត្រីមាសរបស់ខ្លួនសម្រាប់ទស្សនវិស័យសេដ្ឋកិច្ចអាស៊ាន+៣ ចេញផ្សាយកាលពីសប្ដាហ៍មុន ស្ថាប័នស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ច អាមរ៉ូ (AMRO) ដែលមានមូលដ្ឋាននៅសិង្ហបុរី បានព្យាករថា តំបន់អាស៊ាន+៣ នឹងសម្រេចបានកំណើនសេដ្ឋកិច្ចជារួមក្នុងរង្វង់៤,៥%នៅឆ្នាំ២០២៤ នេះ បើទោះបីជាទស្សនវិស័យសេដ្ឋកិច្ចពិភពលោកស្ថិតក្នុងភាពប្រាកដប្រជាយ៉ាងណាក្ដី។

របាយការណ៍នេះក៏បានព្យាករដែរថា សេដ្ឋកិច្ចរបស់កម្ពុជា នឹងសម្រេចបានកំណើនល្អប្រសើរក្នុងរង្វង់៦,២%ក្នុងឆ្នាំ កើនឡើងពីកម្រិត ៥,៣%នៅក្នុងឆ្នាំ២០២៣ កន្លងទៅ រីឯ កម្រិតអតិផរណា ត្រូវបានព្យាករថា នឹងកើនឡើងពី ២,៦%ក្នុងឆ្នាំ២០២៣ ឈានដល់៣,១%ក្នុងឆ្នាំ២០២៤។

ទោះជាយ៉ាងណា ការព្យាកររបស់ អាមរ៉ូ (AMRO) សម្រាប់កំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងឆ្នាំ២០២៤ គឺទាបជាងបន្តិចបើធៀបនឹងការព្យាកររបស់រដ្ឋាភិបាលកម្ពុជាខ្លួនឯង។

សូមបញ្ជាក់ថា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុរបស់កម្ពុជា បានធ្វើការព្យាករកាលពីខែធ្នូ ចុងឆ្នាំ២០២៣ ថា សេដ្ឋកិច្ចកម្ពុជា នឹងសម្រេចបានកំណើនក្នុងរង្វង់ ៦,៦%នៅឆ្នាំ២០២៤ នេះ ជាមួយនឹងផលិតផលក្នុងស្រុកសរុប (GDP) ឈានដល់ប្រមាណ ៣៤,៥ពាន់លានដុល្លារអាម៉េរិក។

ហើយកាលពីខែតុលា ស្ថាប័នមូលនិធិរូបិយវត្ថុអន្តរជាតិ IMF បានព្យាករថា សេដ្ឋកិច្ចកម្ពុជា នឹងសម្រេចបានកំណើន ៦,០%នៅឆ្នាំ២០២៤ ខណៈធនាគារពិភពលោក (World Bank) បានព្យាករថា សេដ្ឋកិច្ចកម្ពុជា នឹងសម្រេចបានកំណើន ៦,១%។

លោក អាឌីតយ៉ា ម៉ាត់ធូ (Aaditya Matto) ប្រធានអ្នកជំនាញសេដ្ឋកិច្ចប្រចាំតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក នៅធនាគារពិភពលោក (World Bank) បានគូសបញ្ជាក់ថា កំណើនសេដ្ឋកិច្ចរបស់កម្ពុជា ត្រូវបានជំរុញដោយកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (អាសិប-RCEP) ជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដ៏ធំមួយ ដែលមានសមាជិកចូលរួមដល់ទៅ១៥ប្រទេសរួមមានសមាជិកអាស៊ាន ទាំង១០ ចិន ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី និងនូវែលសេឡង់ ដែលរួមបញ្ចូលគ្នាគ្របដណ្ដប់រហូតដល់ទៅ៣០%នៃទំហំសេដ្ឋកិច្ច និងពាណិជ្ជកម្មរបស់ពិភពលោកទាំងមូល៕

ដោយ: តែម សុខុម

None



អត្ថបទបន្ទាប់


តើការខ្វះទឹកធ្វើស្រែប្រាំងឆ្នាំនេះអាចប៉ះពាល់ដល់ការនាំចេញអង្ករ និងសន្តិសុខស្បៀងដែរ ឬទេ?

ការណែនាំឱ្យប្រជាកសិករផ្អាកការងារបង្កបង្កើនផលស្រូវនៅរដូវប្រាំងលើកទីពីរ ដោយសារតែបារម្ភពីការខ្វះខាតទឹកបានក្លាយជារឿងចាប់អារម្មណ៍ពីអ្នកជំនាញ …

តើវិស័យធនាគារមានសារសំខាន់យ៉ាងណាចំពោះសេដ្ឋកិច្ច ហើយបើវិស័យនេះជួបបញ្ហាវានឹងមានអ្វីកើតឡើងមកលើសេដ្ឋកិច្ច?

វិស័យធនាគារ និងហិរញ្ញវត្ថុ ត្រូវបានចាត់ទុកជាវិស័យមួយ ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយស្តារ និងជំរុញកំណើនពាណិជ្ជកម្ម ការវិនិយោគ …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ