សេដ្ឋកិច្ចអាស៊ាន

សេដ្ឋកិច្ចអាស៊ានកំពុងមានភាពស្រពិចស្រពិលនៅឆ្នាំ២០២៤ ចំពេលមានការព្រួយបារម្ភអំពីការនាំចេញ


អ្នកវិភាគសេដ្ឋកិច្ចបានព្យាករថា កំណើនសេដ្ឋកិច្ចរបស់ប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍ អាចប្រសើរឡើងនៅឆ្នាំក្រោយ ប៉ុន្តែស្ថានភាពម៉ាក្រូសេដ្ឋកិច្ច ដែលកំពុងធ្លាក់ចុះអាចបណ្តាលឱ្យមានការកើនឡើងមិនស្មើគ្នាក្នុងចំណោមប្រទេសទាំងនោះ។ សេដ្ឋវិទូបានចង្អុលបង្ហាញថា ប្រទេសដែលពឹងផ្អែកលើពាណិជ្ជកម្ម គឺមិនទាន់អាចចាកចេញពីភាពមិនច្បាស់លាស់បាននៅឡើយទេ បន្ទាប់ពីការធ្លាក់ចុះនៃការនាំចេញ ដែលបណ្តាលមកពីសេដ្ឋកិច្ចចិនទន់ខ្សោយ និងពិភពលោកមានកំណើនខ្សោយនៅឆ្នាំនេះ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានជប៉ុននីកេ។
សេដ្ឋកិច្ចអាស៊ាន
ដោយ

រដ្ឋាភិបាលសិង្ហបុរី បានព្យាករថា កំណើនសេដ្ឋកិច្ចសិង្ហបុរី សម្រាប់ឆ្នាំ២០២៤ នឹងមានក្នុងចន្លោះពី១%ទៅ៣% ក្រោយរំពឹងការងើបឡើងវិញនៃតម្រូវការអេឡិចត្រូនិកសកល ដែលជាវិស័យស្នូលមួយនៃប្រទេសកោះមួយនេះ។ មូលនិធិរូបិយវត្ថុអន្តរជាតិកាលពីខែតុលា បានកំណត់កំណើនសេដ្ឋកិច្ចសិង្ហបុរីក្នុងរង្វង់២,១% នៅឆ្នាំក្រោយ។ ទោះបីជាការព្យាករនៅឆ្នាំ២០២៤ បង្ហាញពីកំណើនល្អប្រសើរជាងឆ្នាំនេះប្រហែល១%ក៏ពិតមែន ប៉ុន្តែមន្ត្រីសិង្ហបុរីបានបង្ហាញការប្រុងប្រយ័ត្នចំពោះកត្តាខាងក្រៅ។

បើតាមលោក Gabriel Lim លេខាធិការអចិន្ត្រៃយ៍នៃក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មសិង្ហបុរី បានលើកឡើងអំពីកត្តាខាងក្រៅនោះថា បើមើលទៅឆ្នាំ២០២៤ ខាងមុខ កំណើនផលិតផលក្នុងស្រុកសរុប (GDP) នៅក្នុងប្រទេសសេដ្ឋកិច្ចធំៗដូចជាសហរដ្ឋអាម៉េរិក និងតំបន់ចាយប្រាក់អឺរ៉ូ ទំនងជានឹងធ្លាក់ចុះបន្ថែមទៀតនៅក្នុងឆមាសទីមួយនៅឆ្នាំក្រោយ ដោយសារតែលក្ខខណ្ឌហិរញ្ញវត្ថុបន្តតឹងតែង។ ខណៈដែលកំណើនសេដ្ឋកិច្ចចិន ក៏មិនខុសគ្នាប៉ុន្មានដែរ ដោយសារតែភាពទន់ខ្សោយក្នុងវិស័យអចលនទ្រព្យ និងការប្រើប្រាស់ក្នុងស្រុកចុះទាប។

យ៉ាងណាមិញ តួលេខផលិតផលក្នុងស្រុកសរុបរបស់សិង្ហបុរី សម្រាប់ត្រីមាសខែកក្កដា ដល់ខែកញ្ញា ដែលចេញផ្សាយកាលពីថ្ងៃពុធ បានបង្ហាញថា ការនាំចេញក្នុងស្រុកមិនមែនប្រេងបានធ្លាក់ចុះជិត១៩% បើធៀបនឹងឆ្នាំមុន ទោះបីជាតួលេខកំណើនផលិតផលក្នុងស្រុកសរុបបានបង្ហាញពីការស្ទុះងើបឡើងវិញដល់១,១% ពី០,៥% នៅក្នុងត្រីមាសទីពីរក៏ដោយ។

បើក្រឡេកមើលប្រទេសថៃ និងឥណ្ឌូនេស៊ីឯណោះវិញ ក៏បានបង្ហាញពីកំណត់ត្រាកំណើនយឺតក្នុងអំឡុងខែកក្កដា ដល់ខែកញ្ញា នេះដែរដោយមានក្នុងរង្វង់១,៥%ទៅ៤,៩% ដោយសារតម្រូវការខាងក្រៅខ្សោយ។ តួលេខទាំងពីរ គឺយ៉ាប់យ៉ើនជាងការរំពឹងទុករបស់ទីផ្សារទៅទៀត។

យោងតាមក្រុមអ្នកវិភាគនៅវិទ្យាស្ថានស្រាវជ្រាវ BMI បានឱ្យដឹងថា គេបានវាយតម្លៃលើសពីសុខភាពសេដ្ឋកិច្ចរបស់ប្រទេសថៃ នៅឆ្នាំនេះ ហើយរំពឹងថា កំណើនរបស់ប្រទេសថៃនឹងកើនឡើងដល់៣,៨%នៅឆ្នាំក្រោយ។ ទោះជាយ៉ាងណាក៏ដោយ ម៉ាឡេស៊ី ហ្វីលីពីន និងវៀតណាម ដែលសុទ្ធតែបានរាយការណ៍ពីតួលេខ GDP ខ្សោយនៅក្នុងត្រីមាសខែមេសា ដល់ខែមិថុនា បានរាយការណ៍ពីតួលេខល្អប្រសើរឡើងវិញនៅក្នុងត្រីមាសទី៣នេះ ដោយម៉ាឡេស៊ីមាន៣,៣% ហ្វីលីពីន៥,៩% ខណៈវៀតណាមមាន៥,៣%។

ដោយឡែក ធនាគារ HSBC នៅក្នុងរបាយការណ៍មួយក្នុងខែនេះ បានព្យាករកំណើនសមូហភាពសម្រាប់ប្រទេសសេដ្ឋកិច្ចសំខាន់ៗទាំង៦របស់អាស៊ានដូចជាប្រទេសឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី ថៃ និងវៀតណាម នឹងមានការកើនឡើងក្នុងអត្រា៤,៦%ក្នុងឆ្នាំ២០២៤ កើនឡើងពី៤% នៅឆ្នាំនេះ។

សេដ្ឋវិទូអំពីអាស៊ាននៅ HSBC បានប្រាប់នីកេអាស៊ីថា ប្រទេសសេដ្ឋកិច្ចដែលផ្តោតលើការនាំចេញ ជាពិសេសសិង្ហបុរី វៀតណាម ម៉ាឡេស៊ី និងថៃ មិនទាន់អាចចាកចេញពីភាពមិនច្បាស់លាស់នៅឡើយទេ។ យ៉ាងណាគេរំពឹងថា នៅពេលវដ្ដពាណិជ្ជកម្មសកលនៅឆ្នាំ២០២៤ មានសន្ទុះឡើងវិញនៅឆ្នាំ២០២៤ នោះសេដ្ឋកិច្ចក្នុងតំបន់ទំនងជានឹងឃើញការស្ទុះងើបឡើងវិញ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមហ៊ុនគ្រប់គ្រងទ្រព្យសម្បត្តិនៅចិនមួយ ប្រឈមនឹងក្ស័យធនជាមួយបំណុលជាង៦០ពាន់លានដុល្លារ

ព័ត៌មាន
ក្រុមហ៊ុន Zhongzhi Enterprise Group ដែលជាអ្នកគ្រប់គ្រងទ្រព្យសម្បត្តិឈានមុខគេនៅប្រទេសចិនបានប្រាប់ក្រុមវិនិយោគិនថា ខ្លួនកំពុងក្ស័យធនយ៉ាងខ្លា…

ការលក់រថយន្តអគ្គិសនីរបស់អាម៉េរិកនឹងកើនកម្រិតខ្ពស់បំផុតនៅឆ្នាំនេះ ប៉ុន្តែនៅចាញ់ចិន និងអាល្លឺម៉ង់

ព័ត៌មាន
ការលក់រថយន្តអគ្គិសនីដឹកអ្នកដំណើរនៅអាម៉េរិកត្រូវបានគេរំពឹងថា នឹងកើនឡើងដល់៩% នៅឆ្នាំនេះពោលគឺបានកើនឡើងពីកម្រិតជាង៧% នៅក្នុងឆ្នាំ២០២២។ ទ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ