អ្នកវិភាគជនជាតិជប៉ុនរបស់សារព័ត៌មាននីកេថា ផ្អែកតាមអ្វីដែលប្រភពបានដកស្រង់សម្តីមេដឹកនាំរុស្ស៊ី លោក វ្លាឌីមៀ ពូទីន បានប្រាប់ទៅលោក ស៊ី ជិនភីង នៅក្នុងជំនួបនៅទីក្រុងមូស្គូ កាលពីខែមីនា រុស្ស៊ីនឹងធ្វើសង្រ្គាមជាមួយនឹងអ៊ុយក្រែន តែ៥ឆ្នាំប៉ុណ្ណោះ ក្រោយពេលដែលការលុកលុយដំបូងបរាជ័យនៅក្នុងការផ្តួលរំលំរដ្ឋាភិបាលទីក្រុងគៀវ។
អ្នកវិភាគបានសង្កត់ធ្ងន់ថា ការធ្វើដំណើរជាលើកទីមួយរបស់លោក ស៊ី មកកាន់ប្រទេសរុស្ស៊ី បន្ទាប់ពីទីក្រុងមូស្គូ បានចាប់ផ្តើមលុកលុយពេញទីលើប្រទេសអ៊ុយក្រែន កាលពីអំឡុងខែកុម្ភៈ ឆ្នាំ២០២២ ហើយក៏ជាលើកដំបូងផងដែរ ដែលលោក ស៊ី បានធ្វើទស្សនកិច្ចក្រៅប្រទេសបន្ទាប់ពីចិនបានលុបចោលគោលនយោបាយកូវីដសូន្យ ដ៏តឹងរឹងរបស់ខ្លួន។
មកដល់ពេលនេះគេនៅមិនទាន់ដឹងទេថា តើលោក ស៊ី ជឿជាក់រុស្ស៊ីប៉ុណ្ណា ប៉ុន្តែគេអាចកត់សម្គាល់ថា ការលើកឡើងរបស់លោក ពូទីន នៅក្នុងជំនួបកំពូលនោះ គឺជាគន្លឹះក្នុងការស្វែងយល់ពីការអភិវឌ្ឍដ៏អាថ៌កំបាំងជាច្រើន នៃទំនាក់ទំនងរុស្ស៊ី-ចិន រហូតដល់មានការបណ្តេញរដ្ឋមន្រ្តីការបរទេសចេញដោយស្ងាត់ៗ។
ក្រោយមក អ្នកវិភាគខ្លះទៀតបានលើកឡើងថា នៅក្នុងពេល ដែលលោក ពូទីន បង្ហាញវត្តមាននៅចិនកាលពីខែតុលា ឆ្នាំ២០២៣ ថ្មីៗនេះ រុស្ស៊ីអាចនឹងលើកឡើងអំពីបញ្ហានេះជាថ្មីជាមួយនឹងលោក ស៊ី នៅក្នុងជំនួបទ្វេរភាគី។
មកដល់ពេលនេះសង្រ្គាមនេះបានអូសបន្លាយប្រមាណជិត២ឆ្នាំហើយ ដោយភាគីទាំងសងខាងបានរងនូវការខូចខាតនូវអាវុធយុទ្ធភ័ណ្ឌ និងកម្លាំងយោធាមិនតិចនោះទេ ហើយតម្លៃនៃការចំណាយ ក៏ច្រើនពាន់លានដុល្លារផងដែរ ប៉ុន្តែភាគីទាំងសងខាង ពោលគឺទាំងរុស្ស៊ី និង អ៊ុយក្រែន គឺសុទ្ធសឹងតែឃោសនាបំប៉ោងអ្វី ដែលមានប្រយោជន៍ហើយបំបិតនូវព័ត៌មាន ឫស្ថិតិនៃការខូចខាតដូចគ្នា។
តាមសក្ខីភាពជាក់ស្តែងបើនិយាយអំពីហេដ្ឋរចនាសម្ព័ន្ធសង្គម សេដ្ឋកិច្ច និងរដ្ឋបាល អ៊ុយក្រែនបានរងនូវការខូចខាតកាន់តែធ្ងន់ធ្ងររហូតមកដល់ពេលនេះ ប្រសិនបើអ៊ុយក្រែនគ្មានជំនួយពីសហគមន៍អន្តរជាតិទេ នោះ អ៊ុយក្រែនអាចនឹងដួលរលំទាំងយោធា និងសេដ្ឋកិច្ចរួចបាត់ទៅហើយ ប៉ុន្តែសំខាន់លោកខាងលិច ដែលជាម្ចាស់ជំនួយអ៊ុយក្រែនមិនចង់អោយអ៊ុយក្រែនចាញ់ ខណៈដែលរុស្ស៊ីដែលជាប្រទេសមហាអំណាយយោធាលំដាប់ទី២ ក៏មិនចង់បាក់មុខ រីឯអ្នកដែលរងទុក្ខ គឺពលរដ្ឋអ៊ុយក្រែនប្រមាណជា៤៤លាននាក់៕
ដោយៈ សរ សុជាតិ