បន្ទាប់ពីកិច្ចប្រជុំកំពូលរបស់អង្គការបក្សសម្ព័ន្ធយោធា NATO កាលពីសប្តាហ៍មុន ដែលបានគូសបញ្ជាក់ពីការគំរាមកំហែងពីសំណាក់ប្រទេសរុស្ស៊ី មហាយក្សចិន កូរ៉េខាងជើង និងអ៊ីរ៉ង់ ក្រុមអ្នកជំនាញបានព្រមានថា លោកខាងលិចចាំបាច់ត្រូវត្រៀមលក្ខណៈរួចជាស្រេច ដើម្បីប្រឈមមុខនឹងប្រទេសជាបច្ចាមិត្តទាំងនេះ។
អ្វីដែលគួរឱ្យកត់សម្គាល់ជាងគេនោះ គឺអតីតប្រធានអង្គការបក្សសម្ព័ន្ធយោធា NATO លោក ចច រ៉ូបឺតសុន (George Robertson) បានព្រមានថា កងកម្លាំងប្រដាប់អាវុធរបស់ចក្រភពអង់គ្លេស ចាំបាច់ត្រូវត្រៀមខ្លួន ដើម្បីប្រឈមមុខនឹងប្រទេសជាបច្ចាមិត្តដែលពោរពេញដោយភាពគ្រោះថ្នាក់ទាំងនេះ។
លោកបានសង្កត់ធ្ងន់ថា អង្គការបក្សសម្ព័ន្ធយោធា NATO និងចក្រភពអង់គ្លេស ត្រូវតែប្រឈមមុខដោះស្រាយការគំរាមកំហែងទាំងនេះ និងបញ្ហាផ្សេងទៀតរបស់ពិភពលោក។ ហើយទោះបីជាលោក ចច រ៉ូបឺតសុន (George Robertson) មិនបានបញ្ចេញឈ្មោះប្រទេសទាំងនោះឱ្យចំៗក៏ដោយ ក៏ប្រទេសទាំងនោះទំនងជារួមមានរុស្ស៊ី មហាយក្សចិន អ៊ីរ៉ង់ និងកូរ៉េខាងជើង ដូចដែលអង្គការបក្សសម្ព័ន្ធយោធា NATO បានគូសបញ្ជាក់កាលពីសប្តាហ៍មុន៕
ដោយ: តែមសុខុម