ពិធីផ្លូវការនេះ ត្រូវបានអញ្ជើញចូលរួមជាអធិបតី ដោយឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា ឯកឧត្តម Shaharuddin Onn ឯកអគ្គរាជទូតម៉ាឡេស៊ី ប្រចាំនៅកម្ពុជា និងលោក ប៊ុន យីន ប្រធាននាយកប្រតិបត្តិ នៃធនាគារ CIMB ព្រមទាំងភ្ញៀវកិត្តិយស បុគ្គលិកស្ថានទូតម៉ាឡេស៊ី ប្រចាំនៅកម្ពុជា និងបុគ្គលិករបស់ធនាគារ CIMB ប្រមាណ ៥០០នាក់ផងដែរ។
ក្នុងឱកាសដ៏វិសេសវិសាលនេះ ធនាគារ CIMB ដែលជាធនាគារអន្តរជាតិឈានមុខមួយ ក្នុងប្រទេសកម្ពុជា និងស្ថានទូតម៉ាឡេស៊ី ប្រចាំកម្ពុជា បានសហការរៀបចំកម្មវិធីដាំកូនឈើ ក្នុងគោលបំណងរួមចំណែកគាំទ្រ ដល់យុទ្ធនាការដើមឈើមួយលានដើម របស់រាជរដ្ឋាភិបាល ក្នុងការថែរក្សាបរិស្ថាន លើកកម្ពស់និរន្តរភាព ក៏ដូចជាចូលរួមអភិរក្ស និងលើកស្ទួយសោភណ្ឌភាព នៃតំបន់រមណីយដ្ឋានអង្គរ ព្រមទាំងផ្សព្វផ្សាយវិស័យទេសចរណ៍ទាំងមូល ក្នុងខេត្តសៀមរាប ដែលជាទិសដៅទេសចរណ៍វប្បធម៌ និងប្រវត្តិសាស្រ្តដ៏មានវិសាលភាព។
ថ្លែងក្នុងពិធីនេះ ឯកឧត្តម ហុង ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានមានប្រសាសន៍ថា៖ «អាជ្ញាធរជាតិអប្សរា ពិតជាមានកិត្តិយសក្រៃលែង ដែលមិនត្រឹមតែមានដៃគូរបស់យើង គឺធនាគារ CIMB ដែលចុះមកធ្វើការជាលើកទី៣ ក្នុងការជួយដាំកូនឈើ និងការពារប្រាសាទរបស់យើងប៉ុណ្ណោះទេ គឺមានការចូលរួម ពីឯកឧត្តមឯកអគ្គរាជទូតម៉ាឡេស៊ីទៀតផង ដែលនេះគឺជាកិច្ចសហការយ៉ាងល្អប្រពៃផងដែរ»។
មិនតែប៉ុណ្ណោះ ឯកឧត្តម ហុង ពៅ បានបញ្ជាក់ផងដែរថា៖ គម្រោងឧទ្យានអង្គរ-ស៊ីអាយអិមប៊ីនេះ គឺស្ថិតលើទីតាំងប្រវត្តិសាស្រ្ត ទំនប់បុរាណ ដែលត្រូវបានសាងសង ក្នុងសតវត្សទី១២ និងត្រូវបានប្រើប្រាស់ រហូតដល់ពេលបច្ចុប្បន្ន ក្នុងការជួយនាំទឹក ទៅកាន់តែតំបន់អង្គរ និងជួយរំដោះទឹកជំនន់ ក្នុងខេត្តសៀមរាបទាំងមូលផងដែរ។ ចាប់តាំងពីឆ្នាំ២០០៤ អាជ្ញាធរជាតិអប្សរា បានដាក់ចេញគម្រោងដាំកូនឈើ ក្នុងតំបន់រមណីយដ្ឋានអង្គរ ដែលបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការជួយការពារ និងរក្សានូវភាពរឹងមាំ នៃតួប្រាសាទ ពីខ្យល់កន្ត្រាក់នានា និងទាក់ទាញទឹកភ្លៀង ដែលរក្សាបរិមាណទឹក ក្នុងការជួយការពារប្រាសាទ ដែលមានខ្សាច់ជាគ្រឹះ ហើយត្រូវការទឹកជាប្រចាំ។
ជាមួយគ្នានេះ ឯកឧត្តម Shaharuddin Onn ឯកអគ្គរាជទូតម៉ាឡេស៊ី ប្រចាំកម្ពុជា បានមានប្រសាសន៍ផងដែរថា៖ «តាងនាមឲ្យស្ថានទូតម៉ាឡេស៊ី ប្រចាំកម្ពុជា ខ្ញុំពិតជាមានកិត្តិយសក្រៃលែង ដែលបានរួមចំណែក ក្នុងកម្មវិធីដាំកូនឈើដ៏មានគុណតម្លៃ និងពិធីចុះហត្ថលេខា លើអនុស្សរណៈយោគយល់គ្នា នៃការសម្ពោធជាផ្លូវការ គម្រោងឧទ្យានអង្គរ-ស៊ីអាយអិមប៊ី ក្រោមកិច្ចសហការ រវាងធនាគារ CIMB និងស្ថានទូតម៉ាឡេស៊ី ប្រចាំកម្ពុជា ដោយមានការគាំទ្រយ៉ាងពេញទំហឹង ពីអាជ្ញាធរជាតិអប្សរា។ គម្រោងឧទ្យានអង្គរ-ស៊ីអាយអិមប៊ីនេះ គឺជាការកត់សម្គាល់ នៃការរួមចំណែករបស់ធនាគារ CIMB ក្នុងការជួយថែរក្សា និងអភិរក្សអច្ឆរិយវត្ថុ ដែលជាមោទនភាពជាតិមិនអាចកាត់ថ្លៃបាន នៃប្រទេសកម្ពុជា និងប្រជាជនម្ពុជា គឺតំបន់រមណីយដ្ឋានអង្គរ បេតិកភណ្ឌពិភពលោក។ ស្ថានទូតម៉ាឡេស៊ី ពិតជាមានកិត្តិយសក្រៃលែង ដែលបានក្លាយជាផ្នែកមួយ នៃការប្តេជ្ញាចិត្ត ក្នុងការជួយអភិរក្សសម្បត្តិបេតិកភណ្ឌជាតិដ៏មានតម្លៃនេះ ហើយនេះក៏ជាការពង្រីកទំនាក់ទំនងកាន់តែស៊ីជម្រៅ នៃមិត្តភាពរឹងមាំ រវាងប្រទេសកម្ពុជា និងប្រទេសម៉ាឡេស៊ី ក៏ដូចជារវាងប្រជាជនកម្ពុជា និងប្រជាជនម៉ាឡេស៊ីផងដែរ។»
លោក ប៊ុន យីន ប្រធាននាយកប្រតិបត្តិ នៃធនាគារ CIMB ក្នុងប្រទេសកម្ពុជា បានមានប្រសាសន៍ ក្នុងពិធីសម្ពោធនេះថា៖ «ធនាគារ CIMB បានរួមចំណែក ការដាំដើមឈើ ក្នុងតំបន់រមណីយដ្ឋានអង្គរ ចំនួនពីរលើកមកហើយ ដោយលើកទីបីនេះ ធនាគារ បានសហការនឹងស្ថានទូតម៉ាឡេស៊ី ប្រចាំកម្ពុជា ក្នុងគម្រោងឧទ្យានអង្គរ-ស៊ីអាយអិមប៊ី ក្នុងទំហំផ្ទៃដីប្រមាណ ៥ហិចតា សម្រាប់រយៈពេលវែង លើការដាំដើមឈើ ព្រមទាំងថែរក្សាការលូតលាស់របស់កូនឈើដែលបានដាំហើយ ដោយមានការគាំទ្រពីអាជ្ញាធរជាតិអប្សរា។ តាមរយៈកិច្ចខិតខំអភិរក្សទាំងនេះ យើងអាចពង្រីកផ្ទៃដីបៃតង ដែនជម្រកធម្មជាតិ និងសោភណ្ឌភាពបរិស្ថាន នៃតំបន់រមណីយដ្ឋានអង្គរ។ ការសម្ពោធឧទ្យានអង្គរ-ស៊ីអាយអិមប៊ីនេះ គឺជានិមិត្តរូប នៃការប្តេជ្ញាចិត្តរបស់ធនាគារ CIMB ក្នុងការពង្រីកវត្តមានរបស់ខ្លួន ក្នុងប្រទេសកម្ពុជា។ ដូចគ្នាទៅនឹងដើមឈើ ដែលចាក់ឬសគល់ និងលូតលាស់រឹងមាំ ធនាគារ CIMB នឹងបន្តភាពរីកចម្រើន ហើយសម្រេចសមិទ្ធផលសំខាន់ៗជាច្រើនទៀត សម្រាប់សហគមន៍ ភាគហ៊ុនិក បុគ្គលិក និងអតិថិជនផងដែរ។»
ក្នុងរយៈពេល១៤ឆ្នាំ នៃប្រតិបត្តិការអាជីវកម្មរបស់ខ្លួន ក្នុងប្រទេសកម្ពុជា ធនាគារ CIMB បានចូលរួមសកម្មភាពសប្បុរសធម៌ជាច្រើន ដែលសរុបជាទឹកប្រាក់រហូតដល់ ៦សែនដុល្លារអាមរិក ទៅលើវិស័យសំខាន់ៗ ដូចជាវិស័យអប់រំ សុខាភិបាល សង្គមកិច្ច និងបរិស្ថាន។ បច្ចុប្បន្ន ធនាគារមានសាខាចំនួន ១៤ទីតាំង នៅក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្តសំខាន់ៗ។