
ការជាប់គាំងនយោបាយនៅប្រទេសថៃ ត្រូវបានដោះស្រាយ ក្រោយពីសភាថៃ នៅរសៀលថ្ងៃសុក្រ ទី៥ ខែកញ្ញា នេះបានបោះឆ្នោតជ្រើសរើសលោក អានុទីន ឆានវីរៈគុល (Anutin Chanvrakul) មេបក្សភុមចៃថៃ ឱ្យធ្វើជានាយករដ្ឋមន្ត្រីថ្មីទី៣២ របស់ថៃ ជំនួសតំណែងលោកស្រី ផៃថងថាន កូនស្រីរបស់លោក ថាក់ស៊ីន។
តាមរយៈលទ្ធផលនៃការបោះឆ្នោតលោក អានុទីន ឆានវីរៈគុល ទទួលបានសំឡេងគាំទ្ររហូតដល់៣១១សំឡេង ចំណែកឯលោក ឆៃកាសេម នីទីស៊ីរី (Chaikasem Nitisiri) ទទួលបាន១៥២សំឡេង ហើយមានសំឡេង២៧ជាសំឡេងអនុប្បវាទ។
តើលោក អានុទីន ឆានវីរៈគុល នាយករដ្ឋមន្ត្រីទី៣២ របស់ថៃ ជានរណា?
នៅក្នុងអាជីពនយោយបាយ លោក អានុទីន ឆានវីរៈគុល បានក្លាយជាប្រធានគណបក្សភុមចៃថៃ តាំងពីឆ្នាំ២០១២ ដែលបច្ចុប្បន្នជាគណបក្សធំបំផុតទី២ នៅក្នុងជួររដ្ឋាភិបាលចម្រុះរបស់ថៃ។ លោក ធ្លាប់បានកាន់មុខតំណែងកំពូលៗជាច្រើននៅក្នុងជួររដ្ឋាភិបាលថៃ រួមមានតំណែងជា ឧបនាយករដ្ឋមន្ត្រី, រដ្ឋមន្ត្រីក្រសួងសុខាភិបាល និង កាន់តួនាទីជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ពីឆ្នាំ២០២៣ ដល់ឆ្នាំ២០២៥។
នៅក្នុងអំឡុងពេលដឹកនាំគណបក្សភូមិចៃថៃ និងកាន់តំណែងធំៗក្នុងជួររាជរដ្ឋាភិបាលថៃ លោក អានុទីន បានក្លាយជាបុគ្គលដ៏សំខាន់មួយ ដែលបានរួមចំណែកធ្វើឱ្យការប្រើប្រាស់កញ្ឆាសម្រាប់គោលបំណងវេជ្ជសាស្រ្តគ្មានទោសព្រហ្មទណ្ឌនៅឆ្នាំ២០១៩ ដែលធ្វើឱ្យថៃ ក្លាយជាប្រទេសដំបូងគេនៅអាស៊ី។ ការអនុញ្ញាតឱ្យប្រើប្រាស់កញ្ឆាសម្រាប់គោលបំណងវេជ្ជសាស្រ្តដោយគ្មានទោសព្រហ្មទណ្ឌ គឺជាគំនិតផ្តួចផ្តើមដ៏ល្អមួយ ដែលបានជួយជំរុញកំណើនសេដ្ឋកិច្ចថៃ ប៉ុន្តែទន្ទឹមនេះ វាក៏បានបង្កភាពចម្រូងចម្រាសយ៉ាងចាក់ស្រេះផងដែរ ស្របពេលមានការកើនឡើងនូវការប្រើប្រាស់កញ្ឆាសម្រាប់ការសប្បាយ ហើយ លោក ក៏ជាអ្នកគ្រប់គ្រងការឆ្លើយតបទៅនឹងវិបត្តិកូវីដ-១៩ រួមទាំងការចែកចាយវ៉ាក់សាំង និងការបើកវិស័យទេសចរណ៍ថៃ ឡើងវិញផងដែរ។
បើនិយាយពីកម្រិតវប្បធម៌ និងតួនាទីក្នុងអាណាចក្រជំនួញវិញ ប្រធានគណបក្សភូមិចៃថៃរូបនេះ បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រវិស្វកម្មពីសកលវិទ្យាល័យហូហ្វ ស្ត្រា (Hofstra University) នៅសហរដ្ឋអាម៉េរិក ហើយបានបន្តការសិក្សាថ្នាក់ក្រោយឧត្ដមសិក្សានៅសកលវិទ្យាល័យធម្មសាតក្នុងប្រទេសថៃ។ អ្វីដែលគួរឱ្យកត់សម្គាល់លោក អានុទីន គឺជាទាយាទស្នងមរតកកាន់កាប់ក្រុមហ៊ុន Sino-Thai Engineering and Construction Group ដែលជាក្រុមហ៊ុនដ៏ធំមួយ ដែលទទួលអនុវត្តគម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗ ដូចជាគម្រោងអាកាសយានដ្ឋានសុវណ្ណភូមិជាដើម៕
ដោយ: តែម សុខុម