មេបក្សភូមិចៃថៃ លោក អនុទីន ឆានវីរៈគុល បានវាយបកការរិះគន់ និងការចោទប្រកាន់ថា គណបក្សភូមិចៃថៃ របស់លោក កំពុងទាញយកផលប្រយោជន៍ពីសង្គ្រាមថៃ ឈ្លានពានកម្ពុជា និងស្មារតីជាតិនិយមជ្រុល ដើម្បីទទួលបានសំឡេងឆ្នោត ហើយបាននិយាយបែបសើចមិនសូវសមថា៖ «សូមកុំមើលខ្ញុំក្នុងផ្លូវអវិជ្ជមានពេក! ខ្ញុំមិនយកអធិបតេយ្យភាពជាតិ ជីវិតរបស់ទាហាន និងប្រជាពលរដ្ឋរបស់យើងទៅប្រថុយនឹងគ្រោះថ្នាក់ គ្រាន់តែដើម្បីទទួលបានសំឡេងឆ្នោត ឬផលប្រយោជន៍ផ្ទាល់ខ្លួននោះទេ។ ការគិតបែបនោះគឺមិនត្រឹមត្រូវទេ»។
ទោះជាយ៉ាងណា ក្រុមអ្នកឃ្លាំមើលស្ថានការណ៍នយោបាយក្នុងស្រុកថៃ បានកត់សម្គាល់ថា នាយករដ្ឋមន្ត្រីចាំផ្ទះ អានុទីន បានបង្ហាញគំនិតផ្តួចផ្តើមតិចតួចណាស់ក្នុងការបន្តកិច្ចសន្ទនាដើម្បីកាត់បន្ថយការប៉ះទង្គិចគ្នាដោយប្រដាប់អាវុធជាមួយកម្ពុជា ហើយផ្ទុយមកវិញ លោកបែរជាផ្ដោតតែលើការទាមទារឱ្យកម្ពុជា ឈប់បាញ់មុនទៅវិញ។ ក្រុមអ្នកវិភាគបានលើកឡើងថា វិធីសាស្រ្តនេះអាចបម្រើផលប្រយោជន៍នយោបាយរបស់នាយករដ្ឋមន្ត្រីចាំផ្ទះ អានុទីន ពោលគឺជួយឱ្យគណបក្សភូមិចៃថៃ របស់លោកកើនឡើងប្រជាប្រិយភាពខ្លាំងនៅមុនការបោះឆ្នោតសកល ដែលនឹងធ្វើឡើងនៅខែកុម្ភៈ ដើមឆ្នាំ២០២៦។
លោក អានុទីន ក៏បានទាត់ចោលការអំពាវនាវរបស់សហគមន៍អន្តរជាតិ ជាពិសេសម៉ាឡេស៊ី ដែលជាប្រធានអាស៊ាន មេដឹកនាំមហាអំណាចសហរដ្ឋអាម៉េរិក និងមហាយក្សចិន ដែលជំរុញឱ្យភាគីថៃ រក្សាភាពអត់ធ្មត់ និងវិលចូលតុចរចាជាមួយកម្ពុជា ហើយលើសពីនេះ លោកបែរជាព្រហើនបញ្ជាឱ្យប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ ដាក់គំនាបលើកម្ពុជា ដើម្បីឱ្យកម្ពុជា ឈប់បាញ់មុន ទើបភាគីថៃ ឈប់បាញ់តាមក្រោយទៅវិញ។
ទន្ទឹមនឹងនេះ រដ្ឋាភិបាលបណ្ដោះអាសន្នរបស់នាយករដ្ឋមន្ត្រីចាំផ្ទះ អានុទីន ក៏បានស្នើសុំលើកពេលកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ាន ស្តីពី ភាពតានតឹងព្រំដែនកម្ពុជា-ថៃ ពីថ្ងៃទី១៦ ខែធ្នូ ទៅធ្វើនៅថ្ងៃទី២២ ខែធ្នូ វិញ ដែលទាំងអស់នេះ បង្ហាញឱ្យឃើញថា លោក អានុទីន មិនចង់ឱ្យមានបទឈប់បាញ់ឆាប់រហ័សពេកនោះឡើយ។
សូមបញ្ជាក់ថា ក្រសួងការបរទេសថៃ កាលពីថ្ងៃទី១៥ ខែធ្នូ បានដាក់លក្ខខណ្ឌ៣ ឱ្យកម្ពុជាអនុវត្តប្រសិនបើកម្ពុជា ចង់មានបទឈប់បាញ់ ដោយលក្ខខណ្ឌទាំង៣នោះ រួមមានទី១, កម្ពុជា ត្រូវតែប្រកាសបទឈប់បាញ់ជាមុន, ទី២, បទឈប់បាញ់ត្រូវតែភ្ជាប់ជាមួយការអនុវត្តជាក់ស្ដែង និងធានានិរន្តរភាព និងទី៣, កម្ពុជា ត្រូវតែសហការដោយភាពហ្មត់ចត់ និងភាពស្មោះត្រង់លើការដោះមីននៅតាមព្រំដែន៕
ដោយ: តែម សុខុម