សារព័ត៌មាន The Guardian កាលពីថ្ងៃសៅរ៍ ទី១៥ ខែវិច្ឆិកា បានចុះផ្សាយថា សហរដ្ឋអាម៉េរិកដែលជាបងធំរបស់ពិភពលោកបានដាក់សម្ពាធលើប្រទេសថៃ ដែលត្រូវបានគេចាត់ទុកថាជាកូនជឹងរបស់ខ្លួន ឱ្យប្តេជ្ញាចិត្តងាកមកអនុវត្តឡើងវិញនូវបទឈប់បាញ់ និងកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ ដែលមានលោក ដូណាល់ ត្រាំ ជាហត្ថលេខីធ្វើជាសាក្សីដឹងឮ ហើយបានព្រមានផ្អាកចរចាពាណិជ្ជកម្មជាមួយថៃ ខណៈទីក្រុងវ៉ាស៊ីនតោន កំពុងតែព្យាយាមចាប់បង្ខំឱ្យភាគីថៃគោរពកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃឱ្យបានខ្ជាប់ខ្ជួន។
អ្នកនាំពាក្យក្រសួងការបរទេសថៃ លោក នីកនដេច បាឡានគូរ៉ា (Nikorndej Balankura) បានប្រាប់អ្នកយកព័ត៌មានថា ភាគីថៃកាលពីយប់ថ្ងៃទី១៤ ខែវិច្ឆិកា ទទួលបានលិខិតមួយច្បាប់ពីការិយាល័យតំណាងពាណិជ្ជកម្មអាម៉េរិក ដែលប្រកាសពីការផ្អាកចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយភាគីថៃ។ អ្នកនាំពាក្យរូបនេះអះអាងថា លិខិតពីការិយាល័យតំណាងពាណិជ្ជកម្មអាម៉េរិកបានសង្កត់ធ្ងន់ថា ការចរចាពាណិជ្ជកម្មរវាងសហរដ្ឋអាម៉េរិក និងថៃទាក់ទិនពន្ធគយអាម៉េរិក១៩% ដាក់លើទំនិញថៃ អាចចាប់ផ្តើមឡើងវិញបានលុះត្រាតែប្រទេសថៃ បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃឱ្យបានពេញលេញ។
ទោះជាយ៉ាងណាអ្នកនាំពាក្យរដ្ឋាភិបាលថៃម្នាក់ទៀត គឺលោក ស៊ីរីពង្ស អង់កាសាគុលគៀត (Siripong Angkasakulkiat) បានចេញមកអះអាងកាលពីថ្ងៃសៅរ៍ ទី១៥ ខែវិច្ឆិកា ថា ការផ្អាកការចរចាពាណិជ្ជកម្មបណ្តោះអាសន្ននេះបានធ្វើឡើង មុនពេលការជជែកគ្នាតាមទូរសព្ទរវាងនាយករដ្ឋមន្ត្រីថៃលោក អានុទីន ឆានវីរៈគុល និងប្រធានាធិបតី ដូណាល់ ត្រាំ កាលពីយប់ថ្ងៃសុក្រ។ ទន្ទឹមនឹងនេះអ្នកនាំពាក្យរូបនេះបានព្យាយាមនិយាយសម្រាលស្ថានការណ៍ថា ការចរចាពន្ធគយជាមួយសហរដ្ឋអាម៉េរិកនឹងនៅតែបន្ត ហើយថា បញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃវាជារឿងដាច់ដោយឡែក គឺមិនពាក់ព័ន្ធនឹងការចរចាពាណិជ្ជកម្មអាម៉េរិក-ថៃនោះឡើយ។
ថ្លែងទៅកាន់អ្នកយកព័ត៌មាននៅលើយន្តហោះ Air Force One ក្នុងអំឡុងពេលហោះហើរទៅកាន់រដ្ឋ Florida កាលពីថ្ងៃ១៤ វិច្ឆិកា លោក ដូណាល់ ត្រាំ បានលើកឡើងថា លោកបានប្រើ ការគំរាមកំហែងផ្នែកពន្ធគយនៅក្នុងការសន្ទនាតាមទូរសព្ទជាមួយមេដឹកនាំកម្ពុជា-ថៃ ជាពិសេសសង្កត់ធ្ងន់ទៅលើភាគីថៃ។ លោក ត្រាំ បានលើកឡើកក្នុងសម្រង់សម្តីដើមថា៖«ខ្ញុំបានបញ្ឈប់សង្គ្រាមនៅថ្ងៃនេះតាមរយៈការប្រើប្រាស់ពន្ធគយ គឺការគំរាមកំហែងផ្នែកពន្ធគយ ហើយវាពិតជាបានផលពិតមែន»។
អ្នកនាំពាក្យក្រសួងការបរទេសថៃលោក នីកនដេច បាឡានគូរ៉ា (Nikorndej Balankura) បានបញ្ជាក់ថា នាយករដ្ឋមន្ត្រីថៃលោក អានុទីន ឆានវីរៈគុល បានពន្យល់បញ្ហានេះទៅកាន់លោក ដូណាល់ ត្រាំ នៅក្នុងការជជែកតាមទូរសព្ទរវាងមេដឹកនាំទាំងពីរ និងស្នើឱ្យលោក ត្រាំ យោគយល់ពាក់ព័ន្ធបញ្ហានេះ៕
ដោយ: តែម សុខុម