វិស័យទេសចរណ៍

មន្ត្រី និងអ្នកជំនាញរំពឹងកំណើនចលនាភ្ញៀវទេសចរផ្ទៃក្នុង នឹងជួយស្តារវិស័យទេសចរណ៍ឱ្យងើបឡើងវិញដូចមុនកូវីដ-១៩ នៅឆ្នាំនេះ


កំណើនចលនាដើរលេងកម្សាន្តរបស់ភ្ញៀវទេសចរផ្ទៃក្នុងនាអំឡុងបុណ្យឆ្លងឆ្នាំសកល ត្រូវបានអ្នកជំនាញក្នុងវិស័យទេសចរណ៍ចាត់ទុកជាសញ្ញាបង្ហាញពីការកម្រើកឡើងវិញនៃវិស័យទេសចរណ៍ បន្ទាប់ពីវិស័យនេះបានរងឥទ្ធិពលពីវិបត្តិជំងឺកូវីដ-១៩ និងវិបត្តិសកលមួយចំនួន។ អ្នកជំនាញរំពឹងថា កំណើនចលនាដើរលេងកម្សាន្តរបស់ទេសចរផ្ទៃក្នុងនេះ វាក្លាយជាជំហានមួយឈានទៅសម្រេចនូវគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការស្ដារវិស័យទេសចរណ៍ឡើងវិញនៅឆ្នាំ២០២៤នេះ។
វិស័យទេសចរណ៍
ដោយ

លោកជំទាវ ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា កត់សម្គាល់ឃើញថា នៅក្នុងអំឡុងពិធីបុណ្យចូលឆ្នាំសកលកន្លងទៅ ភ្ញៀវទេសចរផ្ទៃក្នុងមានការចេញដើរលេងកម្សាន្តច្រើន ដែលជាហេតុធ្វើឱ្យតំបន់ទេសចរណ៍មួយចំនួនមានការកកស្ទះ។

អ្នកជំនាញរូបនេះចាត់ទុកកំណើនចលនាភ្ញៀវទេសចរផ្ទៃក្នុងបានដើរតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែកជួយលើកកម្ពស់សេដ្ឋកិច្ចជាតិ ដោយហេតុថា ចង់ ឬមិនចង់អ្នកដើរកម្សាន្តនឹងត្រូវចំណាយថវិកាលើផលិតផល និងសេវាកម្មផ្សេងៗ ហើយអ្នកបម្រើសេវាកម្មទេសចរណ៍នឹងទទួលបានអត្ថប្រយោជន៍ពីចលនាទេសចរផ្ទៃក្នុង ស្របពេលនៅឆ្នាំនេះ រាជរដ្ឋាភិបាលដាក់គោលដៅស្ដារវិស័យទេសចរណ៍ឱ្យបានដូចមុនវិបត្តិកូវីដ-១៩។

​ស្រដៀងគ្នានេះ ឯកឧត្តម តុប សុភ័ក អ្នកនាំពាក្យក្រសួងទេសចរណ៍កត់សម្គាល់ឃើញថា នៅក្នុងឱកាសបុណ្យឆ្លងឆ្នាំសកលនាពេលថ្មីៗនេះ មានពលរដ្ឋជាច្រើនបានដើរកម្សាន្តនៅតាមគោលដៅទេសចរណ៍សំខាន់ៗ។

អ្នកជំនាញរូបនេះ ជឿជាក់ថា តាមរយៈចលនាដើរលេងកម្សាន្តរបស់ទេសចរផ្ទៃក្នុងយ៉ាងផុសផុលនេះ ចង់ មិនចង់វានឹងដល់ប្រតិបត្តិករ និងអ្នករកស៊ីក្នុងវិស័យទេសចរណ៍ ក៏ដូចជាជួយបង្កើនចំណូលសេដ្ឋកិច្ចនៅតាមមូលដ្ឋាន។

អ្នកនាំពាក្យរូបនេះសង្ឃឹមថា នៅក្នុងឆ្នាំ២០២៤ នេះ កម្ពុជានឹងអាចស្ដារវិស័យទេសចរណ៍ឱ្យត្រលប់មកដូចមុនវិបត្តិកូវីដ-១៩ ជាមួយក្តីរំពឹងអាចទាក់ទាញភ្ញៀវទេសចរបរទេសបានចន្លោះពីជាង៦លានទៅ៧លាននាក់។

​ទិន្នន័យពីមន្ទីរទេសចរណ៍នៅតាមបណ្ដាខេត្តគោលដៅទេសចរណ៍សំខាន់បានឱ្យដឹងថា នៅក្នុងឱកាសបុណ្យឆ្លងឆ្នាំសកលកន្លងទៅនេះ ខេត្តសៀមរាបទទួលបានភ្ញៀវទេសចរប្រមាណជាង៣០ម៉ឺននាក់ ខណៈខេត្តបាត់ដំបងទទួលបានភ្ញៀវទេសចរប្រមាណជាង២៦ម៉ឺននាក់, ខេត្តព្រះសីហនុទទួលបានភ្ញៀវទេសចរជាង៣៤ម៉ឺននាក់, ខេត្តកំពតទទួលបានភ្ញៀវទេសចរជិត៤០ម៉ឺននាក់។

សូមរំលឹកថា នៅក្នុងពិធីសម្ពោធព្រលានយន្តហោះអន្តរជាតិសៀមរាបអង្គរ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជាបានចាត់ទុកឆ្នាំ២០២៤ ជាឆ្នាំនៃការរស់ឡើងវិញនៃវិស័យទេសចរណ៍នៅកម្ពុជា។

បើតាមការគូសបញ្ជាក់របស់សម្ដេច ហ៊ុន ម៉ាណែត បច្ចុប្បន្នក្រសួងទេសចរណ៍កំពុងចរចាជាមួយបណ្ដាក្រុមហ៊ុនអាកាសចរណ៍នានា ដើម្បីភ្ជាប់ការហោះហើរត្រង់មកកាន់កម្ពុជា ស្របពេលដែលរដ្ឋាភិបាលកម្ពុជា-ចិន បានយកឆ្នាំ២០២៤ ជាឆ្នាំនៃការផ្លាស់ប្ដូររវាងប្រជាជន និងប្រជាជន ឬហៅថាកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ដែលនឹងជួយជំរុញអ្នកវិនិយោគ និងអ្នកទេសចរចិនឱ្យធ្វើដំណើរមកកម្ពុជាឱ្យកាន់តែច្រើនបន្ថែមទៀត៕

អត្ថបទ៖ បូ ដូឡា​

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


រថយន្តប្រមាណ៣ម៉ឺនគ្រឿងធ្វើដំណើរលើផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ អំឡុងបុណ្យចូលឆ្នាំសកល

ព័ត៌មាន
នៅថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ ដែលត្រូវជាថ្ងៃបុណ្យចូលឆ្នាំសកល មានរថយន្តប្រមាណ ៣ម៉ឺនគ្រឿង បានធ្វើដំណើរលើផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ពោលគ…

តើវិស័យធានារ៉ាប់រងនៅពេញមួយឆ្នាំ២០២៣មានការរវិវត្តយ៉ាងណាខ្លះ?

ព័ត៌មាន
ដ្បិតថា វិបត្តិពិភពលោកបានធ្វើឱ្យមានភាពរង្គោះរង្គើដល់វិស័យធានារ៉ាប់រងកម្ពុជា ដែលជាវិស័យក្មេងខ្ចីមួយក្នុងចំណោមវិស័យហិរញ្ញវត្ថុនៅកម្ពុជានៅប៉…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ