របាយការណ៍របស់ក្រុមហ៊ុន Canalys ចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ បានបង្ហាញថា ចំណែកទីផ្សាររបស់ក្រុមហ៊ុន Apple នៅក្នុងប្រទេសចិន បានធ្លាក់ចុះមកនៅត្រឹម១៤% ក្នុងត្រីមាសទី២ឆ្នាំនេះ ពោលគឺធ្លាក់ចុះពី១៥% នៅក្នុងត្រីមាសទី១ និង១៦% ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ប៉ុន្តែមិនបានបញ្ជាក់ពីតួលេខទូរសព្ទដែលលក់បាននៅទីផ្សារចិន នោះទេ។
បើតាមការគណនារបស់ទូរទស្សន៍ CNBC បានបង្ហាញថា ក្រុមហ៊ុនផលិតទូរសព្ទ iPhone បានជាប់ចំណាត់ថ្នាក់ជាក្រុមហ៊ុនផលិតស្មាតហ្វូនច្រើនជាងគេទី៣ នៅក្នុងត្រីមាសទី២ឆ្នាំមុន ប៉ុន្តែពេលនេះបានធ្លាក់ចុះមកលេខ៦ ជាមួយនឹងការដឹកជញ្ជូនប្រហែលជិត១០លានគ្រឿង នៅទូទាំងពិភពលោក។
លោក លូកាស ហ្សុង (Lucas Zhong) អ្នកវិភាគស្រាវជ្រាវនៅក្រុមហ៊ុន Canalys បាននិយាយថា វាគឺជាត្រីមាសទីមួយក្នុងប្រវត្តិសាស្ត្រដែលអ្នកលក់ក្នុងស្រុកបានគ្រប់គ្រងតំណែងកំពូលទាំង៥បែបនេះ។ ចាប់ពីខែមេសា ដល់ខែមិថុនា ទូរសព្ទ Vivo បានស្ថិតនៅកំពូលតារាងជាមួយនឹងចំណែកទីផ្សារ១៩% ក្រោយលក់បានជាង១៣លានគ្រឿង។ ចំណែកលេខពីរ បានទៅលើទូរសព្ទ Oppo ដោយលក់ចេញបានចំនួនជាង១១លានគ្រឿង។
ហើយទូរសព្ទម៉ាក Honor របស់ក្រុមហ៊ុន Huawei បានជាប់ចំណាត់ថ្នាក់លេខ៣ ជាមួយនឹងការលក់បានជិត១១លានគ្រឿង ដោយកើនឡើងបាន៤% បើធៀបនឹងឆ្នាំមុន។ ជាមួយគ្នានេះទូរសព្ទ Huawei បានជាប់ចំណាត់ថ្នាក់លេខ៤ ជាមួយនឹងចំណែកទីផ្សារ១៥% និងការលក់បានជាង១០លានគ្រឿង ហើយចំណាត់ថ្នាក់ទី៥ ចុងក្រោយបានទៅលើទូរសព្ទ Xiaomi ជាមួយនឹងការលក់បាន៧ម៉ឺនគ្រឿង៕
អត្ថបទ៖ សុខ មង្គល