យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters លោក ចនធឺនើស (John Ternus) នឹងចូលកាន់តំណែងជានាយកប្រតិបត្តិក្រុមហ៊ុនApple ជាផ្លូវការនៅថ្ងៃទី១ ខែកញ្ញា ខាងមុខ ជំនួសលោក ធីម ឃុក (Tim Cook) ដែលបានដឹកនាំក្រុមហ៊ុននេះតាំងពីឆ្នាំ២០១១ មក នឹងត្រូវផ្លាស់ប្តូរទៅកាន់តំណែងជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនវិញ។
លោក ធឺនើស បានចូលរួមក្នុងក្រុមអ្នករចនាម៉ូដផលិតផលរបស់ក្រុមហ៊ុនApple ក្នុងឆ្នាំ២០០១ និងបានក្លាយជាប្រធានផ្នែកវិស្វកម្មហាតវែរ ក្នុងឆ្នាំ២០១៣។ បន្ទាប់មកនៅឆ្នាំ២០២១ លោកបានចូលរួមក្នុងក្រុមនាយកប្រតិបត្តិរបស់ក្រុមហ៊ុន ដោយនៅពេលនោះលោកកាន់តំណែងជាប្រធានជាន់ខ្ពស់ផ្នែកវិស្វកម្មហាតវែរ ក្រោមការបញ្ជាផ្ទាល់របស់លោក ធីម ឃុក។
នៅប៉ុន្មានឆ្នាំចុងក្រោយនេះលោក ធឺនើស ជាតួអង្គដ៏សំខាន់នៅពីក្រោយភាពជោគជ័យដ៏ត្រចះត្រចង់របស់ផលិតផលកំពូលៗដូចជា iPhone, iPad, Mac, Apple Watch និង AirPods។ អ្វីដែលកាន់តែពិសេសកាលពីពេលថ្មីៗ លោកបានបង្ហាញផលិតផល iPhone Air ដែលជាការផ្លាស់ប្តូររូបរាងដ៏ធំបំផុតរបស់ iPhone គិតចាប់តាំងពីឆ្នាំ២០១៧ មក។
បច្ចុប្បន្នលោក ធឺនើស មានវ័យ៥០ឆ្នាំ ដែលជាវ័យដូចគ្នានឹងលោក ធីបឃុក ពេលឡើងកាន់តំណែងជានាយកប្រតិបត្តិបន្តពីលោក Steve Jobs កាលពីឆ្នាំ២០១១ ដែរ។ មុនក្លាយជាសសរទ្រូងរបស់ Apple លោក ធឺនើសគឺជាវិស្វករមេកានិកនៅក្រុមហ៊ុន Virtual Research Systems ដោយបានបញ្ចប់ការសិក្សាផ្នែកវិស្វកម្មមេកានិកពីសាកលវិទ្យាល័យPennsylvania។ ការឡើងកាន់តំណែងរបស់លោក ត្រូវបានគេរំពឹងថានឹងក្លាយជាការចាប់ផ្តើម នៃយុគសម័យថ្មីរបស់ Apple ក្នុងការប្រកួតប្រជែងលើវិស័យបច្ចេកវិទ្យា AI នាពេលអនាគត៕
អត្ថបទៈ សួន ឡង់ទី