វិស័យសុខាភិបាល

អ្នកជំនាញស្នើឱ្យអាជ្ញាធរបង្កើនការត្រួតពិនិត្យលើការលក់.អាហារបំប៉ន និងថ្នាំ.សម្រក.ទម្ងន់តាមអនឡាញ ក្រោយមានអ្នកស្លា.ប់ដោយសារប្រើថ្នាំ.ប្រភេទនេះនៅថៃ


ថ្មីៗនេះ អាជ្ញាធរថៃ បានបើកប្រតិបត្តិការបង្ក្រាបទីតាំងផលិតថ្នាំសម្រកទម្ងន់ខុសច្បាប់ទ្រង់ទ្រាយធំទូទាំងប្រទេស ក្រោយមានពលរដ្ឋខ្លួនបានបាត់បង់ជីវិតដោយសារប្រើថ្នាំសម្រក បាស្គី (Baschi) ដែលដាក់លក់តាមអនឡាញ។ បើតាមការអះអាងរបស់មន្ត្រីជំនាញសុខាភិបាលថៃ ថ្នាំនេះមានផ្ទុកសារធាតុគីមីហាមឃាត់ ស៊ីប៊ុយត្រាមីន (Sibutramine) ដែលជាថ្នាំពុលបំផ្លាញបេះដូង និងអាចសម្លាប់មនុស្សបានក្នុងមួយប៉ប្រិចភ្នែក។ បើក្រឡេកមកមើលតថភាពនៅកម្ពុជាវិញការដាក់លក់អាហារបំប៉ន និងថ្នាំសម្រកនៅលើប្រព័ន្ធអនឡាញ ក៏កំពុងមានការផុសផុលខ្លាំងផងដែរ។
វិស័យសុខាភិបាល
ដោយ

ទន្ទឹមនឹងនេះ ក្រុមអ្នកជំនាញស្នើដល់ក្រសួងស្ថាប័នពាក់ព័ន្ធគួរបើកប្រតិបត្តិការការទ្រង់ទ្រាយធំចុះត្រួតពិនិត្យភាពអនុលោមចំពោះការលក់អាហារបំប៉ន និងថ្នាំសម្រកនៅកម្ពុជា ដើម្បីទប់ស្កាត់ផលប៉ះពាល់ដល់សុខភាព និងជីវិតពលរដ្ឋ ព្រោះកន្លងទៅ ក៏មានការនាំចូលផលិតផលទាំងនេះពីប្រទេសថៃ មកលក់ផងដែរ។

អ្នកឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន បានបង្ហាញការព្រួយបារម្ភយ៉ាងចំពោះផលប៉ះពាល់ដល់សុខភាពរបស់ប្រជាពលរដ្ឋដែលបង្កឡើងដោយការទទួលទានអាហារបំប៉ន និងថ្នាំសម្រក ដែលមិនមានប្រភព និងឆ្លងកាត់ការត្រួតពិនិត្យច្បាស់លាស់។ ការបង្ហាញការព្រួយបារម្ភនេះកើតឡើងក្រោយមានការផ្ទុះករណីស្លាប់មនុស្សដោយសារការទទួលទានថ្នាំសម្រកនៅថៃកាលពីពេលថ្មីៗនេះ។ ទន្ទឹមនឹងនេះ អ្នកឧកញ៉ា ចង់ឃើញក្រសួង និងស្ថាប័នពាក់ព័ន្ធបើកប្រតិបត្តិការចុះត្រួតពិនិត្យទីតាំងចែកចាយអាហារបំប៉ន និងថ្នាំសម្រក ដែលលក់តាមប្រព័ន្ធអនឡាញនានា ដើម្បីធានាថា ផលិតទាំងនោះមានច្បាប់ត្រឹមត្រូវ និងមិនប៉ះពាល់ដល់សុខភាពរបស់អ្នកប្រើប្រាស់។ ​យ៉ាងណាមិញអ្នកជំនាញរូបនេះបានក្រើនរម្លឹក​សល់ពលរដ្ឋ​កុំឱ្យប្រើប្រាស់អាហារបំប៉ន និងថ្នាំសម្រក ដែលដាក់លក់មិនមានប្រភពច្បាស់លាស់ ឬមិនមានការទទួលស្គាល់ពីក្រសួងសុខាភិបាល។
ជាមួយគ្នានេះ លោកបណ្ឌិត ឈត ប៊ុនថង អ្នកជំនាញទស្សនវិជ្ជា និងជាអ្នកតាមដានហេតុការណ៍សង្គមបានលើកឡើងថា ការដាក់លក់អាហារបំប៉ន និងថ្នាំសម្រេក គឺទាមទារឱ្យមានសុវត្ថិភាពខ្ពស់ ព្រោះវាប៉ះពាល់ដល់សុខភាព និងអាយុជីវិតពលរដ្ឋអ្នកប្រើប្រាស់ ដោយក្រសួងសុខាភិបាលត្រូវតែចុះធ្វើពិសោធន៍ទៅលើផលិតផលទាំងអស់នេះ ខណៈនៅលើទីផ្សារបច្ចុប្បន្នការដាក់លក់អាហារបំប៉ន និងថ្នាំសម្រកកំពុងពេញនិយមនៅលើប្រព័ន្ធអនឡាញ។ អ្នកជំនាញរូបនេះសង្កេតឃើញថា កន្លងមកអាហារបំប៉ន និងថ្នាំសម្រេកដែលចរាចរណ៍ដាក់លក់នៅលើទីផ្សារកម្ពុជាភាគច្រើននាំចូលពីប្រទេសថៃ ​ដែលទាមទារឱ្យមន្រ្តីជំនាញរបស់ក្រសួងសុខាភិបាល ​ត្រូវតែបង្កើនការយកចិត្តទុកដាក់ និងពង្រឹងការត្រួតពិនិត្យឱ្យបានហ្មត់ចត់​លើផលិតផលប្រភេទនេះ។
បើតាមការគូសបញ្ជាក់របស់អ្នកឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី ជាទូទៅ​ប្រភេទថ្នាំសម្រកទម្ងន់ គឺគេប្រើសារធាតុគីមី ​ដែលធ្វើឱ្យប្រព័ន្ធ​សេរីរាង្គក្នុងខ្លួនមនុស្សរាគរួស និងធ្វើឱ្យបាត់បង់ជាតិទឹក ដែលធ្វើឱ្យអ្នកប្រើប្រាស់យល់ច្រឡំថា​ស្រកជាតិខ្ញាញ់ក្នុងខ្លួន​។

ពាក់ព័ន្ធបញ្ហានេះ ឯកឧត្តម កុយ វ៉ាន់នី ប្រធានក្រុមអ្នកនាំពាក្យក្រសួងសុខាភិបាល បានប្រាប់សារព័ត៌មានខេមបូណូមីសថា ក្នុងកិច្ចការងារចុះត្រួតពិនិត្យផលិតផលអាហារបំប៉ន និងផលិតផលថ្នាំសម្រកនៅកម្ពុជា ក្រុមមន្រ្តីជំនាញ នៃក្រសួងសុខាភិបាលបានចុះពិនិត្យជាប្រចាំ ដោយបានបិទទីតាំង និងពិន័យម្ចាស់អាជីវកម្មជាច្រើនចាប់តាំងពីឆ្នាំ២០២៣ មក។

គួររម្លឹកថា កាលពីពេលកន្លងទៅឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃធ្លាប់បានអំពាវនាវដល់ពលរដ្ឋកុំឱ្យជឿ និងប្រើប្រាស់ផលិតផលអាហារបំប៉ន និងឡេលាបឱ្យស្បែកឱ្យសក្នុងរយៈពេលខ្លី ដែលផ្សព្វផ្សាយនៅលើប្រព័ន្ធអនឡាញ ដោយសារវាមានផ្ទុកសារធាតុគីមីពុល ឬសារធាតុញៀន ដែលអាចបំផ្លាញសុខភាពយ៉ាងធ្ងន់ធ្ងរ។ ទន្ទឹមនឹងនេះ ឯកឧត្តម បានលើកទឹកចិត្តឱ្យពលរដ្ឋជ្រើសរើសម៉ាកយីហោផលិត ដែល​មានអាជ្ញាបណ្ណត្រឹមត្រូវ និងឆ្លងកាត់ការត្រួតពិនិត្យ​ស្តង់ដារគុណភាពពីអាជ្ញាធរពាក់ព័ន្ធ ដើម្បី​ចៀសវាងនូវ​ហានិភ័យសុខភាព ឬប្រឈមនឹង​ជំងឺ​រ៉ាំរ៉ៃមួយជីវិតទៅថ្ងៃក្រោយ ពិសេសបញ្ហាមហារីកស្បែក៕

អត្ថបទ​៖ ជា ម៉ារ៉ា




អត្ថបទបន្ទាប់


កូរ៉េខាងត្បូង នឹងបណ្តុះបណ្តាលអ្នកចម្បាំងដ្រូនកន្លះលាននាក់ ត្រៀមសម្រាប់សង្គ្រាមសម័យថ្មី

ប្រទេសកូរ៉េខាងត្បូង ដែលមានប្រជាជនជាង ៥១ លាននាក់បានប្រកាសផែនការធ្វើទំនើបកម្មយោធាដ៏ធំមួយដើម្បីទប់ទល់នឹងការគំរាមកំហែងពីកូរ៉េខាងជើង ដោយ…

ចិន-កម្ពុជា ចាប់ដៃគ្នាបង្កើតខែលសន្តិសុខ ធ្វើឱ្យថៃ កំពុងក្តៅក្រហាយ និងព្រួយបារម្ភ

ស្របពេលអ្នកជិតខាងខ្លះកំពុងលបមើលទាំងក្តីបារម្ភ និងអន្ទះសារបារម្ភពីឥទ្ធិពលចិន ប្រធានាធិបតីចិន លោក ស៊ី ជីនភពីង បានថ្លែងយ៉ាងម៉ឺងម៉ាត់នៅថ្ងៃ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ