បើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរដ្ឋចិន Xinhua នៅក្នុងជំនួបនោះលោកប្រធានាធិបតី ស៊ី ជីនពីង បានគូសបញ្ជាក់ថា ស្ថានភាពអន្តរជាតិ និងក្នុងតំបន់កំពុងឆ្លងកាត់ការផ្លាស់ប្តូរដ៏ស្មុគស្មាញ និងស៊ីជម្រៅ។ លោកបានសង្កត់ធ្ងន់ថា ចិន និងកម្ពុជា គួរតែធ្វើការរួមគ្នា ដើម្បីជំរុញឱ្យមានស្ថិរភាពកាន់តែខ្លាំងឡើងបន្ថែមទៀត សម្រាប់សន្តិភាព និងការអភិវឌ្ឍក្នុងតំបន់ ពោលគឺមិនមែនដើរតួជាអ្នកចាំព្រួយបារម្ភ ឬរារែកដូចប្រទេសខ្លះនោះឡើយ។
នៅក្នុងកិច្ចពិភាក្សាដដែលនោះ លោក ស៊ី បានបង្ហាញជំហរច្បាស់ៗផ្ញើទៅកាន់ពិភពលោក និងប្រទេសក្នុងតំបន់ថា ប្រទេសចិន តែងតែចាត់ទុកកម្ពុជា ជាអាទិភាពចម្បងបំផុតក្នុងគោលនយោបាយការទូតអ្នកជិតខាងរបស់ខ្លួន ហើយទីក្រុងប៉េកាំង ប្តេជ្ញាគាំទ្រចំពោះការប្តូរផ្តាច់របស់កម្ពុជា ក្នុងការការពារអធិបតេយ្យភាព និងសន្តិសុខជាតិ។ ជាមួយគ្នានេះ លោក បានអំពាវនាវឱ្យភាគីទាំងពីរចិន-កម្ពុជា លើកកម្ពស់មូលដ្ឋានគ្រឹះ នៃការជឿទុកចិត្តគ្នាទៅវិញទៅមកជាយុទ្ធសាស្ត្រឱ្យឈានដល់កម្រិតកំពូលថ្មីមួយទៀត ដែលជាសញ្ញាបង្ហាញថា មិត្តភាពដែកថែបនេះគ្មានជនទីបីណាមកបំបែកបំបាក់ ឬលូកដៃចូលជ្រៀតជ្រែកបានឡើយ។
ក្រៅពីកិច្ចការសន្តិសុខ លោក ស៊ី ជីនពីង ក៏បានសម្តែងការកោតសរសើរយ៉ាងខ្លាំងចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធអ៊ីនធឺណិត ព្រមទាំងបានសន្យាថា នឹងឈរនៅខាងកម្ពុជា ជានិច្ច ដើម្បីរួមគ្នាលុបបំបាត់អ្វីដែលលោកហៅថា ជាដុំសាច់មហារីក នៃការបោកប្រាស់ទាំងនេះឱ្យអស់ពីតំបន់។ សម្ដេចតេជោ ហ៊ុន សែន នឹងស្ថិតនៅក្នុងប្រទេសចិន ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦ ដើម្បីបំពេញទស្សនកិច្ចផ្លូវការ ដែលជាដំណើរទស្សនកិច្ចដ៏ជោគជ័យមួយឆ្លុះបញ្ចាំងពីឥទ្ធិពលការទូតដ៏រឹងមាំរបស់កម្ពុជា។
គួររំលឹកថា កាលពីខែមេសា កន្លងទៅ ប្រទេសចិន និងកម្ពុជា បានបង្កើតរបត់ប្រវត្តិសាស្ត្រថ្មីមួយ ដោយបានរៀបចំកិច្ចប្រជុំលើកដំបូង ក្រោមយន្តការកិច្ចសន្ទនាយុទ្ធសាស្ត្រ«២+២» ដែលដឹកនាំដោយរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិនៃប្រទេសទាំងពីរ ដើម្បីរឹតចំណងនយោបាយ និងសន្តិសុខឱ្យកាន់តែស្អិតរមួត។ យន្តការដ៏រឹងមាំនេះហើយ ដែលកំពុងក្លាយជាខែលការពារដ៏មានឥទ្ធិពល និងកំពុងធ្វើឱ្យប្រទេសជិតខាងមួយចំនួន ជាពិសេសរដ្ឋាភិបាលថៃ កំពុងតែដាក់ក្រសែភ្នែកមើលទាំងក្តីបារម្ភ និងការគិតគូរជាយុទ្ធសាស្ត្រចំពោះវឌ្ឍនភាពនៃការវិវត្តសន្តិសុខរវាងកម្ពុជា និងចិន នាពេលនេះ៕
អត្ថបទៈ សួន ឡង់ទី