បើតាមប្រភពព័ត៌មានពី Nikkei បានឲ្យដឹងថា ក្រុមហ៊ុន Apple នឹងកាត់បន្ថយការផលិតទូរស័ព្ទប្រភេទ iPhone SE មកនៅត្រឹមតែ ២០% នៃផែនការដែលបានគ្រោងទុក សម្រាប់ត្រីមាសខាងមុខនេះ ដែលវាត្រូវបានគេមើលឃើញថា គឺជាសញ្ញាដំបូងមួយ នៃការប៉ះពាល់ពីសង្គ្រាមរុស្ស៊ី និង អ៊ុយក្រែនទៅលើក្រុមហ៊ុននេះ ខណៈអតិផរណាកំពុងកើនឡើងបានចាប់ផ្តើមធ្វើឱ្យថយចុះនូវតម្រូវការប្រើប្រាស់ឧបករណ៍អេឡិចត្រូនិក។
ប្រមាណ៣សប្ដាហ៍មុននេះ Apple ទើបតែបានដាក់លក់ទូរស័ព្ទប្រភេទ iPhone SEs ដែលមានសមត្ថភាពអាចដំឡើងប្រព័ន្ធ 5G ដំបូងបង្អស់របស់ខ្លួន ប៉ុន្ដែឥឡូវនេះ ក្រុមហ៊ុនយក្សរបស់អាមេរិកមួយនេះ បានប្រកាសប្រាប់អ្នកផ្គត់ផ្គង់ជាច្រើនថា ខ្លួនមានគោលបំណងកាត់បន្ថយការផលិតទូរស័ព្ទនេះពី ២លាន ទៅ ៣ លានគ្រឿងសម្រាប់ត្រីមាសខាងមុខនេះ ដោយលើកឡើងពីតម្រូវការអ្នកប្រើប្រាស់មានការថយចុះជាងការរំពឹងទុក នៅចំពេលដែលបញ្ហាប្រេងឥន្ធនៈឡើងថ្លៃ និងអតិផរណ កំពុងដាក់សម្ពាធកាន់តែខ្លាំងលើសេដ្ឋកិច្ចពិភពលោក ក្រោយពេលមានការផ្ទុះឡើងនៃសង្គ្រាមនៅអ៊ុយក្រែន។
ក្រុមហ៊ុនផលិតឧបករណ៍ឆ្លាតវៃមួយនេះ ក៏បានកាត់បន្ថយការបញ្ជាទិញសម្រាប់កាសស្តាប់ត្រចៀក AirPods របស់ខ្លួនជាង ១០ លានគ្រឿងសម្រាប់ឆ្នាំ ២០២២ ខណៈដែលក្រុមហ៊ុនបានព្យាករពីតម្រូវការមិនសូវច្រើន ហើយចង់កាត់បន្ថយស្តុក ឧបករណ៍នេះផងដែរ។
គួរកត់សម្គាល់ថា ក្រុមហ៊ុន Apple បាននាំចេញ AirPods ប្រហែលជិត ៧៧ លានគ្រឿងក្នុងឆ្នាំ ២០២១ នេះបើតាម ទិន្នន័យស្រាវជ្រាវដោយស្ថាប័ន Counterpoint ក៏ប៉ុន្តែអ្នកជំនាញ បាននិយាយថាការនាំចេញសរុបសម្រាប់ឆ្នាំ ២០២២ ទំនងជានឹងមានការធ្លាក់ចុះ។ ក្នុងនោះផងដែរ ក្រុមហ៊ុន Apple ក៏បានស្នើឱ្យអ្នកផ្គត់ផ្គង់ផលិត ទូរស័ព្ទ iPhone 13 ត្រឹមតែ ២ លានគ្រឿងប៉ុណ្ណោះ តិចជាងការគ្រោងទុកពីមុន ប៉ុន្តែបាននិយាយថា ការកែតម្រូវនេះ គឺផ្អែកលើតម្រូវការតាមរដូវកាល។
សកម្មភាពកាត់បន្ថយការផលិតរបស់ Apple នេះ គឺបានបញ្ជាក់អំពីសម្ពាធកើនឡើងលើឧស្សាហកម្មបច្ចេកវិទ្យាបន្ទាប់ពីការចាប់ផ្តើម នៃសង្គ្រាមរុស្ស៊ី និង អ៊ុយក្រែន ដែលបានរួមបញ្ជូលការខ្វះខាតបន្ទះឈីបអស់រយៈពេលជាច្រើនឆ្នាំមកហើយ ធ្វើឲ្យប៉ះពាល់ដល់ឧស្សាហកម្មជាច្រើនរាប់តាំងពីការផលិតស្មាតហ្វូន កុំព្យូទ័រ និង រថយន្ត។
រដ្ឋាភិបាល សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ប្រទេសជប៉ុន កូរ៉េខាងត្បូង និងតៃវ៉ាន់ បានដាក់ទណ្ឌកម្មសេដ្ឋកិច្ចប្រឆាំងនឹងរុស្សី ជុំវិញការឈ្លានពានរបស់ខ្លួនលើអ៊ុយក្រែន ហើយខ្សែចង្វាក់ផ្គត់ផ្គង់ត្រូវបានអង្រួនដោយភាពចលាចលនៅក្នុងទីផ្សារប្រេង ថាមពល និងវត្ថុធាតុដើម។
ហានិភ័យអតិផរណាដែលកំពុងកើនឡើងនេះ បានបន្ថែមទៅលើការចំណាយខ្ពស់ក្នុងការរស់នៅរបស់ប្រជាជន និងបង្កើតក្តីបារម្ភជុំវិញតម្រូវការផលិតផលអេឡិចត្រូនិក។ ស្របពេលជាមួយគ្នានោះផងដែរ ក្រុមហ៊ុន Apple បានបញ្ឈប់ការលក់របស់ខ្លួននៅក្នុងប្រទេសរុស្ស៊ីភ្លាមៗ បន្ទាប់ពីការផ្ទុះឡើងនៃសង្គ្រាមអ៊ុយក្រែនដែលមិននឹកស្មានដល់ ខណៈការលក់ទូរស័ព្ទ iPhone នៅរុស្ស៊ីមានប្រហែល ៥ លានគ្រឿង កាលពីឆ្នាំមុន៕
អត្ថបទ វ៉ាន់ ស្រីរ័ត្ន