ក្រុមហ៊ុន Apple បានប្រាប់អ្នកផ្គត់ផ្គង់ថា ប្រទេសចិនបានចាប់ផ្តើមអនុវត្តយ៉ាងតឹងរ៉ឹងនូវច្បាប់មួយដែលមានតាំងពីយូរមកហើយ ដោយក្នុងនោះ គ្រឿងបន្លាស់ដែលផលិតនៅតៃវ៉ាន់ត្រូវតែដាក់ស្លាកថាផលិតនៅក្នុង "តៃវ៉ាន់ ប្រទេសចិន" ឬ "ទីក្រុងតៃប៉ិរបស់ចិន" ខណៈនេះជាភាសា ដែលបង្ហាញថាកោះនេះគឺជាផ្នែកមួយនៃប្រទេសចិន។
អ្នកជំនាញបាននិយាយថា ក្រុមហ៊ុនបច្ចេកវិទ្យាធំៗរបស់សហរដ្ឋអាមេរិកបានជំរុញអ្នកផ្គត់ផ្គង់របស់ខ្លួនឱ្យដោះស្រាយបញ្ហានេះជាបន្ទាន់ ដើម្បីជៀសវាងការរំខាន ដែលអាចកើតមាន បណ្តាលឱ្យទំនិញ និង សមាសធាតុសំខាន់ៗនៃគ្រឿងបន្លាស់បច្ចេកវិទ្យាត្រូវបានហាមឃាត់ត្រឹមការត្រួតពិនិត្យរបស់គយចិន។
នាពេលថ្មីៗនេះ វាជាពេលវេលាតានតឹងមួយសម្រាប់ក្រុមហ៊ុន Apple ដោយសារតែអ្នកផ្គត់ផ្គង់របស់ខ្លួនកំពុងរៀបចំសមាសធាតុ ដើម្បីដំឡើងចូលទៅក្នុង iPhone សេរីថ្មីរបស់ខ្លួន និង ផលិតផលថ្មីផ្សេងទៀតដែលគ្រោងនឹងដាក់បង្ហាញក្នុងពេលខាងមុខ កំពុងប្រឈមការរឹតបន្ដឹងដោយអាជ្ញាធរគយរបស់ប្រទេសចិន។
ប្រភពបាននិយាយថា ការប្រើឃ្លា "ផលិតនៅតៃវ៉ាន់" នៅលើទម្រង់ប្រកាសការនាំចូល ឯកសារ ឬ កេសអាចបណ្តាលឱ្យការដឹកជញ្ជូនត្រូវបានរក្សាទុកនៅក្រុមត្រួតពិនិត្យដោយគយចិន។ ប្រភពមួយបាននិយាយថា ការផាកពិន័យចំពោះការបំពានច្បាប់នេះ គឺត្រូវផាកពិន័យរហូតដល់ទៅ ៥៩២ ដុល្លារ ឬ ក្នុងករណីដ៏អាក្រក់បំផុត ការដឹកជញ្ជូនត្រូវបានរាំងខ្ទប់។
យោងទៅតាមអ្នកផ្គត់ផ្គង់ និងក្រុមហ៊ុនដឹកជញ្ជូន បានគូសបញ្ចាក់ថា ច្បាប់នេះបានបង្ហាញពីភាពលំបាកសម្រាប់អ្នកផ្គត់ផ្គង់ដែលត្រូវការដឹកជញ្ជូនសម្ភារៈ គ្រឿងបន្លាស់ ឬ គ្រឿងបង្គុំពីតៃវ៉ាន់ទៅកាន់ប្រទេសចិន ដោយសារកោះ ដែលគ្រប់គ្រងតាមបែបប្រជាធិបតេយ្យមួយនេះ បានស្នើសុំឱ្យការនាំចេញទាំងអស់ត្រូវដាក់ស្លាកផលិតផល ដែលមានប្រភពដើមផលិតនៅកោះតៃវ៉ាន់ត្រូវតែអនុវត្តពាក្យ "តៃវ៉ាន់" ឬ ឈ្មោះផ្លូវការរបស់កោះនេះ "សាធារណៈរដ្ឋចិន"។
គួរសង្កេតឃើញថា ការព្រមានរបស់ក្រុមហ៊ុន Apple ធ្វើឡើងបន្ទាប់ពីការដឹកជញ្ជូនពីតៃវ៉ាន់ទៅកាន់រោងចក្រដំឡើង iPhone មួយរបស់ក្រុមហ៊ុនតៃវ៉ាន់ Pegatron នៅក្នុងប្រទេសចិនត្រូវបានរងការត្រួតពិនិត្យកាលពីថ្ងៃព្រហស្បតិ៍ ទី ៤ សីហា ដោយគយចិន៕