នាវាចម្បាំងចិន និងតៃវ៉ាន់ គគ្រឺតធ្មេញដាក់គ្នាទៅវិញទៅមកនៅច្រកសមុទ្រតៃវ៉ាន់

នាវាចម្បាំងចិន និងតៃវ៉ាន់ បានត្រឹមគគ្រឺតធ្មេញដាក់គ្នានៅច្រកសមុទ្រតៃវ៉ាន់ ខណៈសមយុទ្ធរបស់ទីក្រុងប៉េកាំងបិទបញ្ចប់


នាវាចម្បាំងចិន និងតៃវ៉ាន់បានត្រឹមគគ្រឺតធ្មេញដាក់គ្នាបែប «ឆ្មានិងកណ្ដុរ» ប៉ុណ្ណោះ នៅប៉ុន្មានថ្ងៃមកនេះ ពិសេសនៅពីថ្ងៃអាទិត្យ ដែលជាថ្ងៃបញ្ចប់ការធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំមិនធ្លាប់របស់ចិនដែលបានធ្វើឡើង៤ថ្ងៃ ជុំវិញច្រកសមុទ្រតៃវ៉ាន់ ដោយសមយុទ្ធបាញ់គ្រាប់ពិតដែលបានធ្វើឡើងទាំងផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាសនេះ គឺជាការឆ្លើយតបយ៉ាងខ្លាំងក្លារបស់ទីក្រុងប៉េកាំង ក្រោយប្រធានសភាអាមេរិក លោកស្រី ណានស៊ី ផេឡូស៊ី បានធ្វើដំណើរមកកាន់ដែនកោះមួយនេះ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗ។
នាវាចម្បាំងចិន និងតៃវ៉ាន់ បានត្រឹមគគ្រឺតធ្មេញដាក់គ្នានៅច្រកសមុទ្រតៃវ៉ាន់ ខណៈសមយុទ្ធរបស់ទីក្រុងប៉េកាំងបិទបញ្ចប់

ដំណើរទស្សនកិច្ចរបស់លោកស្រី Nancy Pelosi កាលពីសប្តាហ៍មុនមកកាន់កោះប្រជាធិបតេយ្យនេះបានធ្វើឱ្យចិនខឹងសម្បារយ៉ាងខ្លាំង ដែលបានឆ្លើយតបវិញជាមួយនឹងការបាញ់សាកល្បងមីស៊ីលផ្លោងពីលើដែនកោះនេះតែម្តង។

បើយោងតាមអ្នកដឹងអំពីស្ថានការនៅថ្ងៃអាទិត្យនេះ បានប្រាប់ទីភ្នាក់ងាររ៉យទ័រថា មាននាវាចម្បាំងចំនួន ១០ គ្រឿងដែលបានបញ្ជូនមកពីប្រទេសចិន និងតៃវ៉ាន់បានធ្វើដំណើរប្រកៀកគ្នានៅជិតច្រកសមុទ្រតៃវ៉ាន់ ដោយនាវាចិនមួយចំនួន បានឆ្លងកាត់ខ្សែបន្ទាត់ពុះចែកដែនសមុទ្រចិនដីគោក និងកោះតៃវ៉ាន់តែម្តង។

បើតាមខាងភាគីកោះតៃវ៉ាន់បាននិយាយនៅក្នុងសេចក្តីប្រកាសមួយថា នាវាចម្បាំងចិនជាច្រើនគ្រឿង ព្រមទាំងយន្តហោះចម្បាំង និងយន្តហោះគ្មានមនុស្សបើកបានធ្វើជាវាយប្រហារលើដែនកោះ និងទៅលើកងទ័ពជើងទឹករបស់ខ្លួន តែទីក្រុងតៃប៉ិកបាននិយាយថា ខ្លួនបានបញ្ជូនយន្តហោះ និងនាវារបស់ខ្លួនទៅតបតឲ្យបាន «សមស្រប» វិញផងដែរ។

បើតាមស្ថានការវិវត្តនៅពេលមុនបិទបញ្ចប់សមយុទ្ធនេះ ត្រូវបានគេមើលឃើញថា កងនាវាចម្បាំងចិនបានតម្រៀបនៅចំខ្សែបន្ទាត់នៃច្រកសមុទ្រតៃវ៉ាន់ និងចិន ហើយប្រសិនបើចិនហ៊ានឈានជើងចូលដែនសមុទ្រតៃវ៉ាន់តែបន្តិច នោះកងម្លាំងរបស់ទីក្រុងតៃប៉ិនឹងឆ្លើយតបភ្លាម។

បើមើលឲ្យមែនទែនទៅ ភាគីទាំងពីរកំពុងបង្ហាញពីភាពអត់ធ្មត់ដាក់គ្នាទៅវិញទៅមក ដោយគេអាចនិយាយបានថា ជាសមយុទ្ធដែលមានលក្ខណៈដូច «ឆ្មា និងកណ្ដុរ» ដូច្នោះដែរ។

មួយវិញទៀត ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានរាយការណ៍កាលពីសប្តាហ៍មុនថា សមយុទ្ធរបស់ចិនដែលផ្តោតលើទីតាំងចំនួនប្រាំមួយកន្លែងជុំវិញកោះតៃវ៉ាន់ ដែលចិនចាត់ទុកជាខេត្តរបស់ខ្លួននេះ បានចាប់ផ្តើមកាលពីថ្ងៃព្រហស្បតិ៍ ហើយត្រូវបានបញ្ចប់នៅពាក់កណ្តាលថ្ងៃអាទិត្យនេះ។

ជុំវិញរឿងនេះដែរ សេតវិមានអាមេរិកបាននិយាយកាលពីចុងសប្ដាហ៍មុនថា សកម្មភាពរបស់ចិននៅក្នុង និងនៅជុំវិញច្រកសមុទ្រតៃវ៉ាន់គឺជាការបង្កហេតុ និងគ្មានការទទួលខុសត្រូវសោះឡើយ ដោយមន្ត្រីនាំពាក្យម្នាក់បាននិយាយថា «សកម្មភាពទាំងនេះកំពុងធ្វើឲ្យមានការកត់សម្គាល់ថា ចិនកំពុងចង់ផ្លាស់ប្តូរស្ថានភាពបច្ចុប្បន្ននៃសន្តិសុខនៅច្រកសមុទ្រតៃវ៉ាន់ ដែលវាបង្កគ្រោះថ្នាក់នៃការគិតបែបយោធាណាមួយក៏ថាបាន។

ថ្លែងក្នុងអំឡុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសហ្វីលីពីន លោក Blinken បាននិយាយថា សហរដ្ឋអាមេរិកបាននឹងកំពុងស្តាប់ និងមានការព្រួយបារម្ភមែនទែនពីដំណើរវិវត្តដ៏គ្រោះថ្នាក់នៅ និងអស្ថិរភាពនៅច្រកសមុទ្រតៃវ៉ាន់បង្កឡើងដោយប្រទេសចិននេះ ប៉ុន្តែទីក្រុងវ៉ាស៊ីនតោនបានព្យាយាមធ្វើយ៉ាងណា ដើម្បីបន្ថូរបន្ថយភាពតានតឹងជាមួយប៉េកាំងវិញ។

ជាមួយគ្នានេះដែរ រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi បានប្រាប់សន្និសីទសារព័ត៌មានមួយកាលពីថ្ងៃទី៥ ខែសីហាថា លោក Blinken កំពុងផ្សព្វផ្សាយព័ត៌មានមិនពិត ដោយបន្ថែមថា «ចិនចង់ចេញការព្រមានដល់សហរដ្ឋអាមេរិកថា៖ «កុំធ្វើទង្វើរញ៉េរញ៉ៃ និងកុំបង្កើតវិបត្តិឲ្យកាន់តែធំទៀតបានហើយ»៕




អត្ថបទបន្ទាប់


ឥណ្ឌាសង្ស័យថា ស្រីលង្កាបានអនុញ្ញាតឲ្យ «នាវាចារកម្មចិន» ធ្វើប្រតិបត្តិការនៅក្នុងប្រទេស

ព័ត៌មាន
កប៉ាល់យោធាដែលមានបច្ចេកវិទ្យាខ្ពស់របស់ចិនមួយគ្រឿង នឹងត្រូវចូលចតនៅប្រទេសស្រីលង្កាក្នុងខែនេះ ដែលប្រទេសឥណ្ឌាបង្ហាញការព្រួយបារម្ភ និងសង្ស័យថាជា …

ក្រុមហ៊ុនយក្ស Apple ព្រមានអ្នកផ្គត់ផ្គង់តៃវ៉ាន់ឱ្យអនុវត្តតាមច្បាប់ចិនសម្រាប់ការនាំចេញ

ព័ត៌មាន
ក្រុមហ៊ុនយក្ស Apple របស់អាមេរិក បានស្នើឱ្យអ្នកផ្គត់ផ្គង់ធានាថា ការនាំចេញពីតៃវ៉ាន់ទៅកាន់ប្រទេសចិនត្រូវគោរពយ៉ាងម៉ឺងម៉ាត់ស្របតាមនឹងបទប្បញ្ញ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ