សមាគមវារីវប្បករបារម្ភវិស័យវារីវប្បកម្មអាចជួបបញ្ហាប្រឈមកាន់តែខ្លាំង

ទីផ្សារត្រីប្រា ត្រីពោរ និងត្រីឆ្ដោល្អប្រសើរ តែសមាគមវារីវប្បករបារម្ភពីស្ថានភាពវិស័យវារីវប្បកម្មនៅកម្ពុជាបន្តធ្លាក់ចុះ


ទីផ្សារត្រីក្នុងស្រុកមួយចំនួន ចាប់ផ្ដើមប្រសើរឡើងវិញ ក្រោយបានរងការរង្គោះរង្គើយ៉ាងខ្លាំងក្នុងអំឡុងវិបត្តិកូវីដ១៩ នាពេលកន្លងមក។ ជាក់ស្ដែងទីផ្សារត្រីប្រា ត្រីពោរ និងត្រីឆ្ដោបច្ចុប្បន្ន សុទ្ធតែមានការកើនឡើងបើធៀបទៅនឹងអំឡុងមានការរាតត្បាតនូវជំងឺកូវីដ១៩។ ប៉ុន្តែបើទោះទីផ្សារតម្លៃមានភាពល្អប្រសើរ តែអ្នកនាំពាក្យសមាគមវារីវប្បកម្មកម្ពុជាហាក់បង្ហាញការព្រួយបារម្ភខ្លាំងចំពោះស្ថានភាពនៃវិស័យវារីវប្បកម្មនៅកម្ពុជា ដែលអាចប្រឈមនឹងការបន្តធ្លាក់ចុះ។
សមាគមវារីវប្បករបារម្ភវិស័យវារីវប្បកម្មអាចជួបបញ្ហាប្រឈមកាន់តែខ្លាំង

ខណៈនៅឆ្នាំ២០២៣នេះ វិស័យវារីវប្បកម្មនៅមិនទាន់មានសញ្ញាណវិជ្ជមាននៅឡើយ ស្របពេលក្រុមអ្នកចិញ្ចឹមត្រីក្នុងស្រុកមួយចំនួនបានផ្អាកការចិញ្ចឹមដោយសារកន្លងមកវិស័យនេះបានជួបបញ្ហាប្រឈមខ្លាំងក្នុងខ្សែចង្វាក់ផលិតកម្ម។
អំឡុងពេលការរីករាលដាលនៃជំងឺកូវីដ១៩ វិស័យវារីវប្បកម្មរបស់កម្ពុជាបានរងការរង្គោះរង្គើយ៉ាងខ្លាំង ដែលធ្វើឲ្យកសិករមួយចំនួនបានសម្រេចចិត្តផ្អាក និងបោះបង់ការចិញ្ចឹមត្រី ព្រោះតែបញ្ហាប្រឈមក្នុងខ្សែចង្វាក់ផលិតកម្ម ជាពិសេសពាក់ព័ន្ធចំណីត្រីឡើងថ្លៃ ខណៈត្រីលក់បានថោក។ លោក ឡែមផូរ វរិទ្ធ អ្នកនាំពាក្យសមាគមវារីវប្បករកម្ពុជាកត់សម្គាល់ឃើញថា បច្ចុប្បន្នវិស័យវារីវប្បកម្មនៅកម្ពុជាទាំងមូលហាក់មិនទាន់មានសញ្ញាណវិជ្ជមាននៅឡើយទេ បើទោះបីតម្លៃត្រីក្នុងស្រុកមួយចំនួន ដូចជាត្រីប្រា ត្រីពោរ និងត្រីឆ្ដោហាក់មានទីផ្សារល្អប្រសើរ បើធៀបទៅនឹងអំឡុងមានរាតត្បាតជំងឺកូវីដ១៩ក៏ដោយ។ បើតាមអ្នកនាំពាក្យសមាគវារីវប្បករកម្ពុជារូបនេះ សព្វថ្ងៃ ត្រីប្រា មានតម្លៃចាប់ពី៥ពាន់រៀល ទៅ៥ពាន់៥រយរៀលក្នុង១គីឡូក្រាម ខណៈកន្លងមកអាចលក់បានក្នុងតម្លៃត្រឹមតែ៤ពាន់រៀលប៉ុណ្ណោះក្នុង១គីឡូក្រាម។ ចំណែកឯត្រីពោរ កាលពីមុនមានតម្លៃ៦ពាន់រៀលក្នុង១គីឡូក្រាម តែបច្ចុប្បន្នមានតម្លៃ៧ពាន់៥រយរៀលទៅ៨ពាន់រៀលក្នុង១គីឡូក្រាម។ ដោយឡែក សម្រាប់ត្រីឆ្ដោបានកើនឡើងពីតម្លៃ១ម៉ឺនរៀលទៅ១ម៉ឺន២ពាន់រៀលក្នុង១គីឡូក្រាម។ លោកបានសង្កត់ធ្ងន់ថា កត្តាដែលធ្វើឲ្យតម្លៃត្រីមួយចំនួនខាងលើកើនឡើង ដោយសារកសិករមួយចំនួនបោះបង់ការចិញ្ចឹម ដែលជំរុញឲ្យមានតម្រូវការត្រីក្នុងស្រុក។

បើតាមការបញ្ជាក់របស់លោក ឡែមផូរ វរិទ្ធ កត្តាដែលធ្វើឲ្យការចិញ្ចឹមថយចុះ នាពេលកន្លងមក ក៏ ដោយសារតែការចំណាយថ្លៃដើមលើការចិញ្ចឹម ពិសេសចំណីត្រីមានតម្លៃខ្ពស់ ហើយត្រីក៏មិនសូវមានទីផ្សារ និងតម្លៃទាប ដែលធ្វើឲ្យកសិករពុំសូវទទួលបានផលចំណេញច្រើន និងអាចឈានដល់ការខាតដើមទុនផងដែរ។ យ៉ាងណាក៏ដោយ ជុំវិញបញ្ហានេះ អ្នកនាំពាក្យសមាគមវារីវប្បករកម្ពុជា ក៏បានបង្ហាញនូវក្ដីព្រួយបារម្ភយ៉ាងខ្លាំងចំពោះការធ្លាក់ចុះនៃវិស័យវារីវប្បកម្មនៅកម្ពុជា និងអាចធ្វើឲ្យកម្ពុជាប្រឈមការខ្វះខាតត្រីសម្រាប់ផ្គត់ផ្គង់ទីផ្សារនាពេលខាងមុខ។ បើតាមលោក ឡែមផូរ វរិទ្ធ ជាទូទៅ ចាប់ពីអំឡុងខែវិច្ឆិកា គឺជារដូវប្រមូលផលត្រីចិញ្ចឹមសម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក តែបច្ចុប្បន្ន អ្នកចិញ្ចឹមត្រីនៅសល់ប្រមាណ៤០%ប៉ុណ្ណោះ ដូច្នេះធ្វើឲ្យលោកបារម្ភថា ការផ្គត់ផ្គង់ត្រីក្នុងស្រុកសម្រាប់ចុងឆ្នាំនេះ និងឆ្នាំបន្តបន្ទាប់អាចនឹងប្រឈមនូវការខ្វះខាត។

យ៉ាងណាក៏ដោយថ្មីៗនេះ សមាគមវារីវប្បករកម្ពុជា ក៏បានជួបពិភាក្សាការងារជាមួយតំណាងក្រុមហ៊ុនចិនដ៏ធំមួយ ក្នុងគោលបំណងជំរុញការនាំចេញផលិតផលវារីវប្បកម្មកម្ពុជាទៅកាន់ទីផ្សារប្រទេសចិន។ ខណៈកន្លងមកភាគីកម្ពុជានិងចិន ក៏បានពិភាក្សាគ្នាដើម្បីនាំចេញត្រីប្រាទៅកាន់ប្រទេសចិន ផងដែរ ប៉ុន្តែការនាំចេញត្រីប្រាសាកល្បងទៅកាន់ទីផ្សារប្រទេសចិន ហាក់មិនទទួលបានជោគជ័យនោះទេ។ ដោយឡែក ជុំវិញការជួបពិភាក្សារវាងសមាគមវារីវប្បករកម្ពុជា និងភាគីចិន នាពេលថ្មីៗ ដើម្បីនាំចេញផលិតផលវារីវប្បកម្មមួយចំនួនទៅទីផ្សារចិន ក៏មិនទាន់មានលទ្ធផលអ្វីគួរឲ្យកត់សម្គាល់ដែរ ព្រោះភាគីចិនមានតម្រូវការលើផលិតផលវារីវប្បកម្មមួយចំនួនដូចជា អន្ទង់ ក្ដាម ខ្យង ខ្ចៅ និងបង្កងដែលមានស្ដង់ដារ និងគុណភាពជាដើម។ ខណៈកម្ពុជា មិនទាន់អាចមានលទ្ធភាពផ្គត់ផ្គង់បាននោះទេ ដោយសារវារីវប្បករនៅកម្ពុជា ភាគច្រើនមិនសូវមានចិញ្ចឹមប្រភេទផលិតផលទាំងនោះ ហើយជាលក្ខណៈខ្នាតតូច ខណៈបច្ចេកទេសនៃការចិញ្ចឹមនៅមានកម្រិត ដែលត្រូវការអ្នកជំនាញបច្ចេកទេសមកបណ្តុះបណ្តាលបន្ថែម។ នេះបើតាមការអះអាងរបស់ លោក ឡែមផូរ វរិទ្ធ អ្នកនាំពាក្យសមាគមវារីវប្បករកម្ពុជា៕




អត្ថបទបន្ទាប់


ការបោះផ្សាយ IPOs នៅក្នុងតំបន់អាស៊ីអាគ្នេយ៍នៅតែបន្តកើនឡើង បើទោះជា ស្ថានភាពទីផ្សារសកលធ្លាក់ចុះក្ដី

ការបោះផ្សាយមូលប័ត្រសាធារណៈលើកដំបូង ឬហៅថា IPO នៅតែបន្ដកំណើនល្អនៅក្នុងទីផ្សារភាគហ៊ុនអាស៊ីអាគ្នេយ៍ ពោលគឺក្នុងរង្វង់ប្រមាណ ៤០% បើទោះបីជា ក…

សមាគមម្រេចកំពតរំពឹងអាចនាំចេញម្រេចបាន១០០តោននៅឆ្នាំនេះ ក្រោយមើលឃើញពីកំណើនបញ្ជាទិញ

ប្រធានសមាគមម្រេចកំពតបានអះអាងថា នៅឆមាសទី១ឆ្នាំ២០២៣នេះ ការនាំចេញម្រេចកំពតទៅកាន់ទីផ្សារអន្តរជាតិសម្រេចបានជិត២៤តោន ដែលបរិមាណនាំចេញនេះមិ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ