គម្រោងអភិវឌ្ឍន៍កោះទន្សាយ

តើគម្រោងអភិវឌ្ឍន៍កោះទន្សាយតម្លៃ ១៣០លានដុល្លារ នឹងជំរុញលើកកម្ពស់សក្ដានុពលទេសចរណ៍ខេត្តកែបយ៉ាងណាខ្លះ?


កោះទន្សាយ ជាកោះទេសចរណ៍សក្ដានុពលមួយរបស់ខេត្តកែប ហាក់កំពុងមានពន្លឺជាថ្មីទៀត ទាក់ទងនឹងការអភិវឌ្ឍ បន្ទាប់ពីកោះមួយនេះ កាលពីពេលកន្លងមកនេះ ត្រូវបានអាក់ខានអភិវឌ្ឍន៍ដោយក្រុមហ៊ុនធំៗចំនួន២រួចមកហើយនោះ។បើថ្នាក់ដឹកនាំខេត្តកែបបានអះអាងប្រាប់ខេមបូណូមីសថា បច្ចុប្បន្នកោះទន្សាយនេះ កំពុងមានគម្រោងអភិវឌ្ឍន៍ធំមួយ ដោយនឹងចំណាយថវិកាប្រមាណ ១៣០លានដុល្លារអាមេរិក អភិវឌ្ឍន៍ដោយក្រុមហ៊ុនក្នុងស្រុក ហើយបច្ចុប្បន្ន ក្រុមហ៊ុននេះក៏ទើបតែបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី២២ខែកញ្ញានេះ និង បានដឹកសម្ភារៈ និងគ្រឿងចក្រចូលជាបណ្ដើរៗផងដែរ។
កោះទន្សាយ ជាកោះទេសចរណ៍សក្ដានុពលមួយរបស់ខេត្តកែប

តាម​ផែនការ គម្រោង​អភិវឌ្ឍន៍​កោះទន្សាយ​នេះ គ្រោង​នឹង​បញ្ចប់​ការ​សាងសង់​នៅ ២​ទៅ​៣​ឆ្នាំ​ខាង​មុខ​នេះ ខណៈ​ដែល​អាជ្ញាធរ​ខេត្ត​កែប​រំពឹង​ថា ក្រោយ​បញ្ចប់​គម្រោង​នេះ នឹង​ជួយ​ឲ្យ​កោះ​មួយ​នេះ​កាន់តែ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​បាន​កាន់តែ​ច្រើន​ឡើង​។

កោះទន្សាយ​ដែល​បាន​ជាប់​គាំង​ដំណើរការ​អភិវឌ្ឍន៍​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ​នោះ ហាក់​មាន​ពន្លឺ​អភិវឌ្ឍន៍​ឡើង​វិញ​បន្តិច​ហើយ បន្ទាប់​ពី​គម្រោង​អភិវឌ្ឍន៍​កោះ​នេះ ត្រូវ​បាន​រាជរដ្ឋាភិបាល​កម្ពុជា​ផ្តល់​សិទ្ធិ​ឲ្យ​ក្រុមហ៊ុន ទ្រី ភាព គ្រុម អភិវឌ្ឍន៍​បន្ត​ពី​ក្រុមហ៊ុន​ចាស់ ដែល​អសកម្ម​ក្នុង​ការ​អភិវឌ្ឍន៍​។

បើ​តាម​ឯកឧត្តម វ៉ៅ សុខា អភិបាលរង​ខេត្ត​កែប ប្រាប់​ខេ​ម​បូ​ណូ​មី​ស​ថា បច្ចុប្បន្ន​ក្រុមហ៊ុន ទ្រី ភាព បាន​ដឹក​សម្ភារៈ និង​គ្រឿងចក្រ​ចូល​មក​បណ្តើរ​ៗ​ហើយ ក្រោយ​គម្រោង​នេះ ត្រូវ​បាន​បើក​ការដ្ឋាន​សាងសង់ កាលពី​ថ្ងៃ​ទី​២២ ខែកញ្ញា ឆ្នាំ​២០២១​។ ឯកឧត្តម បាន​អះអាង​ថា ការ​អភិវឌ្ឍន៍​កោះទន្សាយ​អាច​ចំណាយពេល​ច្រើន​ជាង​ការ​អភិវឌ្ឍន៍​គម្រោង​លើ​ដីគោក​ធម្មតា ដោយសារ​វា​ជា​ដី​កោះ​។ អភិបាលរង​ខេត្ត​កែប​រូប​នេះ​វាយតម្លៃ​ថា គម្រោង​នេះ​អាច​នឹង​បញ្ចប់​ការ​សាងសង់​ក្នុង​រយៈពេល​២​ទៅ​៣​ឆ្នាំ​ខាង​មុខ​នេះ​។ 

ឯកឧត្តម​អភិបាលរង​ខេត្ត​កែប​រូប​នេះ​រំពឹង​ថា ក្រោយ​គម្រោង​នេះ​បញ្ចប់​ការ​សាងសង់​ជា​ស្ថាពរ​វា​នឹង​ជួយ​លើកមុខ​មាត់​ខេត្ត​កែប​មួយ​កម្រិត​ទៀត​ជា​ពិសេស​វា​នឹង​ក្លាយ​មេដែក​ក្នុង​ការ​ស្រូប​ទាញ​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​ឲ្យ​មក​កម្សាន្ត​នៅ​ខេត្ត​ជាប់មាត់​សមុទ្រ​មួយ​នេះ​កាន់តែ​ច្រើន​ថែម​ទៀត​។ មួយវិញទៀត​វា​នឹង​ជួយ​បង្កើន​រយៈពេល​ការ​ធ្វើ​ដំណើរ​កម្សាន្ត​របស់​ភ្ញៀវ​ទេសចរ​ឲ្យ​កាន់តែ​យូរ​ជាង​មុន​។

បើ​តាម​ឯកឧត្តម វ៉ៅ សុខា គម្រោង​អភិវឌ្ឍន៍​នៅ​លើ​កោះទន្សាយ​រួម​មាន សណ្ឋាគារ​លំដាប់​ផ្កាយ​២, រី​សត​, អាហារ​ដ្ឋា​ន​, ឆ្នេរ​ខ្សាច់​, អគារ​ពាណិជ្ជកម្ម និង​អគារ​ផ្សេង​ៗ​។ កោះទន្សាយ​មាន​ទំហំ​ជាង​១៤០​ហិ​កតា តែ​ការ​អភិវឌ្ឍន៍​ធ្វើ​ឡើងជា​ដំណាក់កាល​ៗ និង​ចោះ​ៗ​តែ​ប៉ុណ្ណោះ ពោល​គឺ​គម្រោង​ត្រូវ​រក្សា​ធម្មតា​ជាតិ​ដូច​ជាដើម​ឈើ​ជាដើម​ចន្លោះ​ពី​៦០%​ទៅ​៧០%​។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ឯកឧត្តម វ៉ៅ សុខា​។

គម្រោង​អភិវឌ្ឍន៍​កោះទន្សាយ ដែល​ជា​ការ​វិនិយោគ​របស់​ក្រុមហ៊ុន ទ្រី ភាព គ្រុម គ្រោង​ចំណាយ​ថវិកា​ប្រមាណ​១៣០​លាន​ដុល្លារ​អា​មេ​រិ​ក​។ មុន​ផ្តល់​អាជ្ញា​បណ្ណ​ឲ្យ​ក្រុមហ៊ុន ទ្រី ភាព រាជរដ្ឋាភិបាល​ប្រគល់​សិទ្ធិ​អភិវឌ្ឍន៍​ដល់​ក្រុម​ចំនួន​ពីរ​រួច​មក​ហើយ ប៉ុន្តែ​ត្រូវ​បាន​រាជរដ្ឋាភិបាល​ដកហូត​សិទ្ធិ​មក​វិញ​ដោយសារ​ក្រុមហ៊ុន​ទាំងនោះ​ពុំ​មាន​សកម្មភាព​អ្វី​នោះ​ឡើយ ក្រោយ​បាន​ទទួល​សិទ្ធិ​ពី​រដ្ឋ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមអ្នកចិញ្ចឹមសត្វ៖ តម្លៃសាច់នៅអំឡុងរដូវភ្ជុំបិណ្ឌឆ្នាំនេះថយចុះជាងឆ្នាំ្នមុន

ព័ត៌មាន
ក្រុមអ្នកចិញ្ចឹមសត្វនៅកម្ពុជាបានអះអាងថា ធ្លាប់តែនៅអំឡុងពេលនៃរដូវបុណ្យភ្ជុំបិណ្ឌតម្លៃសាច់ជ្រូក មាន់ទាមានការឡើងថ្លៃ ប៉ុន្ដែរដូវភ្ជុំបិណ្ឌឆ្នាំ…

ក្រសួងសាធារណការរកចំណូលបាន៦០លានដុល្លារ ពីការលក់ស្លាកលេខពិសេស និងលេខពិសេសផ្ទាល់ខ្លួន

ព័ត៌មាន
ក្រសួងសាធារណការ និង ដឹកជញ្ជូន បានអះអាងថា គ្រាន់តែការលក់ស្លាកលេខពិសេស និង ស្លាកលេខពិសេសផ្ទាល់ខ្លួន ក្រសួងរកចំណូលបានដល់ទៅប្រមាណ ៦០លានដុ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ