ក្នុងកិច្ចប្រជុំបន្ទាន់មួយកាលពីថ្ងៃសៅរិ៍ ក្នុងរដ្ឋធានីរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត មេដឹកនាំអារ៉ាប់ និងមូស្លីមរួមទាំងអ៊ីរ៉ង់ ប្រមាណ៤៧ប្រទេស បានមកប្រមូលផ្តុំគ្នាពិភាក្សាអំពីដំណោះសន្តិវិធីសម្រាប់ជម្លោះនៅហ្គាហ្សា។ ក្នុងនោះ ក៏មានប្រធានាធិបតីអ៊ីរ៉ង់ លោក Ebrahim Raisi មកចូលរួមដែរ ជាមួយនឹងមេដឹកនាំប្រទេសតួកគី កាតា ស៊ីរី និងមេដឹកនាំប្រទេសនៅក្នុងតំបន់មជ្ឈិមបូព៌ាផ្សេងទៀត។
នៅក្នុងសេចក្តីថ្លែងការណ៍រួមគ្នាចុងក្រោយអំពីដំណោះស្រាយបានសរសេរថា ប្រទេសអារ៉ាប់ និងមូស្លីមថ្កោលទោសចំពោះទង្វើឈ្លានពានរបស់អ៊ីស្រាអែល ទៅលើតំបន់ហ្គាហ្សា និងទាមទារឱ្យឧក្រិដ្ឋកម្មលើជនជាតិប៉ាឡេស្ទីននេះបញ្ឈប់ជាបន្ទាន់។
ក្នុងនាមជាម្ចាស់ផ្ទះនិងជាប្រធានបើកឱ្យមានកិច្ចប្រជុំនេះ ព្រះអង្គម្ចាស់ Mohammed bin Salman មេដឹកនាំអារ៉ាប៊ីសាអូឌីត បានថ្លែងក្នុងកិច្ចប្រជុំថា ព្រះរាជាណាចក្រយើងថ្កោលទោសចំពោះសកម្មភាពសង្គ្រាមដ៏ព្រៃផ្សៃលើបងប្អូនប៉ាឡេស្ទីន។ លោកបានបន្ថែមថា សង្គ្រាមនេះកើតចេញពីបរាជ័យរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងសហគមន៍អន្តរជាតិ ដែលមិនអាចបញ្ឈប់ការរំលោភបំពានច្បាប់អន្តរជាតិរបស់អ៊ីស្រាអែលបាន។
យ៉ាងណាក៏ដោយ ថ្លែងនៅក្នុងកិច្ចប្រជុំកំពូលកាលពីថ្ងៃសៅរិ៍ លោក អ៊ីប្រាហ៊ីម រៃស៊ី មេដឹកនាំអ៊ីរ៉ង់ បាននិយាយថា ប្រទេសដែលបានចូលរួមក្នុងកិច្ចប្រជុំនេះ គឺតំណាងក្នុងនាមពិភពអ៊ីស្លាម ដើម្បីជួយសង្គ្រោះប៉ាឡេស្ទីន។ លោកថា នេះគឺថ្ងៃប្រវត្តិសាស្ត្រ និងវីរភាព ដោយលោកបានកោតសរសើរក្រុមហាម៉ាស ដែលហ៊ានចេញមុខប្រឆាំងនឹងអ៊ីស្រាអែល និងជំរុញឱ្យប្រទេសអ៊ីស្លាមទាំងអស់ដាក់ទណ្ឌកម្មលើប្រេងរបស់អ៊ីស្រាអែល។
យ៉ាងណាមិញ ដំណើររបស់ប្រមុខដឹកនាំអ៊ីរ៉ង់មកកាន់អារ៉ាប៊ីសាអូឌីតនេះ ត្រូវបានគេមើលឃើញថា ជាដំណើរទស្សនកិច្ចដ៏កម្របំផុតក្នុងពេលមួយទសវត្សន៍មកនេះ ហើយវាក៏បានបង្ហាញពីការចូលជិតគ្នាបន្ថែមរវាងទីក្រុងរីយ៉ាដ និងតេអេរ៉ង់ នៅចំពោះមុខការគាំទ្រអាម៉េរិកលើអ៊ីស្រាអែល។
ក្នុងនោះ ប្រធានាធិបតីឥណ្ឌូណេស៊ី លោក Joko Widodo ក៏ត្រូវបានអញ្ជើញឱ្យចូលរួមកិច្ចប្រជុំនេះដែរ ព្រោះជាប្រទេសដែលមានប្រជាជនមូស្លីមច្រើនជាងគេលើពិភពលោក។ លោក វីដូដូ បាននិយាយថា មន្ទីរពេទ្យឥណ្ឌូណេស៊ី នៅតំបន់ហ្គាហ្សាខាងជើង នៅតែបន្តជាគោលដៅនៃការវាយប្រហាររបស់អ៊ីស្រាអែល ហើយកំពុងអស់ប្រេងឥន្ធនៈ។
លោកថា បទឈប់បាញ់ត្រូវតែរកឱ្យឃើញជាបន្ទាន់ សម្រាប់ជំនួយមនុស្សធម៌។ ជាមួយគ្នានោះ គណៈប្រតិភូដែលមានវត្តមានក្នុងជំនួបនោះ បានបង្ហើបប្រាប់ថា ប្រទេសអារ៉ាប់មួយចំនួនដែលដឹកនាំដោយប្រទេសអាល់ហ្សេរី បានអំពាវនាវឲ្យកាត់ផ្តាច់ទំនាក់ទំនងការទូតជាមួយអ៊ីស្រាអែលតែម្តង។ ខណៈប្រទេសអារ៉ាប់ផ្សេងទៀតដែលទើបបង្កើតទំនាក់ទំនងការទូតជាមួយអ៊ីស្រាអែល បានប្រឆាំងតបតវិញ ដោយសង្កត់ធ្ងន់ថា បណ្តាញទំនាក់ទំនងចាំបាច់ត្រូវតែបើកចំហជានិច្ចជាមួយរដ្ឋាភិបាលអ៊ីស្រាអែល។
ទោះបីជាយ៉ាងនេះក្តី ថ្លែងប្រាប់សន្និសីទកាសែតកាលពីថ្ងៃសៅរិ៍ លោក នេតាន់យ៉ាហ៊ូ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល ជំរុញឱ្យប្រទេសអារ៉ាប់ទាំងអស់ក្រោកឈរប្រឆាំងនឹងហាម៉ាសជាមួយគ្នា។ លោកថា វត្តមានក្រុមហាម៉ាស នៅហ្គាហ្សាដែលមានអ៊ីរ៉ង់នៅពីក្រោយ មិនអាចនាំយកអ្វីផ្សេងជូនប្រជាជនប៉ាឡេស្ទីនឡើយ ក្រៅតែពី«ភាពក្រីក្រ និងការបង្ហូរឈាម»។ គិតមកទល់ថ្ងៃសៅរិ៍ យោងតាមអាជ្ញាធរនៅហ្គាហ្សា មនុស្សជាង១ម៉ឺន១ពាន់នាក់ហើយបានស្លាប់នៅក្នុងសង្គ្រាមនេះ ក្នុងនោះ៤០%ជាកុមារ៕