ប្រមុខយោធាឥណ្ឌូនេស៊ី លោក យ៉ូដូ ម៉ាហ្កូណូ (Yudo Margono) បានប្រាប់ទីភ្នាក់ងារសារព័ត៌មានរដ្ឋឥណ្ឌូនេស៊ីអានតារ៉ាថា៖ «អាស៊ាននឹងធ្វើសមយុទ្ធរួមគ្នាមួយជាលើកដំបូងនៅសមុទ្រនូតាណាខាងជើង»។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានបារាំង AFP បន្ទាប់ពីកិច្ចប្រជុំប្រមុខការពារជាតិអាស៊ាននៅកោះបាលីកាលពីថ្ងៃទី៧ ខែមិថុនា ដែលប្រទេសឥណ្ឌូនេស៊ីធ្វើជាប្រធានប្តូរវេននៅឆ្នាំនេះ។
អគ្គបញ្ជាការនៃកងកម្លាំងប្រដាប់អាវុធជាតិឥណ្ឌូនេស៊ីរូបនេះ បានបន្ថែមថា សមយុទ្ធនោះនឹងចាប់ធ្វើឡើងនៅក្នុងខែកញ្ញា និងមានការចូលរួមពីសមាជិកនៃប្រទេសអាស៊ានទាំងដប់ រួមទាំងប្រទេសទីម័រខាងកើត ដែលជាអ្នកអង្កេតការណ៍ផងដែរ។ លោក ម៉ាហ្កូណូ ក៏បានគូសបញ្ជាក់ទៀតថា «វាក៏រួមបញ្ចូលផងដែរនូវសមាជិកមីយ៉ាន់ម៉ាដែលកាន់កាប់ដោយរបបយោធា»។
«សមយុទ្ធនេះនឹងផ្តោតទៅលើសន្តិសុខដែនសមុទ្រ និងការជួយសង្គ្រោះពេលមានអាសន្ន ហើយវានឹងមិនមានប្រតិបត្តិការប្រយុទ្ធនោះទេ» ហើយវាបង្ហាញឱ្យឃើញអំពី«ភាពជាកណ្តាលរបស់អាស៊ាន»។ នេះបើតាមការលើកឡើងរបស់ប្រមុខកម្លាំងប្រដាប់ឥណ្ឌូនេស៊ី លោក យ៉ូដូ ម៉ាហ្កូណូ ក្រោយកិច្ចប្រជុំ។
ដោយឡែក សេចក្តីថ្លែងការណ៍ថ្ងៃទី៨ ខែមិថុនា របស់អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទនៃប្រទេសកម្ពុជាដែលជាមិត្តដែកថែបរបស់ប្រទេសចិន បានឱ្យដឹងថា បន្ទាប់ពីកិច្ចប្រជុំអគ្គមេបញ្ជាការកងទ័ពអាស៊ានលើកទី២០ នៅកោះបាលីប្រទេសឥណ្ឌូនេស៊ី «កម្ពុជាពុំទាន់សម្រេចលើរឿងសមយុទ្ធយោធារួមគ្នាជាមួយអាស៊ាននៅឡើយទេ»។
យោងតាមសេចក្តីថ្លែងការណ៍របស់អគ្គបញ្ជាការនៃកងយោធពលខេមរភូមិន្ទដដែល ភាគីកម្ពុជានឹងចាត់តាំងក្រុមការងារដើម្បីសិក្សាអំពីសមយុទ្ធយោធារួមនោះ ហើយក្រោយពេលសិក្សាចប់ អគ្គបញ្ជាការនៃកងយោធពលខេមរភូមិន្ទ នឹងស្នើសុំគោលការណ៍សម្រេចពីក្រសួងការពារជាតិកម្ពុជា។
សេចក្តីថ្លែងការណ៍របស់កងទ័ពកម្ពុជាត្រូវបានធ្វើឡើង ក្រោយពីភាគីឥណ្ឌូនេស៊ីបានប្រកាសអំពីការធ្វើសមយុទ្ធរួមគ្នាក្នុងចំណោមប្រទេសសមាជិកអាស៊ាននៅលើផ្ទៃសមុទ្រចិនខាងត្បូង។ បច្ចុប្បន្ន ប្រទេសចិនទាមទារអធិបតេយ្យលើដែនទឹកតំបន់នេះស្ទើរតែទាំងអស់ ហើយសហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្ត ទាមទារឱ្យមានសេរីភាពនាវាចរណ៍និងអាកាសចរណ៍នៅលើតំបន់ដែលខ្លួនចាត់ទុកថាអនុញ្ញាតដោយច្បាប់អន្តរជាតិ។ សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍តែងប្រកាសលើកកម្ពស់មជ្ឈភាពអាស៊ាន នៅពេលដែលសមាជិកទាំង ១០ ប្រទេស មានទំនាក់ទំនងជាមួយមហាអំណាចទាំងពីរក្នុងកម្រិតផ្សេងៗគ្នា៕