
ក្រៅតែពីការពិភាក្សាគ្នាអំពីការចូលជាសមាជិកអាស៊ានរបស់ប្រទេសទីម័រខាងកើត មន្ត្រីសេដ្ឋកិច្ចជាន់ខ្ពស់អាស៊ាន ក៏បានពិភាក្សាអំពីផែនការយុទ្ធសាស្រ្ត AEC ឆ្នាំ២០២៦-២០៣០ ក្រោមចក្ខុវិស័យសហគមន៍អាស៊ាន ឆ្នាំ២០៤៥ ដែលនឹងដាក់ឱ្យដំណើរការ និងអនុម័តដោយក្រុមមេដឹកនាំអាស៊ាន នៅថ្ងៃចន្ទ ទី២៦ ខែឧសភា ឆ្នាំ២០២៥។
ជាមួយគ្នានេះ មន្ត្រីជាន់ខ្ពស់អាស៊ាន ក៏បានពិភាក្សាពីដំណើរការសេដ្ឋកិច្ចក្នុងតំបន់ និងផលប៉ះពាល់នៃការផ្លាស់ប្តូរគោលនយោបាយសេដ្ឋកិច្ចពិភពលោក ដោយប្រទេសសេដ្ឋកិច្ចធំៗក៏ដូចជាយុទ្ធសាស្ត្រ ដើម្បីដោះស្រាយផលប៉ះពាល់នៃការផ្លាស់ប្តូរទាំងនេះមកលើអាស៊ានផងដែរ។ បន្ថែមលើនេះ ការពិភាក្សានេះ បានផ្តោតលើឱកាស ដើម្បីបង្កើនកំណើនសេដ្ឋកិច្ចនៅមុនកិច្ចប្រជុំ AECC លើកទី២៥ ដែលគ្រោងធ្វើឡើងនៅថ្ងៃចន្ទនេះ ដោយគេរំពឹងថា នឹងមានការអនុម័តលើរបាយការណ៍ និងឯកសារលទ្ធផលមួយចំនួននៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៦។
គួររំលឹកថា កិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៦ នឹងប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលសន្និបាតទីក្រុងគូឡាឡាំពួ នៅថ្ងៃទី២៦-២៧ ខែឧសភា ហើយក៏មានកិច្ចប្រជុំជាន់ខ្ពស់សំខាន់ៗចំនួនពីរដែលនឹងត្រូវធ្វើក្នុងពេលដំណាលគ្នានោះដែរ គឺកិច្ចប្រជុំកំពូលក្រុមប្រឹក្សាសហប្រតិបត្តិការអាស៊ាន-ឈូងសមុទ្រ (GCC) លើកទី២ និងកិច្ចប្រជុំកំពូលអាស៊ាន-GCC-ចិន។
កិច្ចប្រជុំកំពូលនេះនឹងប្រមូលផ្ដុំទៅដោយក្រុមមេដឹកនាំអាស៊ាន ដើម្បីពិភាក្សាគ្នាអំពីបញ្ហាក្នុងតំបន់ និងធ្វើតារាងទិសដៅអនាគតនៃកិច្ចសហប្រតិបត្តិការអាស៊ាន ក្រោមប្រធានបទសម្រាប់ភាពជាប្រធានអាស៊ាន ឆ្នាំ២០២៥ របស់ម៉ាឡេស៊ីស្ដីពី«ការរួមបញ្ចូលគ្នា និងនិរន្តរភាព»៕
ដោយ៖ សុខ មង្គល