ក្រុមមេដឹកនាំនៃសមាគមប្រជាជាតិ អាស៊ីអាគ្នេយ៍ ដែលមានសមាជិក១០ប្រទេស បានជួបប្រជុំគ្នានៅប្រទេសឡាវជាច្រើនថ្ងៃ នៅក្នុងសប្តាហ៍នេះ ជាមួយនឹងប្រមុខរដ្ឋាភិបាល និងអ្នកការទូតកំពូលៗមកពីដៃគូសន្ទនាផ្សេងៗរួមមាន សហរដ្ឋអាម៉េរិក ចិន ជប៉ុន និងរុស្ស៊ី ផងដែរ។
ប្លុកដែលមានប្រជាជនសរុបជាង៦៨៥លាននាក់ និងតំណាងការនាំចេញជាសកលប្រហែល៨%នេះ មិនអាចជំរុញឱ្យមានដំណោះស្រាយលើបញ្ហាក្នុងតំបន់លំបាកៗ ដែលក្រុមអ្នកវិភាគនិយាយថា បានផ្ដល់ហានិភ័យដល់ការបំផ្លាញតួនាទីកណ្តាលរបស់អាស៊ាននៅខាងក្រោយឆាករបស់ប្លុកអាស៊ាន។
ប៉ុន្តែលោក កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បាននិយាយដោយទទូចថា ការបង្កើតជាក្រុមបានជំរុញឱ្យមានកិច្ចសន្ទនា និងការទូត ព្រមទាំងធានាបាននូវដំណើរការចរចាទៅមុខជានិច្ច។ អតីតអ្នកការទូតកម្ពុជា រូបនេះបានលើកឡើងថា អាស៊ាននៅតែជាកម្លាំងស្នូលប្រកបដោយស្ថិរភាពនៅចំពោះមុខភាពតានតឹងនៅក្នុងតំបន់។
ទន្ទឹមនេះប្រធានាធិបតីហ្វីលីពីន លោក ហ្វឺឌីណាន់ ម៉ាកូស ជូនៀ (Ferdinand Marcos Jr) បានជំរុញឱ្យមេដឹកនាំអាស៊ាន និងចិន ពន្លឿនការចរចាជាបន្ទាន់លើក្រមអនុវត្ត សម្រាប់សមុទ្រចិនខាងត្បូង និងបានចោទប្រកាន់ទីក្រុងប៉េកាំងថា បានបង្កការយាយី និងការបំភិតបំភ័យក្នុងតំបន់។
លោក ម៉ាកូស បានបន្ថែមថា វឌ្ឍនភាពសំខាន់ៗគឺចាំបាច់ខ្លាំងណាស់ ហើយគ្រប់ភាគីទាំងអស់ត្រូវតែបើកចំហចិត្តដោយស្មោះស្ម័គ្រ ដើម្បីគ្រប់គ្រងការខ្វែងគំនិតគ្នាធ្ងន់ធ្ងរ និងត្រូវកាត់បន្ថយភាពតានតឹង។
សូមរំលឹកថា គំនិតនៃការបង្កើតក្រមអនុវត្តសម្រាប់សមុទ្រចិន ខាងត្បូងនេះ ត្រូវបានព្រមព្រៀងគ្នាជាលើកដំបូងរវាងប្រទេសចិន និងអាស៊ាននៅក្នុងឆ្នាំ២០០២ ប៉ុន្តែដំណើរការនៃការបង្កើតក្រមជាផ្លូវការទើបតែបានចាប់ផ្ដើមនៅក្នុងឆ្នាំ២០១៧ ប៉ុណ្ណោះ៕
អត្ថបទ៖ សុខ មង្គល