ក្រុមហ៊ុនអាមេរិកចាប់អារម្មណ៍វិស័យកសិកម្មកម្ពុជា

ក្រុមហ៊ុនខ្នាតយក្សមកពីអាមេរិកចំនួន១៦ សម្លឹងឃើញឱកាសវិនិយោគក្នុងវិស័យកសិកម្មកម្ពុជា


ក្រុមហ៊ុនធំៗចំនួន ១៦ មកពីសហរដ្ឋអាមេរិក និងបណ្តាប្រទេសមួយចំនួនក្នុងតំបន់ បានសម្លឹងឃើញពី ឱកាសវិនិយោគទៅលើ វិស័យកសិកម្មនៅក្នុងប្រទេសកម្ពុជា ហើយអ្វីដែលពួកគេចាប់អារម្មណ៍ជាងគេ គឺ បច្ចេកវិទ្យា និងសុវត្ថិភាពស្បៀងអាហារ ដែលត្រូវបានចាត់ទុកជា មូលដ្ឋានគ្រឹះដ៏រឹងមាំ សម្រាប់វិស័យកសិកម្ម នាពេលអនាគត។
លោក ប៉ាទ្រីក មើហ្វី ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា (ឆ្វេង) និងឯកឧត្តម ប៉ាន សូរសស័ក្ដិ​ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា (ស្ដាំ)

លោក W. Patrick Murphy ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​កម្ពុជា បាន​មាន​ប្រសាសន៍​ដែរ​ថា គណៈប្រតិភូ មក​ពី​អា​មេ​រិ​ក ចូលរួម​ស្វែងរក​ឱកាស​វិនិយោគ​ទៅ​លើ​វិស័យ​កសិកម្ម នៅ​កម្ពុជា ដោយ​ពួក​គេ​បាន​សំឡឹងឃើញ​ថា កម្ពុជា ត្រូវការ​ចំណេះដឹង​បន្ថែម​លើ​វិស័យ​កសិកម្ម បច្ចេកវិទ្យា​លើ​ការ​ដាំ​ដុះ និង​គ្រប់គ្រង​ប្រកបដោយ​និរន្ត​រភាព ជា​ពិសេស សន្តិសុខ​ស្បៀងអាហារ ស្រប​ទៅ​តាម​ស្តង់ដារ​នៃ​ទីផ្សារ​សកលលោក ហើយ​វា​ជា​មូលដ្ឋាន​គ្រឹះ​ដ៏​សំខាន់ សម្រាប់​កសិករ​កម្ពុជា អាច​បង្កើន​ទិន្នផល​កសិកម្ម បង្កើន​ប្រាក់​ចំណូល និង​ដើរ​ទាន់​បច្ចេកវិទ្យា​កសិកម្ម​នា​ពេល​អនាគត ដែល​ជំរុញ​ឲ្យ​ពួក​គាត់​អាច​ធ្វើការ​នាំ​ចេញ​ទៅ​ក្រៅប្រទេស​ថែម​ទៀត​ផង​។

ឯកអគ្គរដ្ឋទូត​អា​មេ​រិ​ក បន្ត​ថា ក្រុមហ៊ុន​ធំ​ៗ​ទាំង​អស់នេះ មាន​ដូច​ជា Amazon, IBM, Jonh Deer មាន​ជំនាញ​លើ ផ្នែក​កសិកម្ម និង​បច្ចេកវិទ្យា ដែល​អាច​ព្យាករណ៍​ពី​អាកាសធាតុ គ្រោះ​ធម្មជាតិ អាច​សិក្សា​ពី​សណ្ឋាន​ដី​នៅ​កម្ពុជា ថា​គួរ​ប្រើប្រាស់​បែប​ណា​ល្អ​និង​ទទួល​បាន​ទិន្នផល​ខ្ពស់ អាច​គ្រប់គ្រង​ទៅ​លើ​ការ​ដាំ​ដុះ និង​ស្រោចស្រព​ឲ្យ​ត្រូវ​តាម​ស្តង់ដារ ជា​ពិសេស​គឺ ការ​ពិនិត្យ​ទៅ​លើ​ស្តង់ដារ​សុវត្ថិភាព​ស្បៀងអាហារ ដើម្បី​ស្រប​តាម​ស្តង់ដារ​ទីផ្សារ​សកលលោក​។

លោក W. Patrick Murphy ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា
ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម

ឯកឧត្តម ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​កម្ពុជា បង្ហាញ​មតិ​ស្វាគមន៍​ចំពោះ ចំណាប់អារម្មណ៍​វិនិយោគ​របស់​ក្រុមហ៊ុន​អា​មេ​រិ​ក​ទាំង​អស់នេះ ដោយ​រំពឹង​ថា ពួក​គេ នឹង​អាច​ស្វែងរក​ដៃគូ​វិនិយោគ​ក្នុងស្រុក បាន​ត្រឹមត្រូវ និង​ឆាប់រហ័ស ដើម្បី​សហការ​គ្នា​អភិវឌ្ឍន៍​វិស័យ​កសិកម្ម​នៅ​កម្ពុជា ឲ្យ​កើនឡើង​មួយ​កម្រិត​ទៀត​។

ឯកឧត្តម ប៉ាន សូរ​ស័ក្តិ បន្ថែម​ថា ឱកាស​នៃ​ការ​វិនិយោគ​ក្នុង​វិស័យ​កសិកម្ម​នៅ​កម្ពុជា គឺ​នៅ​មាន​ច្រើន​ផ្នែក​ដូច​ជា គ្រាប់​ធុញ្ញ​ជាតិ ជី ចំណី​សត្វ ស្តុក​ទុក​ទំនិញ គ្រឿងចក្រ​ធំ​ៗ រោងចក្រ​កែ​ច្នៃ វេច​ខ្ចប់ បច្ចេកវិទ្យា​បៃតង និង​សេវាកម្ម​ដឹក​ជញ្ជូន​ជាដើម ហើយ​អ្នក​វិនិយោគ​បរទេស នឹង​ទទួល​បាន​កញ្ចប់​លើកទឹកចិត្ត​ជា​ច្រើន​ក្នុង​ការ​សម្រេចចិត្ត​វិនិយោគ​នៅ​កម្ពុជា​។

លោក អេឡែន ឌី តាន់ ប្រធានក្រុមប្រឹក្សាភិបាលសភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា

លោក អេ​ឡែ​ន ឌី តាន់ ប្រធាន​ក្រុមប្រឹក្សាភិបាល​សភាពាណិជ្ជកម្ម​អា​មេ​រិ​ក​នៅ​កម្ពុជា ក៏​បាន​លើក​ឡើង​ដែរ​ថា ប្រទេស​កម្ពុជា ជា​ប្រទេស​កំពុង​អភិវឌ្ឍន៍ ដែល​មាន​កំណើន​ល្អ​លើ​គ្រប់​វិស័យ ទាំង​វិស័យ​កសិកម្ម និង​ហេដ្ឋារចនាសម្ព័ន្ធ ហើយ​បញ្ហា​ប្រឈម នា​ពេល​បច្ចុប្បន្ន​គឺ បច្ចេកវិទ្យា ឱកាស​នៃ​ការ​ចាប់​ដៃគូ​វិនិយោគ និង​កត្តា​បម្រែបម្រួល​អាកាសធាតុ​។ ដូច្នេះ​ហើយ សភាពាណិជ្ជកម្ម​អា​មេ​រិ​ក​នៅ​កម្ពុជា នឹង​ដើរតួ​ជា​អ្នកសម្របសម្រួល​កិច្ចការ​រវាង វិនិយោគិន​អា​មេ​រិ​ក និង​វិនិយោគ​កម្ពុជា ឲ្យ​កាន់តែ​ងាយស្រួល និង​ប្រសើរ​ឡើង ដើម្បី​ជា​ចំណែក​មួយ ក្នុង​ការ​ជួយ​រុញច្រាន​កំណើនសេដ្ឋកិច្ច​ប្រទេស​កម្ពុជា​។

គួរ​ជម្រាប​ដែរ​ថា តាម​របាយការណ៍​ពី​ក្រសួងពាណិជ្ជកម្ម​កម្ពុជា បាន​បង្ហាញ​ថា ទំហំ​ពាណិជ្ជកម្ម​រវាង​អា​មេ​រិ​ក និង​កម្ពុជា សម្រេច​បាន​ប្រមាណ ៥,៤ ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ក្នុង​រយៈពេល​១១​ខែ ដើមឆ្នាំ ២០១៩ ក្នុង​នោះ កម្ពុជា សម្រេច​បានការ​នាំ​ចេញ ៤,៩ ពាន់លាន​ដុល្លារ​អា​មេ​រិ​ក ភាគច្រើន​ជា​ផលិតផល​កាត់ដេរ វាយនភ័ណ្ឌ ស្បែកជើង និង​អង្ករ​៕


© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


លោក កឹម សុខា អំពាវនាវ​ឱ្យ​តុលាការ​ទម្លាក់​ការ​ចោទ​ប្រឆាំង​នឹង​រូប​លោក

ព័ត៌មាន
លោក កឹម សុខា អតីត​ប្រធាន​គណបក្ស​សង្រ្គោះជាតិ បាន​អំពាវនាវ​ឱ្យ​តុលាការ​ទម្លាក់​ការ​ចោទ​ប្រឆាំង​នឹង​រូប​លោក កាលពី​ថ្ងៃ​ទី៦ ខែកុម្ភៈ ឆ្នា…

ម៉ាកាវ គ្រោងបិទកាស៊ីណូទាំងអស់ រយៈពេល ២សប្តាហ៍ ដើម្បីបង្ការ​ការឆ្លង​វីរុស​កូរ៉ូណា

ព័ត៌មាន
កាស៊ីណូ នៅក្នុងទីក្រុងម៉ាកាវទាំងអស់ អាចនឹងត្រូវបិទជាបណ្តោះអាសន្ន រយៈពេល ១៥ថ្ងៃពេញ ដើម្បីបង្ការដល់ ការរាតត្បាតនៃជម្ងឺរលាកផ្លូវដង្ហើម រីរុ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ