វិស័យស្រូវអង្ករ

ចិនបញ្ចេញលក់អង្ករស្ដុកចាស់ កំពុងប៉ះខ្លាំងដល់ទីផ្សារអង្ករថៃ និងវៀតណាម ខណៈកម្ពុជាប៉ះតិចតួច


ការបញ្ចេញលក់ស្ដុកអង្ករចាស់របស់ចិន នៅប៉ុន្មានខែថ្មីៗនេះ បាននិងកំពុងធ្វើប្រទេសនាំចេញអង្ករធំៗនៅអាស៊ីអាគ្នេយ៍ដូចជា ថៃ និងវៀតណាមជាដើមកំពុងរងផលប៉ះពាល់ ដោយសារតែអង្ករស្ដុកចាស់របស់ចិនបញ្ចេញលក់ក្នុងចំនួនច្រើន និងមានតម្លៃថោកជាងអង្កររបស់ពួកគេ ដែលធ្វើឲ្យអង្កររបស់ប្រទេសតំបន់អាស៊ីអាគ្នេយ៍ទាំងនោះ ពិបាកជ្រែកចូលទីផ្សារ។ សម្រាប់កម្ពុជា ក៏រងការប៉ះពាល់ដែរ ប៉ុន្ដែ ប៉ះពាល់ដោយប្រយោលប៉ុណ្ណោះ។ នេះបើតាមអ្នកបញ្ជាក់ពីអ្នកជំនាញ។
ចិនបញ្ចេញលក់អង្ករស្ដុកចាស់ កំពុងប៉ះខ្លាំងដល់ទីផ្សារអង្ករថៃ និងវៀតណាម ខណៈកម្ពុជាប៉ះតិចតួច (រូបភាព៖ http://www.hanoitimes.vn/)
ដោយ

ប្រទេស​ចិន ជា​ទីផ្សារ​សម្រាប់​ការ​នាំចេញ​អង្ករ​ធំមួយ ​របស់​ប្រទេស​មួយចំនួន​ក្នុងតំបន់​អាស៊ីអាគ្នេយ៍​ដូចជា​វៀតណាម ថៃ​ រួមទាំង​កម្ពុជា​ផងដែរ។ ប៉ុន្ដែ នៅឆ្នាំនេះ ដោយសារតែ​អង្ករចាស់​របស់ចិន​មាននៅសល់​ក្នុងស្ដុក​ច្រើន ចិន​បាន​សម្រេច​លក់​ចេញ​ទៅលើ​ទីផ្សារ​ក្នុងតម្លៃថោកជាង​អង្ករ​របស់​ប្រទេស​នានា ដូច្នេះហើយ វាបាន​ធ្វើឲ្យ​ការនាំចេញ អង្ករ​របស់ប្រទេស​មួយចំនួន​ដូចជា​ថៃ និងវៀតណាមជាដើម​កំពុង​រងទុក្ខ។ ក្នុងនោះ កម្ពុជា ក៏ត្រូវរង​ឥទ្ធិពលនេះដែរ តែមិនសូវប៉ះខ្លាំងនោះទេ។ 

ផលប៉ះពាល់​មកលើ​វិស័យ​ស្រូវអង្ករ​កម្ពុជា ដោយសារ​​ឥទ្ធិពល​ស្ដុកអង្ករ​ចាស់​របស់ចិន

លោកឧកញ៉ា សុង សារ៉ន អគ្គនាយក​ក្រុមហ៊ុន​នាំចេញ អង្ករ Amru Rice បាន​ឲ្យដឹងថា ផលប៉ះពាល់​នៃ​ការបញ្ចេញលក់​អង្ករ​ស្ដុក​ចាស់​របស់ចិននេះ គឺចាប់ផ្ដើម​មានសញ្ញាអវិជ្ជមាន​កើតឡើង​តាំងពីដើម​ឆ្នាំមកម្លេះ ទើបតែ​ថ្មីៗនេះទេ ដែលវា​ហាក់​កើតឡើងកាន់តែ​ខ្លាំង ពិសេស គឺប្រទេស​​វៀតណាម និងថៃ កំពុង​រង​ផលប៉ះពាល់​ខ្លាំងជាងគេ តែកម្ពុជា​វិញ​រង​ផលប៉ះពាល់​តិចតួច ដោយប្រយោលប៉ុណ្ណោះ ព្រោះ​ការនាំចេញអង្ករ​របស់​កម្ពុជា​​ភាគច្រើន​ជាអង្ករ​ក្រអូប។ ទោះយ៉ាងណា លោកថា អ្នកធ្វើស្រូវអ៊ីអ៊ែ​អាច​នឹងរងផល​ប៉ះពាល់​ប្រមាណ ២០% ដោយសារតែ​ ​ស្រូវអង្ករអ៊ីអ៊ែនេះ កម្ពុជា​ភាគច្រើន​នាំចេញទៅ វៀតណាម ហើយវៀតណាម​បន្តនាំចេញ​ទៅចិន។ 

លោក ឧកញ៉ា សុង សារ៉ន អគ្គនាយក​ក្រុមហ៊ុន Amru Rice

លោកឧកញ៉ា សុង សារ៉ន​ បាន​រំឭកដល់​កសិករថា ក្នុងកាលៈទេសៈនេះ កសិករ​ដាំដុះ​ស្រូវអ៊ីអ៊ែ ឬឈ្មួញលក់ស្រូវអង្ករស​ទៅវៀតណាម គួរតែ​ត្រៀមខ្លួន និង​កុំទាន់​ប្រញាប់​លក់​អង្ករ​របស់ខ្លួនឆាប់​ពេក ត្រូវរង់ចាំមើល​ស្ថានការណ៍​ទីផ្សារ​វិវត្តន៍​​ប្រសើរឡើងវិញសិន។

ទោះយ៉ាងណា លោក ឧកញ៉ា សុង សារ៉ន បញ្ជាក់ថា ប្រជាកសិករ​គួរតែ​នាំគ្នា​​ដាំដុះពូជស្រូវក្រអូប​ឲ្យបាន​ច្រើន ​ជំនួស​ការ​ដាំដុះ​ពូជស្រូវអង្ករ​ស ឬអ៊ីអ៊ែនេះ ព្រោះអង្ករក្រអូប​មានទីផ្សារ​ធំ​សម្រាប់ការនាំចេញ ទៅកាន់ប្រទេសចិន និងសហភាពអឺរ៉ុបជាដើម ខណៈដែលតម្លៃ​ក៏មានខ្ពស់ដែរ។

សម្រាប់​ទីផ្សារ នាំចេញអង្ករ​ទៅអឺរ៉ុបឯណោះវិញ អគ្គនាយក​ក្រុមហ៊ុន​ Amru Rice រូបនេះ បាន​បញ្ជាក់ដែរថា សម្រាប់​៥ខែ ឆ្នាំ២០១៩នេះ បើពិនិត្យមើលរបាយការណ៍​របស់​ក្រសួង​កសិកម្ម ឃើញថា មានការ ការនាំអង្ករទៅអឺរ៉ុប​មានកំណើន​ការ​ថមថយចុះច្រើនគួរសម ពោលគឺមានមាន ១០%។

ការថមថយនេះ ត្រូវបាន​លោកឧកញ៉ា សុង សារ៉ន គូសបញ្ជាក់ថា ដោយសារតែ​មានការ​កំណត់​យក​ពន្ធ​នាំចូល​ពីសហភាពអឺរ៉ុប ពិសេស គឺប្រភេទអង្ករ​ស ដែលពីមុន​កម្ពុជា​ធ្លាប់​នាំទៅអឺរ៉ុបបាននោះ លែង​ត្រូវបាន​អនុញ្ញាត​ឲ្យនាំទៅអឺរ៉ុបទៀតហើយ។ មួយវិញទៀត ក្រុមហ៊ុន​បញ្ជាទិញអង្ករ​បោះដុះធំៗ ដែលមិនមានម៉ាក​ ក៏ផលប៉ះពាល់ដែរ ហើយក្រុមហ៊ុនទាំងនោះត្រូវ​ទិញអង្ករ ពីវៀតណាម ឬប្រទេសថៃ និងប្រទេសផ្សេងទៀត ដែលមានតម្លៃអង្ករទាប។

ដ្បិតតែ​ ទីផ្សារអឺរ៉ុប​ថមថយចុះ​ក៏ដោយ ប៉ុន្ដែ ទីផ្សារចិន នៅតែបើកចំហរ​ និងគាំទ្រ​សម្រាប់​ការនាំចេញ​​ប្រភេទ​អង្ករ​​ក្រអូប​​របស់កម្ពុជា ហើយទីផ្សារចិន​នៅតែមាន​កំណើន​​បញ្ជាទិញ ដូច្នេះហើយ ទើបធ្វើឲ្យ​ការនាំចេញអង្ករ​របស់កម្ពុជា នៅតែមានស្ថិរភាព។ នេះបើតាម​ការបញ្ជាក់​ ពីលោក ឧកញ៉ា សុង សារ៉ន។ 

ប្រទេសថៃ និងវៀតណាម​រងទុក្ខ​មិនចាញ់គ្នាទេ ដោយសារចិន​បញ្ចេញលក់​ស្ដុកអង្ករចាស់​

ប្រទេស​ថៃ និងវៀតណាម ថ្មីៗនេះ សុទ្ធតែបាន​លើកឡើង​ពីក្ដី​បារម្ភ​ចំពោះ​ទីផ្សារ​នាំចេញអង្ករ​របស់ខ្លួន​ ដោយហេតុផល​ចម្បងរបស់ពួកគេ​ គឺ​ដោយសារតែ​រងផលប៉ះពាល់​ដោយសារតែ​ការបញ្ចេញលក់​អង្ករ​ស្ដុកចាស់​របស់ចិន ដែលមានតម្លៃថោក​ជាងអង្ករ​របស់​ពួកគេ។

ជាក់ស្ដែង បើតាម​សារព័តមាន​ក្នុងស្រុកវៀតណាម Vietnam Express បានឲ្យដឹងថា នៅ៥ខែ បិរមាណ​ការនាំចេញ​អង្ករ​របស់វៀតណាម បានថយចុះ​ប្រមាណ ជាង​៦% ខណៈដែល​តម្លៃវិញ​មានការថយចុះ​រហូតដល់២០% ធៀបនឹង​រយៈពេល​ដូចគ្នាកាលពីឆ្នាំមុន។ 

ក្រសួង​ឧស្សាហកម្ម និងពាណិជ្ជកម្មប្រទេស​នេះ បានឲ្យដឹងថា ក្នុងរយៈពេល ៥ខែ​មកនេះ វៀតណាម​នាំចេញអង្ករ​បាន​ប្រមាណ ជាង​២,៧ លានតោន ដែលមានតម្លៃជាទឹកប្រាក់​ប្រមាណ ជាង ១,១ពាន់​​លាន​ដុល្លារ​អាមេរិក។ ក្រៅពីទីផ្សារប្រទេស​ហ្វីលីពីន ឃើញថា ការនាំចេញអង្ករ​របស់វៀតណាម ទៅកាន់ប្រទេស​ចិន ឥណ្ឌូនេស៊ី និងបង់ក្លាដេស គឺ​សុទ្ធតែ​បង្ហាញពីការធ្លាក់ចុះ។ សម្រាប់​​ការធ្លាក់ចុះ​ក្នុងការនាំចេញ​ទៅ ទីផ្សារចិន ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម​វៀតណាម បានបញ្ជាក់ថា គឺដោយសារតែ​ស្ដុកអង្ករ​ចាស់​របស់​ចិន​នៅមាន​ច្រើន​។ 

ដោយឡែក សមាគម​អ្នកនាំចេញអង្ករ​ថៃឯណោះវិញ កាលពីពេល​ថ្មីៗនេះ បានប្រាប់​សារព័ត៌មាន​បាំងកកប៉ុស្ដិ៍ថា ខ្លួន​ក៏កំពុង​ព្រួយបារម្ភ​ ពីផែនការ​បញ្ចេញ​លក់​អង្ករ​ស្ដុកចាស់​របស់ចិន​នេះដែរ។ តួយ៉ាង ក្នុងមួយឆ្នាំៗ ប្រទេស ចិន ផលិតអង្ករបាន ១២០លានតោន ហើយឆ្នាំនេះ គ្រោងនឹងនាំចេញ​អង្ករស្រូវចាស់ ប្រមាណ ៣លានតោន ខណៈដែលឆ្នាំមុន នាំចេញតែជិត ២លានតោនប៉ុណ្ណោះ។

ទីផ្សារអាហ្វ្រិក គឺជាទីផ្សារ​ដ៏មានសក្តានុពល សម្រាប់ចិន ដែលអ្នកប្រើប្រាស់​នៅទីនោះ មានទម្លាប់​បរិភោគ អង្ករស្រូវចាស់ បើនិយាយ​អំពីតម្លៃវិញ អង្ករចិន គឺថោកជាងគេ ហើយថៃ ក៏អស់ស្តុក​អង្ករ​ស្រូវចាស់​នេះដែរ។

ចំពោះតម្លៃអង្ករ​ចិន ដែលដាក់​លក់​លើទីផ្សារ គឺមានតម្លៃ​ប្រមាណ ៣០០ដុល្លារអាមេរិក ហើយអង្ករថៃ ដែលមាន​ប្រភេទស្រដៀង​គ្នានោះ លក់ក្នុងតម្លៃ ៣៩០ដុល្លារអាមេរិកឯណោះ ខណៈដែល វៀតណាម លក់ជាង ៣៦០ដុល្លារអាមេរិក និងឥណ្ឌា លក់ជាង ៣៧០ដុល្លារអាមេរិក។

គួរបញ្ជាក់ថា ប្រទេសថៃ ជាប្រទេស​នាំចេញអង្ករ​ច្រើនជាងទី ២ ក្នុងសកល​លោក រីឯប្រទេសវៀតណាម ជាប់ចំណាត់ថ្នាក់​លេខ ៣ ខណៈប្រទេសឥណ្ឌា ជាប់លំដាប់ថ្នាក់លេខ ១ ដែលសម្រេច​ការនាំ ចេញអង្ករ​បានជិត ១២លានតោន៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ការស្នើសុំអាជ្ញាបណ្ណទេសចរណ៍តាមប្រព័ន្ធអនឡាញ កើនឡើង ៤ដង នៅ៥ខែ ឆ្នាំ២០១៩

ព័ត៌មាន
មន្ត្រីជាន់ខ្ពស់ ក្រសួងទេសចរណ៍ បានបញ្ជាក់ថា គិតត្រឹម ៥ខែ ដំបូង ឆ្នាំ២០១៩ ចំនួនអាជីវកម្មដែលបានស្នើសុំអាជ្ញាបណ្ណទេសចរណ៍តាមប្រព័ន្ធអនឡាញ មាន…

ក្រុមហ៊ុនសាំងយ៉ុងកំពុង​ប្រជែងយក​​ចំណែក​ទីផ្សារ​រថយន្ដ​ថ្មី​នៅកម្ពុជា

ព័ត៌មាន
បើនិយាយពីរថយន្តសាំងយ៉ុង( Ssangyong)គេប្រហែលជាគិតដល់រថយន្តតាក់ស៊ី ដែលដឹកប្រជាពលរដ្ឋទៅតាមបណ្តាខេត្តនានា ដែលបាននាំចូលមកពីប្រទេស និងមានវ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ