របាយការណ៍របស់អង្គការឃ្លាំមើលថាមពលពិភពលោក (GEM)បានបង្ហាញថា សមត្ថភាពផលិតថាមពលកកើតឡើងក្នុងតំបន់អាស៊ាន ទាំងមូលបានកើនឡើងជាង២០%ក្នុងឆ្នាំ២០២៣ ដោយក្នុងនោះរួមមានថាមពលសូឡានិងឋាមពលខ្យល់មាន៩%ហើយបូករួមជាមួយថាមពលវារីអគ្គិសនីដែលមានស្រាប់ តំបន់អាស៊ានជិតសម្រេចបានតាមគោលដៅផលិតថាមពលកកើតឡើងវិញរបស់ខ្លួនឱ្យបាន៣៥% នៅត្រឹមឆ្នាំ២០២៥ ហើយ។
ដើម្បីសម្រេចបានតាមគោលដៅនេះ អង្គការឃ្លាំមើលថាមពលពិភពលោក (GEM) បានផ្តល់អនុសាសន៍ឱ្យដំឡើងគម្រោងថាមពលសូឡា និងថាមពលខ្យល់កម្លាំង១៧ជីហ្គាវ៉ាត់ (GW) ថែមទៀតក្នុងរយៈពេល២ឆ្នាំខាងមុខ។ ប៉ុន្តែតំបន់អាស៊ាន ទំនងអាចសម្រេចបានលើសគោលដៅកំណត់នេះ ជាមួយក្ដីរំពឹងថា គម្រោងថ្មីៗនឹងផលិតថាមពលកកើតឡើងវិញបាន២៣ជីហ្គាវ៉ាត់ (GW) បន្ថែមទៀត។
ទោះជាយ៉ាងណា ការវិភាគរបស់អង្គការឃ្លាំមើលថាមពលពិភពលោក (GEM) បង្ហាញថា ថ្វីបើគម្រោងថាមពលសូឡា និងថាមពលខ្យល់ថ្មីៗស្ថិតក្នុងផែនការយ៉ាងណាក្ដី ក៏ជាក់ស្ដែងមានគម្រោងតែមួយភាគតូចប៉ុណ្ណោះដែលកំពុងស្ថិតក្រោមដំណើរការសាងសង់។
លើសពីនេះ បណ្តាប្រទេសអាស៊ាន នៅបន្តគាំទ្រការប្រើប្រាស់ថាមពលឧស្ម័ន និងធ្យូងថ្មយ៉ាងខ្លាំងដោយសារកំណើនតម្រូវការអគ្គិសនី ជាហេតុរារាំងដល់ការបង្កើនថាមពលសូឡា និងថាមពលខ្យល់ដោយសារបញ្ហាប្រឈមផ្នែកច្បាប់ និងកង្វះការគាំទ្រផ្នែកគោលនយោបាយ។
នៅឆ្នាំ២០២៣ សមត្ថភាពផលិតថាមពលសូឡា និងថាមពលខ្យល់នៅបណ្ដាប្រទេសអាស៊ានន សម្រេចបានសម្ទុះកំណើន ដោយក្នុងនោះសមត្ថភាពផលិតថាមពលសូឡាបានកើនឡើង១៧% រីឯសមត្ថភាពផលិតថាមពលខ្យល់បានកើនឡើង២៩%បើធៀបនឹងឆ្នាំ២០២២។
ក្នុងចំណោមប្រទេសអាស៊ានទាំង១០ វៀតណាម បានជាប់ចំណាត់លេខ១ ផ្នែកសមត្ថភាពផលិតថាមពលសូឡា និងថាមពលខ្យល់នៅក្នុងតំបន់ ខណៈដែលប្រទេសថៃ ជាប់ចំណាត់ថ្នាក់លេខ២ ហើយហ្វីលីពីនជាប់ចំណាត់ថ្នាក់លេខ៣។ ចំពោះចក្ខុវិស័យអនាគតវិញ បណ្ដាប្រទេសក្នុងតំបន់អាស៊ាន នឹងមានសមត្ថភាពផលិតថាមពលសូឡា និងថាមពលខ្យល់សរុបជាង២២០ជីហ្គាវ៉ាត់ (GW) ដោយជាង៨០%នៃទំហំនេះគ្របដណ្ដប់នៅក្នុងប្រទេសហ្វីលីពីន និងវៀតណាម៕
អត្ថបទ៖ សុខ ជា