ដំណើរទស្សនកិច្ច ដែលធ្វើឡើងតបតាមការអញ្ជើញរបស់ក្រុមប្រឹក្សារដ្ឋបាលរដ្ឋនៃមីយ៉ាន់ម៉ានេះ គឺដើម្បីបង្កលក្ខណៈងាយស្រួលក្នុងការឈានទៅបញ្ចប់អំពើហិង្សា ឬធ្វើយ៉ាងឲ្យគ្រប់ភាគីទាំងអស់មានការអត់ធ្មត់ខ្ពស់បំផុតនៅមីយ៉ាន់ម៉ា។ ការចែកចាយជំនួយមនុស្សធម៌ និងការជំរុញឲ្យមានកិច្ចពិភាក្សារវាងភាគីជម្លោះ ក៏ស្ថិតក្នុងបំណងនៃដំណើរទស្សនកិច្ចនេះដែរ។
គណៈប្រតិភូប្រេសិតពិសេសរបស់ប្រធានអាស៊ានស្តីពីមីយ៉ាន់ម៉ា ដែលដឹកនាំដោយឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នឹងចេញទៅបំពេញទស្សនកិច្ចលើកដំបូងនៅមីយ៉ាន់ម៉ា ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២។ ដំណើរទស្សនកិច្ចនេះ ធ្វើឡើងតបតាមការអញ្ជើញរបស់ក្រុមប្រឹក្សារដ្ឋនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា។ នេះបើតាមសេចក្តីប្រកាសព័ត៌មានក្រសួងការបរទេស និងសហប្រតិបត្តិការនៅថ្ងៃទី១៨ មីនា។
គោលបំណងនៃដំណើរទស្សនកិច្ចនេះ គឺដើម្បីជួយសម្របសម្រួល និងធ្វើយ៉ាងណាស្វែងរកច្រកចេញពីវិបត្តិហិង្សាដ៏រ៉ាំរ៉ៃនៅមីយ៉ាន់ម៉ា ដែលបានអូសបន្លាយអស់រយៈពេលជាងឆ្នាំ១ បន្ទាប់ពីរបបយោធាធ្វើរដ្ឋប្រហារទម្លាក់មេដឹកនាំរដ្ឋាភិបាលស្របច្បាប់របស់លោកស្រី អ៊ុង សានស៊ូជី។ ការសម្របសម្រួលឲ្យមានការផ្តល់ជំនួយមនុស្សធម៌ដល់ជនក្រីក្រនិងរងគ្រោះដោយសារវិបត្តិនៅមីយ៉ាន់ម៉ា ក៏ជាគោលបំណងមួយនៃដំណើរទស្សនកិច្ចនេះផងដែរ។
ក្រសួងការបរទេសបានបញ្ជាក់យ៉ាងដូច្នេះថា៖ «ដំណើរទស្សនកិច្ចលើកដំបូងនៃប្រេសិតពិសេសរបស់ប្រធានអាស៊ានស្ដីពីមីយ៉ាន់ម៉ា មានគោលបំណងដើម្បីបង្កើតលក្ខខណ្ឌអំណោយផល ដើម្បីឈានទៅដល់ការបញ្ចប់អំពើហិង្សា ក៏ដូចជាការអត់ធ្មត់ឱ្យបានខ្ពស់បំផុតពីគ្រប់ភាគីទាំងអស់, ការចែកចាយជំនួយមនុស្សធម៌ និងលើកទឹកចិត្តឱ្យមានកិច្ចសន្ទនានយោបាយក្នុងចំណោមភាគីពាក់ព័ន្ធទាំងអស់»។
ដំណើរទស្សនកិច្ចរបស់ប្រេសិតពិសេសរបស់ប្រធានអាស៊ាននេះ ធ្វើឡើងពីរខែក្រោយដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាក្នុងនាមប្រធានអាស៊ានទៅមីយ៉ាន់ម៉ាកាលពីថ្ងៃទី៧-៨ ខែមករា ឆ្នាំ២០២២។
លទ្ធផលដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន លើកដំបូងនៅមីយ៉ាន់ម៉ា គឺមេដឹកនាំយោធាលោក មីន អ៊ុងឡាំង បានឯកភាពបន្តសុពលភាពបទឈប់បាញ់ ដែលត្រូវផុតកំណត់ត្រឹមខែកុម្ភៈ រហូតដល់ដំណាច់ឆ្នាំ២០២២ និងទទួលស្គាល់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ជាប្រេសិតពិសេសរបស់ប្រធានអាស៊ានឆ្នាំនេះ។ ហើយ លោក មីន អ៊ុងឡាំងក៏បានសន្យាជួយសម្របសម្រួលដំណើរទស្សនកិច្ចរបស់ប្រេសិតពិសេសរបស់ប្រធានអាស៊ានទៅមីយ៉ាន់ម៉ា និងសម្រួលឲ្យមានការផ្តល់ជំនួយមនុស្សធម៌ជាដើម។
ក្រៅពីឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ដំណើរទស្សនកិច្ចលើកដំបូងរបស់ប្រេសិតពិសេសរបស់ប្រធានអស៊ាននេះ មានការចូលពីឯកឧត្តមកិត្តិសេដ្ឋបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ឯកឧត្តម លឹម ចុក ហ៊ុយ អគ្គលេខាធិការអាស៊ាន លោក លី យ៉ាម មីង នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលសម្របសម្រួលអាស៊ាន ដើម្បីជំនួយមនុស្សធម៌ និងការគ្រប់គ្រងគ្រោះមហន្តរាយ (AHA Centre) និងមន្ត្រីជាន់ខ្ពស់មួយចំនួនទៀត៕