បើតាមរបាយការណ៍ថ្មីមួយច្បាប់ ចេញផ្សាយនៅថ្ងៃអង្គារទី២៨ខែធ្នូ ការផ្ទេរប្រាក់ទៅកាន់តំបន់អាស៊ីប៉ាស៊ីហ្វិក ពីសំណាក់ពលរដ្ឋធ្វើការងារនៅក្រៅប្រទេស ត្រូវបានគេរំពឹងថានឹងកើនឡើងជាង២១ពាន់លានដុល្លារបន្ថែមទៀតនៅឆ្នាំនេះ និងកើនជិត ២០ពាន់លានដុល្លារបន្ថែមទៀតនៅឆ្នាំក្រោយ ខណៈដែលទំហំលំហូរសាច់ប្រាក់ដែលបានផ្ញើទៅកាន់តំបន់អាស៊ីប៉ាស៊ីហ្វិកកាលពីឆ្នាំ២០២០ មានប្រមាណ ៣១៤ពាន់លានដុល្លារអាមេរិក។
ADB បន្តថា ជាមធ្យមតំបន់អាស៊ីប៉ាស៊ីហ្វិកត្រូវបានគេប៉ាន់ប្រមាណថា នឹងមានប្រហែលជាង ៦៣% នៃកំណើនផ្ទេរប្រាក់ទូទាំងសកលនៅឆ្នាំ ២០២១ និង ២០២២។ ដោយឡែក ការផ្ទេរប្រាក់នៅទូទាំងពិភពលោក កើនឡើងជិត៥% ឬនឹងកំណើនជាង ៣៤ពាន់លានដុល្លារក្នុងឆ្នាំ ២០២១ និងប្រមាណ ៤,២% ឬស្មើនឹងកំណើនជិត ៣១ពាន់លានដុល្លារក្នុងឆ្នាំ២០២២។
បើតាមរបាយការណ៍ដដែល ៦០%នៃសាច់ប្រាក់ដែលបានផ្ទេរចូលតំបន់អាស៊ីប៉ាស៊ីហ្វិក មានប្រភពមកពីចក្រភពអង់គ្លេស សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ខណៈដែល ៣០%ទៀត ផ្ញើចេញពីប្រទេសនៅតំបន់មជ្ឈិមបូព៌ា រីឯ១០% មកពីតំបន់ផ្សេងៗជុំវិញពិភពលោក។
គួរជម្រាបថា ការធ្លាក់ចុះសេដ្ឋកិច្ចដោយសារតែកូវីដ១៩ នៅតាមប្រទេសមានសេដ្ឋកិច្ចជឿលឿន បាននាំឱ្យបាត់បង់ការងារ ឬកាត់បន្ថយម៉ោងធ្វើការ សម្រាប់ពលករជាច្រើន នៅក្រៅប្រទេស ហើយកត្តានេះ ក៏បានបណ្តាលឱ្យកម្មករបាននាំគ្នាត្រឡប់មកស្រុកកំណើតវិញ ជាបន្តបន្ទាប់ផងដែរ។
សូមជម្រាបថា ថ្មីៗនេះ ADB បានកាត់បន្ថយការព្យាករណ៍កំណើនសេដ្ឋកិច្ចសម្រាប់តំបន់អាស៊ីប៉ាស៊ីហ្វិកសម្រាប់ឆ្នាំ និងឆ្នាំក្រោយ ដែលភាគច្រើននៃប្រទេសក្នុងតំបន់នេះ គឺជាប្រទេសកំពុងអភិវឌ្ឍន៍ ពោលគឺមានទាំងអស់៤៥ប្រទេស។ ការបន្ទាបការព្យាកររបស់ ADB គឺក្រោយមើលឃើញពីហានិភ័យ និងភាពមិនច្បាស់លាស់នៃកូវីដ១៩ ពិសេសកូវីដ១៩អូមីក្រុងតែម្ដង ដែលកំពុងបន្ដអុកឡុកពាសពេញពិភពលោក៕