ស្របពេលដែលសហគមន៍អន្តរជាតិព្យាយាមដាក់សម្ពាធលើរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា សហភាពអឺរ៉ុបបានប្រកាសកាលពីចុងខែកុម្ភៈថា ខ្លួននឹងហាមឃាត់ក្រុមហ៊ុន និងបុគ្គលនៃសហភាពអឺរ៉ុប ពីការផ្ដល់មូលនិធិដល់ក្រុមហ៊ុនសហគ្រាសប្រេង និងឧស្ម័នមីយ៉ាន់ម៉ា (MOGE ) ព្រមទាំងបង្កកទ្រព្យសម្បត្តិរបស់ពួកគេផងដែរ។ ក្រុមហ៊ុនប្រេង និងសហគ្រាសឧស្ម័នមីយ៉ាន់ម៉ា មានវិនិយោគលើគម្រោងអភិវឌ្ឍន៍ធនធាន និងប្រមូលចំណូលសួយសារឲ្យរដ្ឋាភិបាល ដើម្បីប្រតិបត្តិការគម្រោងឧស្ម័ននៅក្នុងប្រទេសនេះ។
រដ្ឋាភិបាលមីយ៉ាន់ម៉ាក៏រំពឹងថា នឹងរកថវិកាបាន ១ពាន់ ៥រយលានដុល្លារពីប្រេង និងឧស្ម័ននៅក្នុងឆ្នាំសារពើពន្ធ ២០២២ ដែលស្មើនឹងជិត ១០% នៃថវិកាសរុបរបស់រដ្ឋាភិបាលផងដែរ។
ទោះយ៉ាងណា ក្រុមហ៊ុន TotalEnergies ដែលជាក្រុមហ៊ុនថាមពេលដ៏ធំរបស់បារាំង ដែលមានចំណែកធំជាងគេនៅក្នុងវិស័យឧស្ម័នក្នុងប្រទេសមីយ៉ាន់ម៉ាក្នុង Yadana ក្នុងសមុទ្រ Andaman បានអះអាងកាលពីខែមករាថា ខ្លួននឹងចាកចេញពីប្រទេសនេះក្នុងរយៈពេល៦ខែ។ ដោយឡែកក្រុមហ៊ុនប្រេង Chevron របស់អាមេរិកវិញ ក៏កំពុងពិចារណាដកខ្លួនចេញពីមីយ៉ាន់ម៉ាដែរផងដែរ។
តែផ្ទុយទៅវិញ ក្រុមហ៊ុនថាមពលអាស៊ីផ្សេងៗទៀត មានការស្ទាក់ស្ទើរក្នុងការបោះបង់ផលប្រយោជន៍របស់ខ្លួនក្នុងប្រទេសមីយ៉ាន់ម៉ា។ ជាក់ស្ដែងក្រុមហ៊ុន Posco International ដែលជាបណ្ដាញក្រុមហ៊ុនជួញដូរ សម្រាប់ក្រុមហ៊ុនផលិតដែកកូរ៉េខាងត្បូងបានកាន់កាប់កាប់ចំណែកភាគហ៊ុន ៥១% នៅក្នុងតំបន់ឧស្ម័នស្វី (Shwe) នៃឆ្នេរសមុទ្រភាគខាងលិច នៃប្រទេសមីយ៉ាន់ម៉ា។ ទោះបីជាទិន្នផលគម្រោងភាគច្រើនត្រូវបាននាំចេញទៅកាន់ប្រទេសចិនក៏ដោយ ប៉ុន្តែមួយចំនួនត្រូវបានប្រើប្រាស់នៅរោងចក្រថាមពលនៅក្នុងប្រទេសមីយ៉ាន់ម៉ាផងដែរ។ក្រុមហ៊ុន Posco បញ្ជាក់ថា ភាពស្ទាក់ស្ទើរចាកចេញពីមីយ៉ាន់ម៉ា គឺដោយសារតែ ខ្លួនបារម្ភថា បើបញ្ឈប់ការបូបឧស្ម័ននៅប្រទេសនេះ នោះវានឹងរំខានដល់ការផ្គត់ផ្គង់ប្រេងឥន្ធនៈសម្រាប់រោងចក្រថាមពលនៅក្នុងប្រទេសមីយ៉ាន់ម៉ា ដែលធ្វើឲ្យប៉ះពាល់ដល់ប្រជាជនស៊ីវិលផងដែរ។
ទន្ទឹមនឹងនេះ ក្រុមហ៊ុនរុករក និងផលិតប្រេង PTT របស់ប្រទេសថៃ កាលពីថ្ងៃច័ន្ទដើមសប្ដាហ៍នេះបានប្រកាសថាខ្លួននឹងកាន់កាប់ប្រតិបត្តិការនៅតំបន់ឧស្ម័ន Yadana ក្នុងប្រទេសមីយ៉ាន់ម៉ា ពីក្រុមហ៊ុន Total ។ គម្រោងបូមយកឧស្ម័ននៅតំបន់ Yadana ជាប្រភពដ៏សំខាន់នៃការផ្គត់ផ្គង់ឧស្ម័នធម្មជាតិដល់ជីវភាពរស់នៅរបស់ ប្រជាជនទាំងក្នុងប្រទេសមីយ៉ាន់ម៉ា និងថៃ។
គួរជម្រាបថា ប្រទេសថៃពឹងផ្អែកលើប្រទេសមីយ៉ាន់ម៉ាជាង ១៥% សម្រាប់ការប្រើប្រាស់ឧស្ម័នធម្មជាតិរបស់ខ្លួន ហើយវិស័យឧស្សាហកម្មរបស់ថៃអាចនឹងរងទុក្ខផងដែរ ប្រសិនបើការផ្គត់ផ្គង់ត្រូវបានបញ្ឈប់ការបូមឧស្ម័ននៅមីយ៉ាន់ម៉ា ដ្បិតថា គេត្រូវការវាមកប្រើប្រាស់សម្រាប់ជាថាមពលអគ្គិសនី៕
អត្ថបទ ស៊ើង និមល់