ក្រុមហ៊ុនធំៗនៅអាស៊ីបន្តបូមឧស្ម័នពីមីយ៉ាន់ម៉ា

ក្រុមហ៊ុនធំៗនៅអាស៊ីនៅតែបន្តរក្សាការបូមឧស្ម័នក្នុងប្រទេសមីយ៉ាន់ម៉ា ទោះបីជា ប្រឈមទណ្ឌកម្មពី EU


ការបន្តវត្តមានរបស់ក្រុមហ៊ុនថាមពលអាស៊ីក្នុងប្រទេសមីយ៉ាន់ម៉ាបាន និងកំពុងបង្កឲ្យមានក្តីបារម្ភថា ពួកគេអាចរងផលប៉ះពាល់ពីទណ្ឌកម្មថ្មីរបស់សហភាពអឺរ៉ុបមកលើក្រុមហ៊ុនប្រេង និងឧស្ម័នរដ្ឋរបស់ប្រទេសមីយ៉ាន់ម៉ា ខណៈក្រុមហ៊ុនថាមពលអាស៊ី ហាក់នៅស្ទាក់ស្ទើរក្នុងការដើរចេញពីប្រទេសដែលមានរដ្ឋប្រហារយោធា និងស្ថិតក្រោមសម្ពាធទណ្ឌកម្មកាន់តែខ្លាំងឡើងៗ។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន Nikkei Asia។
ក្រុមហ៊ុនធំៗនៅអាស៊ីបន្តបូមឧស្ម័នពីមីយ៉ាន់ម៉ា

ស្រប​ពេល​ដែល​សហគមន៍​អន្តរជាតិ​ព្យាយាម​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាលយោធា​មី​យ៉ា​ន់​ម៉ា សហភាព​អឺរ៉ុប​បាន​ប្រកាស​កាលពី​ចុងខែ​កុម្ភៈ​ថា ខ្លួន​នឹង​ហាមឃាត់​ក្រុមហ៊ុន និង​បុគ្គល​នៃ​សហភាព​អឺរ៉ុប ពី​ការ​ផ្ដល់​មូលនិធិ​ដល់​ក្រុមហ៊ុន​សហគ្រាស​ប្រេង និង​ឧស្ម័ន​មី​យ៉ា​ន់​ម៉ា (MOGE ) ព្រមទាំង​បង្កក​ទ្រព្យសម្បត្តិ​របស់​ពួក​គេ​ផង​ដែរ​។ ក្រុមហ៊ុន​ប្រេង និង​សហគ្រាស​ឧស្ម័ន​មី​យ៉ា​ន់​ម៉ា មាន​វិនិយោគ​លើ​គម្រោង​អភិវឌ្ឍន៍​ធនធាន និង​ប្រមូល​ចំណូល​សួយ​សារ​ឲ្យ​រដ្ឋាភិបាល ដើម្បី​ប្រតិបត្តិការ​គម្រោង​ឧស្ម័ន​នៅ​ក្នុង​ប្រទេស​នេះ​។

រដ្ឋាភិបាល​មី​យ៉ា​ន់​ម៉ា​ក៏​រំពឹង​ថា នឹង​រក​ថវិកា​បាន ១​ពាន់ ៥​រយ​លាន​ដុល្លារ​ពី​ប្រេង និង​ឧស្ម័ន​នៅ​ក្នុង​ឆ្នាំ​សារពើពន្ធ ២០២២ ដែល​ស្មើនឹង​ជិត ១០% នៃ​ថវិកា​សរុប​របស់​រដ្ឋាភិបាល​ផង​ដែរ​។

ទោះ​យ៉ាងណា ក្រុមហ៊ុន TotalEnergies ដែល​ជា​ក្រុមហ៊ុន​ថា​ម​ពេល​ដ៏​ធំ​របស់​បារាំង ដែល​មាន​ចំណែក​ធំ​ជាងគេ​នៅ​ក្នុង​វិស័យ​ឧស្ម័ន​ក្នុង​ប្រទេស​មី​យ៉ា​ន់​ម៉ា​ក្នុង Yadana ក្នុង​សមុទ្រ Andaman បាន​អះអាង​កាលពី​ខែមករា​ថា ខ្លួន​នឹង​ចាក​ចេញពី​ប្រទេស​នេះ​ក្នុង​រយៈពេល​៦​ខែ​។ ដោយឡែក​ក្រុមហ៊ុន​ប្រេង Chevron របស់​អា​មេ​រិ​ក​វិញ ក៏​កំពុង​ពិចារណា​ដកខ្លួន​ចេញពី​មី​យ៉ា​ន់​ម៉ា​ដែរ​ផង​ដែរ​។

តែ​ផ្ទុយ​ទៅ​វិញ ក្រុមហ៊ុន​ថាមពល​អាស៊ី​ផ្សេង​ៗ​ទៀត មានការ​ស្ទាក់ស្ទើរ​ក្នុង​ការ​បោះបង់​ផលប្រយោជន៍​របស់​ខ្លួន​ក្នុង​ប្រទេស​មី​យ៉ា​ន់​ម៉ា​។ ជាក់ស្ដែង​ក្រុមហ៊ុន Posco International ដែល​ជា​បណ្ដាញ​ក្រុមហ៊ុន​ជួញដូរ សម្រាប់​ក្រុមហ៊ុន​ផលិត​ដែក​កូរ៉េ​ខាងត្បូង​បាន​កាន់កាប់​កាប់​ចំណែក​ភាគហ៊ុន ៥១% នៅ​ក្នុង​តំបន់​ឧស្ម័ន​ស្វី (Shwe) នៃ​ឆ្នេរសមុទ្រ​ភាគ​ខាងលិច នៃ​ប្រទេស​មី​យ៉ា​ន់​ម៉ា​។ ទោះបីជា​ទិន្នផល​គម្រោង​ភាគច្រើន​ត្រូវ​បាន​នាំ​ចេញ​ទៅ​កាន់​ប្រទេស​ចិន​ក៏​ដោយ ប៉ុន្តែ​មួយ​ចំនួន​ត្រូវ​បាន​ប្រើប្រាស់​នៅ​រោងចក្រ​ថាមពល​នៅ​ក្នុង​ប្រទេស​មី​យ៉ា​ន់​ម៉ា​ផង​ដែរ​។

ក្រុមហ៊ុន Posco បញ្ជាក់​ថា ភាព​ស្ទាក់ស្ទើរ​ចាក​ចេញពី​មី​យ៉ា​ន់​ម៉ា គឺ​ដោយសារ​តែ ខ្លួន​បារម្ភ​ថា បើ​បញ្ឈប់​ការ​បូ​ប​ឧស្ម័ន​នៅ​ប្រទេស​នេះ នោះ​វា​នឹង​រំខាន​ដល់​ការ​ផ្គត់ផ្គង់​ប្រេងឥន្ធនៈ​សម្រាប់​រោងចក្រ​ថាមពល​នៅ​ក្នុង​ប្រទេស​មី​យ៉ា​ន់​ម៉ា ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រជាជន​ស៊ី​វិល​ផង​ដែរ​។

ទន្ទឹម​នឹង​នេះ ក្រុមហ៊ុន​រុករក និង​ផលិត​ប្រេង PTT របស់​ប្រទេស​ថៃ កាលពី​ថ្ងៃ​ច័ន្ទ​ដើម​ស​ប្ដា​ហ៍​នេះ​បាន​ប្រកាស​ថា​ខ្លួន​នឹង​កាន់កាប់​ប្រតិបត្តិការ​នៅ​តំបន់​ឧស្ម័ន Yadana ក្នុង​ប្រទេស​មី​យ៉ា​ន់​ម៉ា ពី​ក្រុមហ៊ុន Total ។ គម្រោង​បូម​យក​ឧស្ម័ន​នៅ​តំបន់ Yadana ជា​ប្រភព​ដ៏​សំខាន់​នៃ​ការ​ផ្គត់ផ្គង់​ឧស្ម័ន​ធម្មជាតិ​ដល់​ជីវភាព​រស់នៅ​របស់ ប្រជាជន​ទាំង​ក្នុង​ប្រទេស​មី​យ៉ា​ន់​ម៉ា និង​ថៃ​។

គួរ​ជម្រាប​ថា ប្រទេស​ថៃ​ពឹងផ្អែក​លើ​ប្រទេស​មី​យ៉ា​ន់​ម៉ា​ជាង ១៥% សម្រាប់​ការ​ប្រើប្រាស់​ឧស្ម័ន​ធម្មជាតិ​របស់​ខ្លួន ហើយ​វិស័យ​ឧស្សាហកម្ម​របស់​ថៃ​អាច​នឹង​រង​ទុក្ខ​ផង​ដែរ ប្រសិនបើ​ការ​ផ្គត់ផ្គង់​ត្រូវ​បាន​បញ្ឈប់​ការ​បូម​ឧស្ម័ន​នៅ​មី​យ៉ា​ន់​ម៉ា ដ្បិតថា គេ​ត្រូវការ​វា​មក​ប្រើប្រាស់​សម្រាប់​ជា​ថាមពល​អគ្គិសនី​៕

អត្ថបទ ស៊ើ​ង និមល់ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កម្ពុជាទទួលបានវ៉ាក់សាំងកូវីដ១៩ AstraZeneca ជាង៥សែនដូសពីប្រទេសហុងគ្រី

ព័ត៌មាន
កម្ពុជានៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២នេះ បានទទួលយកវ៉ាក់សាំងកូវីដ១៩ ប្រភេទ AstraZeneca ចំនួន ៥សែន២ម៉ឺន៣ពាន់ដូស ដែលផ្តល់អោយដោយប្រទេ…

តើអ្នកជាសះស្បើយពីជំងឺកូវីដ១៩ អាចនឹងប្រឈមផលវិបាកអ្វីខ្លះនៅពេលក្រោយ?

ព័ត៌មាន
មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាល អះអាងថា អ្នកឆ្លងកូវីដ១៩ ដែលបានជាសះស្បើយ អាចនឹងត្រូវប្រឈមផលប៉ះពាល់មួយចំនួននៅថ្ងៃក្រោយ ទាំងផ្នែកសុខភាពផ្លូវ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ