វិស័យ ពាណិជ្ជកម្ម

ក្រុមអ្នកជំនាញសេដ្ឋកិច្ចព្យាករថា បើលោក ត្រាំ ជាប់ឆ្នោត ពាណិជ្ជកម្មពិភពលោកអាចរងការរអាក់រអួល ហើយទីផ្សារអាស៊ីរងផលប៉ះពាល់ខ្លាំងជាងគេ


ស្របពេលការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាម៉េរិក នឹងមកដល់នៅថ្ងៃទី៥ ខែវិច្ឆិកា ដ៏ខ្លីខាងមុខនេះ បណ្ដាវិនិយោគិនកំពុងថ្លឹងថ្លែង និងវាយតម្លៃថា តើលទ្ធផលនៃការបោះឆ្នោតរបស់ប្រទេសមហាអំណាចធំបំផុតទី១នេះ អាចជះផលប៉ះពាល់ដល់ទីផ្សារហិរញ្ញវត្ថុនានា នៅអាស៊ីក្នុងកម្រិតណា ខណៈដែលបេក្ខភាពទាំងពីរ គឺលោកស្រីអនុប្រធានាធិបតី កាម៉ាកា ហារីស (Kamala Harris) និងអតីតប្រធានាធិបតីលោក ដូណាល់ ត្រាំ បានបង្ហាញទស្សនៈបញ្ច្រាសទិសគ្នា។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានជប៉ុន Nikkei Asia។
វិស័យ ពាណិជ្ជកម្ម
ដោយ

ប្រសិនបើលោកស្រី កាម៉ាកា ហារីស (Kamala Harris) ដែលជាបេក្ខភាពមកពីគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោត នោះមានន័យថា លោកស្រីទំនងជាបន្តគោលនយោបាយពាណិជ្ជកម្មរបស់រដ្ឋបាលលោក ចូ បៃឌិន។ ទន្ទឹមនេះ ទីផ្សារនានានៅអាស៊ី បានព្យាករថា សំណើរបស់លោក ដូណាល់ ត្រាំ បេក្ខភាពមកពីគណបក្សសាធារណរដ្ឋ ដែលសុំដំឡើងពន្ធ៦០% លើទំនិញចិន និង២០% លើទំនិញនាំចូលផ្សេងៗទៀត អាចនឹងធ្វើឱ្យអតិផរណានៅសហរដ្ឋអាម៉េរិក កាន់តែអាក្រក់ទៅ កាត់បន្ថយលទ្ធភាពនៃការបញ្ចុះអត្រាការប្រាក់របស់ធនាគារកណ្ដាលអាម៉េរិក និងធ្វើឱ្យប្រាក់ដុល្លារឡើងថ្លៃ។

ទោះបីជាការស្ទង់មតិការបោះឆ្នោតបង្ហាញថា លោក ដូណាល់ ត្រាំ និងលោកស្រី កាម៉ាកា ហារីស ទទួលបានសំឡេងគាំទ្រយ៉ាងប្រកៀកប្រកិតគ្នាយ៉ាងណាក្ដី ក៏ទីផ្សារនានា បានដាក់ការរំពឹងទុកថា លោក ដូណាល់ ត្រាំ មានឱកាសឈ្នះច្រើនជាង។ ជាលទ្ធផល វិនិយោគិនកាន់តែច្រើនកំពុងពិចារណាថ្លឹងថ្លែង និងវាយតម្លៃថា តើការវិលត្រលប់មកកាន់តំណែងឡើងវិញរបស់ប្រធានាធិបតី ដូណាល់ ត្រាំ អាចជះផលប៉ះពាល់ដល់តំបន់អាស៊ី ក្នុងកម្រិតណា ពីព្រោះរបបពន្ធដែលលោកបានស្នើឡើងអាចធ្វើឱ្យពាណិជ្ជកម្មពិភពលោករងការរអាក់រអួល។ នេះបើយោងតាមការលើកឡើងរបស់ក្រុមអ្នកវិភាគ។

ជាការកត់សម្គាល់ លោក អាឡិច លូ (Alex Loo) អ្នកជំនាញផ្នែកយុទ្ធសាស្រ្តអត្រាប្តូរប្រាក់នៅក្រុមហ៊ុនហិរញ្ញវត្ថុកាណាដា TD Securities ប្រចាំនៅប្រទេសសិង្ហបុរី បានលើកឡើងថា អាស៊ីនឹងរងផលប៉ះពាល់ខ្លាំងជាងគេបំផុត ប្រសិនបើលោក ដូណាល់ ត្រាំ ឈ្នះការបោះឆ្នោត។ លោកបានវាយតម្លៃថា ប្រសិនបើលោក ដូណាល់ ត្រាំ ដាក់របបពន្ធ ឬដំឡើងពន្ធលើគ្រប់ទំនិញទាំងអស់ ដែលនាំចូលមកកាន់សហរដ្ឋអាម៉េរិក វានឹងប៉ះពាល់យ៉ាងខ្លាំងដល់បណ្តាប្រទេសអាស៊ី ដែលផ្តោតសំខាន់លើការនាំចេញ។

លោក ភីតទ័រ ឃីនសេឡា (Peter Kinsella) ប្រធានអ្នកជំនាញផ្នែកយុទ្ធសាស្រ្តអត្រាប្ដូរប្រាក់សកលនៅក្រុមហ៊ុនគ្រប់គ្រងទ្រព្យសកម្ម UBP នៅទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស បានកត់សម្គាល់ថា រូបិយប័ណ្ណយន់របស់ចិន នៅទីផ្សារក្នុងស្រុកអាចនឹងធ្លាក់ចុះមកនៅត្រឹមប្រមាណ៧,២០យន់ក្នុង១ដុល្លារអាម៉េរិក ពីអត្រាបច្ចុប្បន្ន៧,១១យន់ ក្នុង១ដុល្លារអាម៉េរិក ប្រសិនបើលោក ដូណាល់ ត្រាំ ឈ្នះការបោះឆ្នោត។

ក្រុមអ្នកវិភាគបានអះអាងថា អំឡុងសង្គ្រាមពាណិជ្ជកម្មឆ្នាំ២០១៨ ដល់ឆ្នាំ២០១៩ ប្រទេសចិន បានបញ្ចុះតម្លៃរូបិយប័ណ្ណរបស់ខ្លួន ដើម្បីទប់ទល់នឹងផលប៉ះពាល់បណ្ដាលមកពីការដំឡើងពន្ធរបស់សហរដ្ឋអាម៉េរិក។

យោងតាមរបាយការណ៍មួយ ដែលចងក្រងដោយក្រុមអ្នកជំនាញសេដ្ឋកិច្ចមកពីក្រុមហ៊ុនហិរញ្ញវត្ថុជប៉ុន Nomura Securities បង្ហាញថា ក្រុងប៉េកាំងអាចនឹងមានឆន្ទៈតិចជាងមុនក្នុងការអនុញ្ញាតឱ្យបញ្ចុះតម្លៃប្រាក់យន់ច្រើនធៀបនឹងប្រាក់ដុល្លារអាម៉េរិក ដោយសារតែប្រទេសចិន មានបំណងពង្រឹងរូបិយប័ណ្ណរបស់ខ្លួន និងរក្សាស្ថិរភាពទីផ្សារអចលនទ្រព្យ ព្រមទាំងហិរញ្ញវត្ថុរបស់ខ្លួន៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


IMF បន្ទាបការព្យាករកំណើនសេដ្ឋកិច្ចពិភពលោក ក្រោយមើលឃើញពីហានិភ័យនៃសង្រ្គាម

មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានបន្ទាបការព្យាករកំណើនសេដ្ឋកិច្ចពិភពលោកនៅឆ្នាំក្រោយ ក្រោយស្ថាប័នហិរញ្ញវត្ថុនេះមើលឃើញពីហានិភ័យនៃសង្គ្រាម …

តើមកទល់ពេលនេះបំណុលសាធារណៈរបស់រដ្ឋាភិបាលថៃ មានស្ថានភាពបែបណា?

ការិយាល័យគ្រប់គ្រងបំណុលសាធារណៈថៃ បានអះអាងថា បំណុលសាធារណៈរបស់រដ្ឋាភិបាលថៃ នៅពេលនេះមិនទាន់ឈានដល់កម្រិតគួរឱ្យព្រួយបារម្ភនៅឡើយទេ បើធៀបន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ