ការស្នើនេះធ្វើឡើងក្រោយអាស៊ានយល់ថា ម្ចាស់ពានរង្វាន់ណូបែលសន្តិភាពរូបនេះ ជាមនុស្សសំខាន់មួយរូប ដែលអាចដើរតួនាទីជួយឲ្យមីយ៉ាន់ម៉ាវិលត្រឡប់ទៅរកប្រក្រតីភាព និងការផ្សះផ្សាជាតិឡើងវិញ។ អាស៊ានជឿជាក់ថា ភាពតានតឹង និងជម្លោះនយោបាយនៅមីយ៉ាន់ម៉ានឹងមិនអាចដោះស្រាយបានឡើយ បើមិនបញ្ចូលភាគីជម្លោះមួយក្នុងសមីការដំណោះស្រាយ។ នេះបើយោងតាមលិខិតមួយរបស់ក្រសួងការបរទេសកម្ពុជា ដែលបានធ្វើឡើងនៅថ្ងៃទី២៧ខែមិថុនានេះ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាប្រេសិតពិសេសរបស់ប្រធានអាស៊ានស្តីពីមីយ៉ាន់ម៉ា បានផ្ញើលិខិតមួយទៅរដ្ឋមន្ត្រីការបរទេសមីយ៉ាន់ម៉ា នៅថ្ងៃទី ២៧ ខែមិថុនា ដោយបង្ហាញពីក្តីបារម្ភរបស់សហសេវិកអាស៊ានចំពោះហេតុការណ៍ ដែលបានកើនឡើងនៅមីយ៉ាន់ម៉ាកាលពីពេលថ្មីៗ។ ឯកឧត្តមអះអាងថា សហសេវិកអាស៊ានមានក្តីបារម្ភយ៉ាងខ្លាំងចំពោះរបាយការណ៍ស្តីពីការផ្ទេរលោកស្រី អោង សានស៊ូជី ពីលំនៅដ្ឋាននៅឃុំខ្លួននៅពន្ធនាគារក្នុងទីក្រុងណៃពិដោ។
ទន្ទឹមនឹងនេះក្នុងនាមប្រេសិតពិសេសរបស់ប្រធានអាស៊ាននៅឆ្នាំនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក៏បានទទូចឲ្យក្រុមប្រឹក្សារដ្ឋបាលរដ្ឋរបស់របបយោធាមីយ៉ាន់ម៉ា ជួយសម្របសម្រួលបញ្ជូនលោកស្រី អោង ស៊ានស៊ូជី ត្រឡប់ទៅលំនៅដ្ឋាន ដែលជាទីតាំងលោកស្រីត្រូវបានឃុំខ្លួនដំបូងវិញ។ ឯកឧត្តមបានបញ្ជាក់ក្នុងលិខិតយ៉ាងដូច្នេះថា៖«ខ្ញុំសូមលើកឡើងពីការទទូចរបស់សហសេវិកអាស៊ាន សូមឲ្យក្រុមប្រឹក្សារដ្ឋបាលរដ្ឋ នៃមីយ៉ាន់ម៉ា ប្រកាន់យកក្តីអនុគ្រោះ និងសម្រួលដល់ការវិលត្រឡប់របស់លោកស្រី អោងសាន ស៊ូជី ទៅកាន់លំនៅដ្ឋានដែលលោកស្រីត្រូវបានឃុំខ្លួនពីដំបូង ដោយហេតុផលសុខភាព និងសុខមាលភាពទ្រុឌទ្រោមរបស់លោកស្រី ក៏ដូចជាការអនុវត្តនីតិរដ្ឋប្រកបដោយយុត្តិធម៌ និងសុភវិនិច្ឆ័យ»។
សហសេវិកអាស៊ានយល់ថា ម្ចាស់ពានរង្វាន់ណូបែលសន្តិភាពរូបនេះ ត្រូវបានចាត់ទុកក្នុងរង្វង់អន្តរជាតិនិងដោយប្រជាជនមីយ៉ាន់ម៉ាថា មានតួនាទីដ៏សំខាន់ក្នុងការជួយដោះស្រាយបញ្ហានៅមីយ៉ាន់ម៉ា ឲ្យវិលទៅរកប្រក្រតីភាព និងផ្សះផ្សាជាតិឡើងវិញតាមរយៈដំណោះស្រាយនយោបាយដោយសន្តិវិធី។ នេះជាការគូសបញ្ជាក់របស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ដោយបន្ថែមថា៖«យើងទាំងអស់គ្នាមានទស្សនៈដូចគ្នាថា ការផ្សះផ្សាជាតិដោយសន្តិវិធី មិនអាចកើតឡើងបានឡើយ នៅពេលដែលភាគីមួយនៃជម្លោះ មិនត្រូវបានបញ្ចូលទៅក្នុងសមីការ (equation) ដំណោះស្រាយ»។
ទន្ទឹមនឹងនេះ សហសេវិកអាស៊ានទាំងអស់ ជំរុញឲ្យក្រុមប្រឹក្សារដ្ឋបាលរដ្ឋរបស់មីយ៉ាន់មា ចាប់ផ្ដើមដំណើរការនៃការផ្សះផ្សាជាតិប្រកបដោយបរិយាប័ន្ន ដោយគ្មានការពន្យារពេលបន្ថែមទៀតឡើយ។ ព្រោះដំណោះស្រាយនយោបាយដោយសន្តិវិធីចំពោះជម្លោះមួយ ទោះបីជាមានភាពស្មុគស្មាញយ៉ាងណាក៏ដោយ ត្រូវតែមានការចែករំលែកលំហនយោបាយដោយភាគីពាក់ព័ន្ធទាំងអស់៕